ភ្នំពេញ៖ ក្រុមបាល់ទះជម្រើសជាតិកម្ពុជាអាយុក្រោម២០ឆ្នាំ (U20) បានចាកចេញពីមាតុប្រទេសទៅកាន់ប្រទេសថៃ ដើម្បីប្រកួតជាមួយក្រុមU20 វៀតណាម នាថ្ងៃទី២៥ ខែមិថុនា ដើម្បីប្រជែងកៅអីឡើងទៅវគ្គចែកពូល ជើងឯកអាស៊ី ក្រោម២០ឆ្នាំ ឆ្នាំ២០២៤ ដែលគ្រោងនឹងចាប់ផ្តើមពីថ្ងៃទី២៣-៣០កក្កដា ឆ្នាំ២០២៤ នៅប្រទេសឥណ្ឌូណេស៊ី។
នេះជាការប្រកួតជម្រុះរវាងក្រុមU20 កម្ពុជា និងក្រុម U20 វៀតណាម ប្រចាំតំបន់អាស៊ាន ហើយក្រុមណាឈ្នះនឹងចូលទៅវគ្គចែកពូល ក្នុងពូល D ដែលមាន៣ក្រុមរង់ចាំស្រាប់ ដូចជាក្រុមថៃ កូរ៉េខាងត្បូង និងកាហ្សាក់ស្ថាន បន្ទាប់ពីបានយកឈកឈ្នះក្រុមអ៊ូសបេគីស្ថាន នៅវគ្គជម្រុះដូចគ្នា។
ថ្លែងមុនចេញដំណើរ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ កាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៤ លោកបណ្ឌិត អាំង សិរីពិសិដ្ឋ អនុប្រធាន និងជាអគ្គលេខាធិការ សហព័ន្ធកីឡាបាល់ទះកម្ពុជាគូសបញ្ជាក់ថា នេះជាលើកប្រវត្តិសាស្ត្រថ្មីលើដំបូង ដែលសហព័ន្ធបានបោះជំហានចូលរួមប្រកួតឈុតយុវជនក្រោម២០ឆ្នាំ ក្នុងវគ្គជម្រុះប្រចាំតំបន់ ដើម្បីឈានចូលក្នុងជើងឯកអាស៊ីU20 ឆ្នាំ២០២៤ ក្រោមការជំរុញលើកទឹកចិត្តពីឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រធានសហព័ន្ធបាល់ទះកម្ពុជា។
លោកបណ្ឌិតគូសបញ្ជាក់ថា ៖«បើទោះបីជាការប្រមូលផ្តុំហ្វឹកហាត់U20 កម្ពុជាទើបតែបាន ៦សប្តាហ៍ក្តី ប៉ុន្តែខ្ញុំជឿជាក់ថា អត្តពលិកបាល់ទះកម្ពុជានឹងដាក់ចិត្តដាក់កាយប្រឹងប្រែងប្រកួតដណ្តើមកៅអីជាមួយក្រុមU20 វៀតណាម នៅទឹកដីប្រទេសថៃ នាថ្ងៃទី២៥ខែមិថុនា ស្អែកនេះ។ ខ្ញុំជឿជាក់ថា អត្តពលិកទាំង១២នាក់តំណាងឱ្យប្រទេសកម្ពុជាទាំងមូលនឹងធ្វើបានល្អ ហើយនឹងធ្វើឱ្យបងប្អូនប្រជាពលរដ្ឋសាទរ និងរីករាយចំពោះការលេងរបស់ពួកកាត់នៅលើទីលាន»។
លោកអនុប្រធានសហព័ន្ធបន្ថែមថា តាមរយៈការប្រកួតមិត្តភាពជាមួយក្លឹបធំៗក្នុងស្រុក ឃើញថា ក្រុមU20 កម្ពុជាមានសិទ្ធផលគួរឱ្យកត់សម្គាល់។ ទោះយ៉ាងនេះក្តី លោកបណ្ឌិត អាំង សិរីពិសិដ្ឋ បានបង្ហាញក្តីបារម្ភដែរថា ក្រុមU20 កម្ពុជាទើបនឹងចូលរួមប្រកួតកម្រិតអន្តរជាតិជាលើកដំបូង ជាពិសេសនៅក្រៅទឹកដីតែម្តង។ «យ៉ាងណា ខ្ញុំរពឹងជឿជាក់ថា តាមរយៈការប្រមូលផ្តុំហ្វឹកហាត់ និងការប្រកួតមិត្តភាពជាមួយក្លឹបធំៗក្នុងស្រុកនានា គឺក្រុមចម្រើសជាតិU20 កម្ពុជានឹងអាចផ្តោតអារម្មណ៍ក្នុងការប្រកួតឱ្យបានល្អប្រសើរ»។
ជាមួយគ្នានេះ លោកបណ្ឌិត អាំង សិរីពិសិដ្ឋ សង្កត់ធ្ងន់ថា ៖«សម្រាប់ការប្រកួតកម្រិតណាក្តី បើទោះបីជាក្រុមU20វៀតណាម ខ្លាំងណាក្តី គឺយើងទៅរកជ័យជម្នះ មិនមែនទៅរកបទពិសោធន៍ទេ បើទោះបីជាការប្រមូលផ្តុំត្រឹម៦សប្តាហ៍ក្តី ក៏យើងត្រូវតែផ្តល់ក្តីសង្ឃឹមឱ្យខ្លួនយើង និងត្រូវផ្តល់ក្តីសង្ឃឹមជូនដល់ប្រជាពលរដ្ឋខ្មែរទាំង១៧លាននាក់។ ដូច្នេះ ទាំងគ្រូបង្វឹក កីឡាករទាំងអស់ រួមទាំងថ្នាក់ដឹកនាំសហព័ន្ធ គឺយើងនៅតែមានក្តីសង្ឃឹម»៕
ប្រភព៖ AKP