ឥណ្ឌូណេស៊ី៖ ការប្រកួតកីឡាសាកលវិទ្យាល័យអាស៊ាន (ASEAN University Games) លើកទី២១ ឆ្នាំ២០២៤ ដែលប្រទេសឥណ្ឌូណេស៊ីធ្វើម្ចាស់ផ្ទះបានដំណើរការពិធីបើកជាផ្លូវការ ខណៈកម្ពុជាបានបញ្ជូនប្រតិភូ កីឡាករ កីឡាការិនីសរុប៤៥រូបលើ៦ប្រភេទកីឡា។
៦ប្រភេទកីឡារបស់កម្ពុជា ដែលមានកីឡាករ កីឡាការិនីជានិស្សិតនោះ រួមមាន ប្រភេទកីឡាប៉េតង់ តេក្វាន់ដូ WT អត្តពលកម្ម ការ៉ាតេ ហែលទឹក និងយូដូ ដោយមានប្រតិភូសរុបចំនួន៤៥រូប ដែលដឹកនាំដោយឯកឧត្តម កែ ប៊ុនខៀង រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានប្រតិភូ ឯកឧត្តម ប៉ុន សុន អគ្គនាយកកីឡាទទួលបន្ទុកអនុប្រធានប្រតិភូ និងឯកឧត្តម ព្រំ ប៊ុណ្ណយី ទីប្រឹក្សាក្រសួងអប់រំ យុវជន និងកីឡា ជានាយបេសកកម្ម។
ថ្លែងក្នុងឱកាសបើកជាផ្លូវការ ឯកឧត្តម Dito Ariotedjo រដ្ឋមន្ត្រីក្រសួងយុវជន និងកីឡាឥណ្ឌូណេស៊ីសង្ឃឹមថា ប្រទេសឥណ្ឌូណេស៊ី ក្នុងនាមជាម្ចាស់ផ្ទះអាចបង្កើតស្នាដៃប្រកបដោយមោទនភាព ហើយក្នុងនាមជាម្ចាស់ផ្ទះ ឥណ្ឌូណេស៊ីបានត្រៀមខ្លួនរួចជាស្រេច ក្នុងការស្វាគមន៍បដិសណ្ឋារកិច្ចដ៏កក់ក្តៅ និងស្រស់ស្អាតសម្រាប់ប្រតិភូកីឡាចូលរួមក្នុងអាស៊ានទាំងអស់។ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងយុវជន និងកីឡា ជឿជាក់ថា តាមរយៈព្រឹត្តិការណ៍នេះ អត្តពលិកឥណ្ឌូណេស៊ីអាចពង្រីកទំនាក់ទំនង និងកសាងមិត្តភាពជាមួយអត្តពលិកមកពីប្រទេសផ្សេងៗ។ «ខ្ញុំប្រាកដណាស់ថា តាមរយៈស្មារតីនៃការប្រកួតនេះ អ្នកនឹងមិនត្រឹមតែឈ្នះមេដាយប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងប្រើប្រាស់វា ដើម្បីពង្រីកទំនាក់ទំនង កសាងមិត្តភាព និងគោរពគ្នាទៅវិញទៅមកផងដែរ»។
គួរបញ្ជាក់ថា ព្រឹត្តិការណ៍សាកលវិទ្យាល័យអាស៊ាន លើកទី២១ ដំណើរការពីថ្ងៃទី២៥ ដល់ថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៤ ដោយ៦ប្រភេទកីឡារបស់កម្ពុជា ដែលចូលរួមប្រកួត រួមមាន៖ ប្រភេទកីឡាប៉េតង់ មានគ្រូបង្វឹក កីឡាករ កីឡាការិនី សរុប ១៤នាក់, តេក្វាន់ដូ WT មានគ្រូបង្វឹក កីឡាករ កីឡាការិនី ៦នាក់, ការ៉ាតេ មានគ្រូបង្វឹក អាជាកណ្តាល និងកីឡាការិនី៥នាក់, អត្តពលកម្ម មានគ្រូបង្វឹក និងកីឡាករ ៤នាក់, ហែលទឹក មានគ្រូបង្វឹក កីឡាករ កីឡាការិនី ៤នាក់ និងប្រភេទកីឡាយូដូ មានគ្រូបង្វឹកម្នាក់ និងកីឡាការិនីម្នាក់៕