ក្រុម U16 កម្ពុជា វាយបកតាមស្មើជាមួយក្រុមវៀតណាម នៃវគ្គសន្សំពិន្ទុពូល B នៃជើងឯកអាស៊ាន ASEAN U16 Boys’ Championship 2024

ឥណ្ឌូនេស៊ី៖ ក្រុម​ជម្រើសជាតិ​កម្ពុជា​អាយ​ក្រោម​១៦​ឆ្នាំ (U16) តាម​បាន​ស្មើ ១​ទល់​១ ជាមួយ​ក្រុម​ជម្រើសជាតិ U16 វៀតណាម កាលពី​យប់​ថ្ងៃ​ទី​២៥ ខែមិថុនា ឆ្នាំ​២០២៤ នៅ​ក្នុង​ការ​ប្រកួត​សន្សំ​ពិន្ទុ​ក្នុង​ពូ​ល B នៃ​ពានរង្វាន់​ជើងឯក​អាស៊ាន​ក្រោម​១៦​ឆ្នាំ (ASEAN U16 Boys’ Championship 2024) នៅ​កីឡដ្ឋាន​SRIWEDARI ប្រទេស​ឥណ្ឌូ​ណេ​ស៊ី​។

នៅ​ក្នុង​ការ​ប្រកួត​យ៉ាង​ស្វិតស្វាញ​នេះ ក្រុម​កម្ពុជា និង​វៀតណាម រក្សា​បាន​លទ្ធផល​ស្មើគ្នា ០​ទល់​០ នៅ​ក្នុង​វគ្គ​ទី​១ ហើយ​ចូល​ដល់​វគ្គ​ទី​២ នៅ​នាទី​៥៧ កីឡាករ Nguyen Viet Long របស់​ក្រុម​វៀតណាម​បាន​បើក​ការ​នាំមុខ​លើ​ក្រុម​កម្ពុជា ១​ទល់​០​។ ប៉ុន្តែ​នៅ​៥​នាទី​បន្ទាប់ ពោល​គឺ​នៅ​នាទី​៦២ កីឡាករ ផា​ន វី​រៈ របស់​កម្ពុជា​បាន​ប្រើ​ក្បាល​បញ្ចូល​ទី​បាន​សម្រេច​តាម​ស្មើ​វិញ ១​ទល់​១ បន្ទាប់​ពី​ទាត់​បាល់​បំ​ផ្លោង​ចេញពី​ជ្រុង​បាន​យ៉ាង​ល្អ​ពី​មិត្ត​រួម​ក្រុម​។ លទ្ធផល ១-១ របស់​ក្រុម​យុវជន​ទាំង​ពីរ​រក្សា​បាន​រហូត​ដល់​បញ្ចប់​ការ​ប្រកួត​ពេញ​ម៉ោង ៩០​នាទី​។ ដូច្នេះ ក្រុម​កម្ពុជា​រកបាន​១​ពិន្ទុ​បន្ថែម ក្នុង​ជំនួប​ប្រកួត​ទី​២ ក្នុង​វគ្គ​សន្សំ​ពិន្ទុ​ប្រចាំ​ពូ​ល B​នេះ​។

ឆ្លងកាត់​២​ប្រកួត ក្នុង​ពូ​ល B នេះ គឺ​ក្រុម​វៀតណាម ឈរ​នៅ​លេខ​១ បណ្តោះអាសន្ន ដោយ​មាន​៤​ពិន្ទុ ឈ្នះ​១​ប្រកួត​ជាមួយ​ក្រុម​ប្រ៊ុ​យ​ណេ ១៥-០ និង​ស្មើ​១​ជាមួយ​ក្រុម​កម្ពុជា​។ ក្រុម​កម្ពុជា ឈរ​លេខ​២​បណ្តោះអាសន្ន មាន​៤​ពិន្ទុ​ដែរ ដោយ​ឈ្នះ​១​ប្រកួត​ជាមួយ​ក្រុម​មី​យ៉ា​ន់​ម៉ា ២-១ និង​ស្មើ​១​ជាមួយ​វៀតណាម ស្រប​ពេល​ដែល មី​យ៉ា​ន់​ម៉ា ឈរ​លេខ​៣ និង​ប្រ៊ុ​យ​ណេ ឈរ​លេខ​៤​។

ចំពោះ​១​ប្រកួត​ចុង​ក្រោយ​របស់​ក្រុម​U16 កម្ពុជា ប្រចាំ​ពូ​ល B នឹង​ត្រូវ​ជួប​ប្រកួត​ជាមួយ​ក្រុម ប្រ៊ុ​យ​ណេ នា​ថ្ងៃ​ទី​២៨ ខែមិថុនា ឆ្នាំ​២០២៤​។ ចំពោះ​តារាង​ចំណាត់ថ្នាក់​លេខ​២​ល្អ​ផ្តាច់​គេ (​បណ្តោះអាស្ន​) នៃ​ពូ​ល​ទាំង​៣ រួម​មាន​៖ ក្រុម​ឡាវ (​ពូ​ល A) ឈរ​លេខ​១ មាន​៦​ពិន្ទុ​, ក្រុម​កម្ពុជា (​ពូ​ល B) ឈរ​លេខ​២ មាន​៤​ពិន្ទុ និង​ក្រុម​ថៃ (​ពូ​ល C) ឈរ​លេខ​៣ (​ពូ​ល C) ទើប​លេង​បាន​១​ប្រកួត មាន​១​ពិន្ទុ​។

ព្រឹត្តិការណ៍ ASEAN U16 Boys’ Championship 2024​នេះ មាន​១២​ក្រុម​ចូលរួម ដោយ​ចែក​ជា​៣​ពូ​ល ដោយ​ក្រុម​ចំណាត់ថ្នាក់​លេខ​១ ប្រចាំ​ពូ​ល​ទាំង​៣​ត្រូវ​ឡើង​ទៅ​កាន់​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ដោយ​ស្វ័យប្រវត្តិ រីឯ​១​ទៀត គឺជា​ក្រុម​លេខ​២​ល្អ​ផ្តាច់​គេ (១​ក្រុម​) នៃ​ពូ​ល​ទាំង​៣​នឹង​បាន​ឡើង​ទៅ​កាន់​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​៕

ប្រភព៖ AKP

Previous articleកីឡាករ Off-Road កម្ពុជា ៖ កីឡាករបរទេសចាត់ទុកថា កម្ពុជាជាបន្លាក្នុងកែវភ្នែកក្នុងការប្រកួតមិនដូចពីមុន បន្ទាប់ពីកម្ពុជាសាងបានសមិទ្ធផលល្អៗជូនជាតិ
Next articleទីបំផុត Ashley Young សម្រេចចិត្តអំពីអនាគតខ្លួននៅ Everton ហើយ