ភ្នំពេញ៖ ម្ចាស់ផ្ទះកម្ពុជាបានត្រៀមអត្តពលិកលំដាប់ជួរមុខចំនួន១៦នាក់ ក្នុងការប្រកួតកីឡាយុទ្ធគុនចម្រុះជើងឯកអាស៊ី លើកទី២ នៅកម្ពុជា ដែលគ្រោងនឹងប្រព្រឹត្តទៅ ពីថ្ងៃទី១១ ដល់ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៤ ខាងមុខ នៅវិមានពហុកីឡដ្ឋានជាតិអូឡាំពិក ដោយពិធីបើកថ្ងៃទី១១កក្កដានឹងទទួលបានការផ្តល់កិត្តិយសដ៏ខ្ពង់ខ្ពស់ពីសម្តេចធិបតីនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត។
នេះបើតាមការបញ្ជាក់របស់ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) និងជារដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ក្នុងសន្និសីទសារព័ត៌មាន និងពិធីសម្ពោធជាផ្លូវការ នៃការចុះឈ្មោះចូលជាសមាជិក VIP Sports និងការលក់សំបុត្រដើម្បីចូលទស្សនាព្រឹត្តិការណ៍ដ៏ធំនេះ នៅទីស្នាក់ការ NOCC កាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤។
ឯកឧត្តម វ៉ាត់ ចំរើន មានប្រសាសន៍ថា គោលបំណងចម្បងៗនៃការទទួលរៀបចំធ្វើម្ចាស់ផ្ទះ ការប្រកួតកីឡាយុទ្ធគុនចម្រុះជើងឯកអាស៊ី លើកទី២ នៅកម្ពុជា លើកនេះ គឺទី១-រួមចំណែកជួយដល់កីឡាករ កីឡាការិនីយុទ្ធគុនចម្រុះកម្ពុជាឱ្យមានឱកាសចូលរួមប្រកួតកម្រិតខ្ពស់ ដោយហេតុថា កម្ពុជាមានប្រភពក្បាច់គុនដ៏ចំណាស់ ក្នុងប្រវត្តិសាស្ដ្រ។ ដូច្នេះនេះ គឺជាឱកាសដើម្បីជំរុញដល់ការអភិវឌ្ឍ និងលើកតម្កើងក្បាច់គុនបុរាណខ្មែរ តាមរយៈព្រឹត្តិការណ៍យុទ្ធគុនចម្រុះជើងឯកអាស៊ីនេះផងដែរ ។
ទី២-ការធ្វើសមាហរណកម្មក្បាច់គុន និងយល់ដឹងច្បាស់ពីក្រឹត្យក្រម នៃការប្រកួតកីឡាយុទ្ធគុនចម្រុះបែបកីឡា មានន័យថា ជាការប្រកួតតំណាងប្រទេសជាតិរៀងៗខ្លួន ដើម្បីដណ្ដើមកិត្តិយសជូនប្រទេសជាតិខ្លួន ស្របតាមគោលការណ៍ និងបទបញ្ញត្តិនៃការប្រកួតរបស់សហព័ន្ធកីឡាយុទ្ធគុនចម្រុះអាស៊ី ដើម្បីឆ្ពោះទៅរកការដាក់បញ្ចូលការប្រកួតកម្រិតអូឡាំពិក នាថ្ងៃអនាគត។
ក្រៅពីទិសដៅចម្បងទាំងនេះ ឯកឧត្តម វ៉ាត់ ចំរើន បន្ថែមទៀតថា ៖«ការធ្វើម្ចាស់ផ្ទះជើងឯកអាស៊ីនេះ ក៏ជា បើកទំព័រថ្មីមួយ ក្នុងការរុញយុទ្ធគុនចម្រុះកម្ពុជាឆ្ពោះទៅរកការអភិវឌ្ឍ និងរីកចម្រើន ក្រោមការគាំទ្រយ៉ាងពេញទំហឹងពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចធិបតីនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត។ បន្ទាប់ពីបញ្ចប់ការប្រកួតអន្តរជាតិ នៅកម្ពុជានេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានគាំទ្រឱ្យមានការរៀបចំយុទ្ធគុនចម្រុះនៃក្បាច់គុនបុរាណខ្មែររៀងរាល់ឆ្នាំ ដោយនេះគឺជាសញ្ញាណដ៏ល្អ ក្នុងការជំរុញឱ្យវិស័យកីឡាយុទ្ធគុនចម្រុះកម្ពុជាដើរឆ្ពោះទៅមុខ។
ចំពោះការចូលរួមទស្សនាការប្រកួតយុទ្ធគុនចម្រុះជើងឯកអាស៊ីនេះនឹងមានដាក់លក់សំបុត្រតាមអនឡាញ លើគេហរទំព័រ VIP Sports។ ការដាក់លក់សំបុត្រនេះ គឺដើម្បីរក្សាបាននូវគុនតម្លៃកីឡា ពិសេសប្រភេទកីឡាក្បាច់គុនបុរាណខ្មែរ។ ម្យ៉ាងការលក់សំបុត្រតាមអនឡាញ ក៏ដើម្បីផ្ដល់ភាពងាយស្រួលដល់ទស្សនិកជន ដែលចង់ជាវចូលទស្សនាផងដែរ ដើម្បីចៀងវាងនូវការបន្លំផ្សេងៗជាដើម ដោយកៅអីអង្គុយទស្សនា ក្នុងវិមានពហុកីឡដ្ឋានជាតិអូឡាំពិកមានប្រមាណ ៣០០០កៅអី។
គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤ មាន១៧ប្រទេសហើយ ដែលបានចុះឈ្មោះចូលរួមការប្រកួតយុទ្ធគុនចម្រុះជើងឯកអាស៊ី លើកទី២ នៅកម្ពុជា ខណៈម្ចាស់ផ្ទះកម្ពុជាបានបង្ហាញសមាសភាពកីឡាករ កីឡាការិនី សរុប១៦នាក់ ដើម្បីត្រៀមទទួលស្វាគមន៍អត្តពលិកមកពីបណ្ដាប្រទេសផ្សេងៗ ក្នុងទ្វីបអាស៊ី។ កីឡាករ កីឡាការិនីទាំង១៦នាក់ រួមមាន៖ កីឡាករ ផេង សុបញ្ញា, ឡុង ឡា, រិន សារ័ត្ន, ហ៊ុន គឹមហៀង, មាស ម៉ើ, សែន ច័ន្ទរិទ្ធីគុណ (Thiago), ហ៊ុន ចន្ទរាជ, ចាន់ សំអាត, ចាន់ រតនា, អេ វីរៈខាំឈីតភូថង និងកីឡាករ ហាត ភី។ កីឡាការិនី ខៀវ ចិន្ដារ័ត្ន, នៅ ស្រីពៅ, គន្ធ វ៉ាន់នីតា, អ៊ុំ ថារ័ត្ន និងកីឡាការិនី ទួន ស្រីភីន៕
ប្រភព៖ AKP