គ្រូបង្គោលម៉ុងហ្គោលីសរសើរក្រុមកម្ពុជាមានគុណភាពល្អជាងខ្លួន

ភ្នំពេញ៖ គ្រូ​បង្គោល​ក្រុម​ជម្រើសជាតិ​ម៉ុង​ហ្គោ​លី លោក Ichiro Otsuka ថ្លែង​ថា ក្រុមបាល់ទាត់​កម្ពុជា​ជា​ក្រុម​ដែល​ប្រសើរ​ជាង​ក្រុម​លោក ដោយ​លោក​ធ្លាប់​ស្គាល់​លោក Honda និង​លោក Felix Dalmas ច្បាស់ ដែល​មាន​របៀប​លេង​ស្រ​ដៀង​ជប៉ុន​។

នេះ​ជា​ការ​លើក​ឡើង​របស់​គ្រូ​បង្គោល​បាល់ទាត់​ក្រុម​ជម្រើសជាតិ​ម៉ុង​ហ្គោ​លី នៅ​ថ្ងៃ​ទី​០៦ ខែមិថុនា ឆ្នាំ​២០២៤ នៅ​ពហុ​កីឡដ្ឋាន​ជាតិ (​អូ​ឡាំ​ពិ​ក​) ក្នុង​សន្និសីទ​សារព័ត៌មាន​មុន​ការ​ប្រកួត​មិត្តភាព​អន្តរជាតិ (Vattanac International Match) វេលា​ម៉ោង ៦:០០​ល្ងាច ថ្ងៃ​ទី​៧ មិថុនា ឆ្នាំ​២០២៤ នៅ​ពហុ​កីឡដ្ឋាន​ជាតិ (​អូ​ឡាំ​ពិ​ក​)​។

លោក Ichiro Otsuka ថ្លែង​ថា បន្ថែម​ថា លោក​ជឿ​ថា ក្រុម​កម្ពុជា​មានគុណ​ភាពល្អ​។ ដូច្នេះ​ក្រុម​ម៉ុង​ហ្គោ​លី​រីករាយ ដែល​បាន​ប៉ះ​កម្ពុជា នា​ល្ងាច​ថ្ងៃស្អែក​នេះ ក្នុង​ជំនួប​មិត្តភាព​អន្តរជាតិ Vattanac International វេលា​ម៉ោង​៦​ល្ងាច ថ្ងៃ​ទី​៧​មិថុនា ស្អែក​នេះ នៅ​ស្តា​ត​អូ​ឡាំ​ពិ​ក​។ ជាមួយ​គ្នា​នេះ ប្រធាន​ក្រុម​ម៉ុង​ហ្គោ​លី កីឡាករ Bat Orgil Gerelt Od និយាយ​ថា យើង​នឹង​ព្យាយាម​រក​ជ័យជម្នះ ព្រោះ​យើង​មក​ទី​នេះ ដើម្បី​ឈ្នះ យើង​ចង់​បង្ហាញ​ពី​ជំនាញ​របស់​យើង​ថ្ងៃស្អែក​។

ក្នុង​ឱកាស​សន្និសីទ​សារព័ត៌មាន​នេះ​ដែរ លោក Felix Dalmas គ្រូ​បង្គោល​ជម្រើសជាតិ​កម្ពុជា​លើក​ឡើង​យ៉ាង​ដូច្នេះ​ថា ៖«​ការ​ប្រកួត​នេះ​នឹង​ក្លាយជា​ការ​ប្រកួត​ពិបាក ពួក​គេ​មាន​កាយសម្បទា​ល្អ និង​ធំ​។ ពួក​គេ​ក៏​មាន​កីឡាករ​ម្នាក់​លេង​នៅ​អឺរ៉ុប ហើយ​គេ​អាច​ជា​បញ្ហា​សម្រាប់​យើង​។ យើង​មាន​គម្រោង​ប្រកួត​របស់​យើង​។ ក្រុម​យើង​កាន់តែ​ប្រសើរ​ជាង​មុន ដោយសារ​ការ​ប្រកួត​មុន​ៗ​យើង​ប៉ះ​ក្រុម​ខ្លាំង ហើយ​យើង​បាន​រៀន​ពី​វា​ច្រើន​។ ខ្ញុំ​គិត​ថា​យើង​រួចរាល់ ដើម្បី​ការ​ប្រកួត​នេះ​»​។ បន្ថែម​ពីលើ​នេះ ប្រធាន​ក្រុម​កម្ពុជា កីឡាករ ធា​រី​ច​ន្ថា​ប៊ី​ន និយាយ​ថា ៖«​កីឡាករ​យើង​ត្រៀម​បាន​ល្អ​មែនទែន ដើម្បី​បង្ហាញខ្លួន ថ្ងៃស្អែក​។ យើង​ចង់​បង្ហាញ​លទ្ធផល​ល្អ ដើម្បី​អ្នកគាំទ្រ​។ ឆ្នាំ​មុន​លទ្ធផល​អត់​សូវ​ល្អ ដូច្នេះ​ក្រុម​កម្ពុជា​ត្រូវ​ខំប្រឹង ដើម្បី​អ្នកគាំទ្រ​សប្បាយចិត្ត​ឡើង​វិញ​។

គួរ​បញ្ជាក់​ថា សមាសភាព​កីឡាករ​ជម្រើសជាតិ​២៦​នាក់ គឺ​ត្រូវ​បាន​ក្រុម​គ្រូបង្វឹក​ដឹកនាំ​ដោយ​គ្រូ​បង្គោល​ជនជាតិ​អា​ហ្ស​ង់​ទី​ន គឺ​លោក Felix Dalmas ជ្រើសរើស​មក​ពី​ក្លឹ​ប​លី​គ​កំពូល​កម្ពុជា​ចំនួន​៧ ក្នុង​នោះ​មក​ពី​ក្លឹ​ប​ភ្នំពេញ​ក្រោ​ន ៧​នាក់​, បឹង​កេ​ត ៦​នាក់​, ព្រះ​ខ័ន​រាជ​ស្វាយ​រៀង ៥​នាក់ , វិសាខា ៣​នាក់​, ណា​ហ្គា​វើ​ល​ដ៍ ២​នាក់​, ក្លឹ​ប​ព្រៃវែង ២​នាក់ និង​មក​ពី​ក្លឹ​ប​ទ័ព ម្នាក់​។ នេះ​ជា​ការ​ប្រកួត​មិត្តភាព​អន្តរជាតិ​ដំបូង​គេ នៅ​ក្នុង​ទឹកដី នៃ​ឆ្នាំ​២០២៤ ហើយ​ក៏​ជា​លើក​ដំបូង នៃ​ពហុ​កីឡដ្ឋាន​ជាតិ​អូ​ឡាំ​ពិ​ក​ត្រូវ​បាន​បំពាក់​កៅអី​មាន​ខ្នងបង្អែក​តាម​រចនា​បទ​ដ៏​ស្រស់​ស្អាត និង​ស្តង់ដា​អន្តជាតិ ដែល​ជា​សិទ្ធិ​ផ្លូវការ​របស់​កម្ពុជា ក្នុង​ការ​លក់​សំបុត្រ​ជូន​អ្នកគាំទ្រ​៕

ប្រភព៖ AKP

Previous articlePremier League ប្រកាសផ្លូវការជុំវិញរឿងរក្សាទុក ឫក៏ដក VAR ចេញ
Next articleលោក Alessandro Nesta យល់ព្រមទៅដឹកនាំក្លឹបមួយនៅអ៊ីតាលី