ភ្នំពេញ៖ សហព័ន្ធកីឡាកាយវប្បកម្ម និងលំហាត់ប្រាណកម្ពុជាគ្រោងនឹងបញ្ជូនប្រតិភូ ចៅក្រមអន្តរជាតិ គ្រូបង្វឹក និងកីឡាករកាយវប្បកម្មចំនួន ៤ នាក់ទៅចូលរួមការប្រកួតជ្រើសរើសជើងឯកកីឡាកាយវប្បកម្មអាស៊ី (56th ASIAN BODYBUILDING AND PHYSIQUE SPORTS CHAMPIONSHIPS) លើកទី៥៦ ដែលគ្រោងធ្វើឡើងពីថ្ងៃទី0៦-១២ ខែសីហា ឆ្នាំ២០២៤ នៅប្រទេសឥណ្ឌូណេស៊ី។
លោក តិក ប៊ុនវី ប្រធានសហព័ន្ធកីឡាកាយវប្បកម្ម និងលំហាត់ប្រាណកម្ពុជា និងចៅក្រមអន្តរជាតិបានប្រាប់គូសបញ្ជាក់ថា សហព័ន្ធបានដាក់លិខិតស្នើសុំជូនដល់ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីសួងអប់រំ យុវជន និងកីឡា រួចហើយអមជាមួយលិខិតអញ្ជើញរបស់សហព័ន្ធកីឡាកាយវប្បកម្ម និងលំហាត់ប្រាណអាស៊ី (ABBF)។
សហព័ន្ធកីឡាកាយវប្បកម្ម និងលំហាត់ប្រាណកម្ពុជា គោរពស្នើសុំជាគោលការណ៍ ក្នុងការបញ្ជូនប្រតិភូ ចៅក្រមអន្តរជាតិរបស់កម្ពុជាម្នាក់ គ្រូបង្វឹកម្នាក់ និងកីឡាករកាយវប្បកម្ម២នាក់ទៅចូលរួមការប្រកួតកីឡាកាយវប្បកម្ម ជើងឯកអាស៊ី លើកទី៥៦ ពីថ្ងៃទី០៦-១២ ខែសីហា ឆ្នាំ២០២៤ នៅប្រទេសឥណ្ឌូណេស៊ី។ ប្រតិភូកីឡាកាយវប្បកម្មកម្ពុជា៤នាក់ រួមមាន លោក តិក ប៊ុនវី ជាប្រធានប្រតិភូដឹកនាំ និងជាចៅក្រមអន្តរជាតិ លោកស្រី អេមី សារីរ៉ុមគ្រូបង្វឹក កីឡាករ ស្រ៊ិន រាជ្យ និងកីឡាករ ឃូ ឃាងហ៊ុយ។
លោក តិក ប៊ុនវី សង្កត់ធ្ងន់ថា ក្នុងការចូលរួមប្រកួតនេះ សហព័ន្ធកីឡាកាយវប្បកម្ម និងលំហាត់ប្រាណកម្ពុជា ជាអ្នកទទួលរ៉ាប់រងលើថ្លៃធ្វើដំណើរ ហូបចុក ស្នាក់នៅ និងទិដ្ឋាការក្នុងអំឡុងពេលប្រកួតទាំងអស់។ កីឡាករ ស្រ៊ិន រាជ្យ ប្រកួតលើកវិញ្ញសា Men’s sport physique up to 180cm និងកីឡាករ ឃូ ឃាងហ៊ុយ ប្រកួតលើកវិញ្ញសា Men’s sport physique over 180cm។
គួររម្លឹកថា កាលពីខែឧសភា ឆ្នាំ២០២៤ ប្រភិភូកីឡាកាយវប្បកម្មកម្ពុជាទើបនឹងចូលរួមប្រកួត និងដណ្តើមបានមេដាយប្រាក់២គ្រឿង និងពានកីឡាករឆ្នើម ២ទៀតពីការប្រកួតកីឡាកាយវប្បកម្មជើងឯកអាស៊ីអាគ្នេយ៍ នៅប្រទេសឡាវ៕
ប្រភព៖ AKP