វីរកីឡាករ សាលី អ៊ូមើត ប្តេជ្ញាយកពានកីឡាម៉ូតូទឹកជើងឯកអាស៊ី និងពានពិភពលោក មកដីកម្ពុជា

ភ្នំពេញ៖ វីរ​កីឡាករ សាលី អ៊ូ​មើ​ត បាន​ដឹកនាំ​កីឡាករ​ជម្រើសជាតិ​ម៉ូតូ​ទឹក​កម្ពុជា​មក​ដល់​មាតុប្រទេស​វិញ​ហើយ កាលពី​ល្ងាច​ថ្ងៃ​ទី​១៣ ខែមិថុនា ឆ្នាំ​២០២៤ ជាមួយ​ការ​ដណ្តើម​បាន​លទ្ធផល​ល្អ​ចំណាត់ថ្នាក់​លេខ​១ ចំនួន​៣​វិញ្ញាសា ចំណាត់ថ្នាក់​លេខ​២ (១​វិញ្ញាសា​) និង​ចំណាត់ថ្នាក់​លេខ​៣ (១​វិញ្ញាសា​) ក្នុង​ការ​ប្រកួត​កីឡា​ម៉ូតូ​ទឹក​ជើងឯក​អាស៊ី (​ជុំ​ទី​១) នៅ​ប្រទេស​ជប៉ុន ហើយ​កីឡាករ​ឆ្នើម​របស់​កម្ពុជា​រូប​នេះ​បង្ហាញ​ការ​តាំងចិត្ត​ដ៏​មោះមុត​ថា ខ្លួន​នឹង​ប្រឹង​ឱ្យ​អស់ពី​សមត្ថភាព ដើម្បី​នាំ​យក​ពានរង្វាន់​ជើងឯក​អាស៊ី និង​ពានរង្វាន់​ពិភពលោក (World Series) មក​ទឹកដី​កម្ពុជា​។

វីរ​កីឡាករ សាលី អ៊ូ​មើ​ត បាន​ប្តេជ្ញា​ចិត្ត​យ៉ាង​មុតមាំ​យ៉ាង​ដូច្នេះ​ថា ៖«​សម្រាប់​ខ្ញុំ​ផ្ទាល់ ដែល​ជា​អ្នកដឹកនាំ​កីឡាករ​ចូលរួម​ការ​ប្រកួត​ផ្ទាល់ ខ្ញុំ​ពិតជា​សប្បាយ​ចិត្តខ្លាំង​ណាស់​។ ជា​ឧបសគ្គ គឺ​ម៉ូតូ​ទឹក​មាន​លក្ខណៈ​ចាស់ ដែល​ក្រុម​ជាង​បាន​ជួសជុល​មួយ​យប់​ទល់​ភ្លឺ មិន​បាន​ដេក ហើយ​វា​ត្រូវ​បាន​ជួសជុល​ឡើង​វិញ​បាន​ទើប​អាច​បន្ត​ការ​ប្រកួត​បាន​។ ខ្ញុំ​ចង់​ដណ្តើម​ពានរង្វាន់​ជើងឯក​អាស៊ី និង​ពាន World Series យក​មក​ជូន​ជាតិ​កម្ពុជា​។ ឆ្នាំ​នេះ ខ្ញុំ​តាំងចិត្ត​ថា នឹង​ប្រឹងប្រែង​ហ្វឹកហាត់​ឱ្យ​បាន​ខ្លាំងក្លា ជាមួយ​សិស្ស​ប្អូន​របស់ខ្ញុំ ហើយ​យើងខ្ញុំ​នឹង​ប្រឹងប្រែង​ឱ្យ​អស់ពី​សមត្ថភាព ដើម្បី​ស្វែងរក​ស្នាដៃ​ជូន​ប្រទេស​ជាតិ​យើង តាម​រយៈ​ការ​ចូលរួម​ប្រកួត​យក​ពាន​ជើងឯក​អាស៊ី និង​ពានរង្វាន់​កម្រិត​ពិភពលោក World Serie​។ ខ្ញុំ​ប្តេជ្ញា​ថា​នឹង​ប្រឹង​យក​ពាន​ទាំង​ពីរ​នេះ​មក​ដឹក​ដី​កម្ពុជា​ឱ្យ​ទាល់តែ​បាន​»​។

កីឡាករ​ម៉ូតូ​ទឹក​ជម្រើសជាតិ​កម្ពុជា​ដ៏​ឆ្នើម​រូប​នេះ​គូសបញ្ជាក់​ទៀត​ថា ការ​ចូលរួម​ប្រកួត​កីឡា​ម៉ូតូ​ទឹក​ជើងឯក​អាស៊ី នៅ​ក្រុង​អូ​សា​កា ប្រទេស​ជប៉ុន នា​ពេ​លេ​នះ គឺ​ក្រុម​ជម្រើសជាតិ​ម៉ូតូ​ទឹក​កម្ពុជា​ពិតជា​ទទួល​បាន​លទ្ធផល​ល្អ​ប្រសើរ ដោយ​កម្ពុជា​បាន​បញ្ជូន​កីឡាករ​ទៅ​ចូលរួម​មាន​ចំនួន​តិច​ត្រឹម​៥​នាក់ ប៉ុន្តែ​កីឡាករ​យើង​សុទ្ធតែ​ទទួល​បាន​លទ្ធផល​ល្អ​ដូច​ៗ​គ្នា ហើយ​បាន​ប្រកួតប្រជែង​ជាមួយ​កីឡាករ​ខ្លាំង​ៗ​ជា​ច្រើន​ប្រទេស​។ ជា​លទ្ធផល គឺ​ម៉ូតូ​ទឹក​កម្ពុជា​ដណ្តើម​បាន​លទ្ធផល​ល្អ​ចំណាត់ថ្នាក់​លេខ​១ (៣​វិញ្ញាសា​) ចំណាត់ថ្នាក់​លេខ​២ (១​វិញ្ញាសា​) និង​ចំណាត់ថ្នាក់​លេខ​៣ (១​វិញ្ញាសា​)​។ នៅ​ក្នុង​ដំណើរ​វិល​ត្រឡប់​មក​ដល់​មាតុប្រទេស​វិញ​ទទួល​បានការ​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ពី​ឯកឧត្តម ណុះ ស្លេះ ប្រធាន​សហព័ន្ធ​កីឡា​ម៉ូតូ​ទឹក​កម្ពុជា និង​តំណាង​ក្រសួង​អប់រំ យុវជន និង​កីឡា​។

ការ​ប្រកួត​កីឡា​ម៉ូតូ​ទឹក​ជើងឯក​អាស៊ី នៅ​ប្រទេស​ជប៉ុន (​ជុំ​ទី​១) (Asian Championship) ឆ្នាំ​២០២៤ មាន​កីឡាករ​មក​ពី​១៧​ប្រទេស​ចូលរួម ខណៈ​កម្ពុជា​បញ្ជូន​កីឡា​៥​នាក់ និង​គ្រូបង្វឹក​១ គ្រូ​ជំនួយ​១ និង​ប្រតិភូ​២​នាក់ មាន​វីរ​កីឡាករ សាលី អូ​ម៉ើ​ត​, មីន ម៉ូ​ស្តា​ន់​, មីន អូ​ស្មាន់​, កៃ​វ៉ា​ន់ ស៊ី​ដែន និង​កីឡាករ​សាលី ហ្វី​លី​ន​។ ជា​លទ្ធផល វីរ​កីឡាករ សាលី អូ​ម៉ើ​ត លេខ​១ វិញ្ញាសា Sport GP, កីឡាករ សាលី ហ្វី​លី​ន ចំណាត់ថ្នាក់​លេខ​១ លើ​វិញ្ញាសា Expert Runabout 1100 Stock, កីឡាករ មីន អូ​ស្មាន់ លេខ​១ លើ​វិញ្ញាសា Novice Ski Stock, កីឡាករ កៃ​វ៉ា​ន់ ស៊ី​ដែន លេខ​២ លើ​វិញ្ញាសា Novice Ski Stock, កីឡាករ មីន ម៉ូ​ស្តា​ន លេខ​៣ លើ​វិញ្ញាសា Novice Runabout 1100 Open​។

គួរ​បញ្ជាក់​ថា ការ​ប្រកួត​កីឡា​ម៉ូតូ​ទឹក​ជើងឯក​អាស៊ី នៅ​ប្រទេស​ជប៉ុន គឺជា​ការ​ប្រកួត​ជុំ​ទី​១ ហើយ​ត្រូវ​បន្ត​នៅ​ជុំ​ផ្តាច់ព្រ័ត្រ នៅ​ប្រទេស​ថៃ នា​ថ្ងៃ​ទី​១១-១៥ ខែធ្នូ ឆ្នាំ​២០២៤​។ ចំពោះ​ការ​ប្រកួត​កីឡា​ម៉ូតូ​ទឹក​កម្រិត​ពិភពលោក (World Series) ត្រូវ​ប្រកួត​ចំនួន​៣​ជុំ ដោយ​ចាប់ផ្តើម​នៅ​ប្រទេស​ប៉ូ​ឡូញ សម្រាប់​ជុំ​ទី​១ នា​ថ្ងៃ​ទី​២៤-២៨ ខែកក្កដា ឆ្នាំ​២០២៤​។ ជុំ​ទី​២ ប្រកួត​នៅ​ទឹកដី​សហរដ្ឋអាមេរិក ពី​ថ្ងៃ​ទី​០៧-១៣ ខែតុលា ឆ្នាំ​២០២៤ និង​ជុំ​ទី​៣ ដែល​ជា​ជុំ​ផ្តាច់ព្រ័ត្រ គ្រោង​នឹង​ធ្វើ​ឡើង​នៅ​ប្រទេស​ថៃ នា​ថ្ងៃ​ទី​១១-១៥ ខែធ្នូ ឆ្នាំ​២០២៤​ជាមួយនឹង​ការ​ប្រកួត​ជុំ​ផ្តាច់ព្រ័ត្រ​នៃ​ជើងឯក​អាស៊ី​នេះ​ដែរ​៕

ប្រភព៖ AKP

Previous articleឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ៖ ពានរង្វាន់ឯកអគ្គរដ្ឋទូតកូរ៉េ ជាការវាស់ស្ទង់សមត្ថភាព ត្រៀមឆ្ពោះធ្វើម្ចាស់ផ្ទះ កីឡាយុវជនអាស៊ី ២០២៩
Next articleកីឡាករ Yamal បានបំបែកកំណត់នៅ Euro ២០២៤ ក្រោយការបង្ហាញខ្លួនអោយអេស្ប៉ាញយប់មិញ