ប្រតិភូកីឡារាំកម្ពុជាមកដល់មាតុប្រទេសវិញ ក្រោយឈ្នះមេដាយ១៧គ្រឿងពីការប្រកួតអន្តរជាតិ នៅវៀតណាម

ភ្នំពេញ៖ ប្រតិភូ គ្រូបង្វឹក កីឡាករ កីឡាការិនី​សរុប ២២​នាក់​បាន​វិល​ត្រឡប់​តាម​រថយន្តក្រុង​មក​ដល់​មាតុប្រទេស​វិញ កាលពី​ព្រលប់​ថ្ងៃ​ទី​១៦ ខែកក្កដា ឆ្នាំ​២០២៤ ក្រោយ​ឈ្នះ​មេដាយ​សរុប​១៧​គ្រឿង​ពី​ការ​ប្រកួត​អន្តរជាតិ នៅ​ប្រទេស​វៀតណាម ដោយ​ទទួល​ស្វាគមន៍​យ៉ាង​កក់​ក្តី​ពី​លោកស្រី ហង់ ស៊ី​មន អគ្គលេខាធិការ តំណាង​លោក​ជំទាវ ញ៉ែ​ម មរកត ប្រធាន​សហព័ន្ធ​កីឡា​រាំ​កម្ពុជា នៅ​មជ្ឈមណ្ឌល​ជាតិ​ហ្វឹកហ្វឺន​កីឡា​។

លោក សូវ តុង នាយក​បច្ចេកទេស​សហព័ន្ធ​កីឡា​រាំ​កម្ពុជា​ទទួល​បន្ទុក​ប្រធាន​ប្រតិភូ​គូសបញ្ជាក់​ថា មេដាយ​សរុប​ចំនួន​១៧​គ្រឿង​របស់​កម្ពុជា ដែល​ដណ្តើម​បាន​នេះ ក្នុង​នោះ​គឺ​មាន​មេដាយមាស​៤ ប្រាក់​៦ និង​សំរឹទ្ធ​៧​គ្រឿង ហើយ​អត្ត​ព​លិ​ក​កម្ពុជា​ក៏​បាន​ជាប់​ចំណាត់ថ្នាក់​លេខ​៤ លេខ​៥ និង​លេខ​៦ ក៏​ទទួល​បាន​លិខិត​សរសើរ​ផង​ដែរ​។ បើ​ទោះបីជា​នេះ​ជា​សមិទ្ធផល​មេដាយ ដែល​កើត​ចេញពី​ការ​ខិតខំ​ប្រឹងប្រែង​របស់​កីឡាករ កីឡាការិនី​រាំ​កម្ពុជា​យក​មក​ជូន​ជាតិ ពី​ព្រឹត្តិការណ៍​អន្តរជាតិ នៅ​ប្រទេស​វៀតណាម ដែល​មាន​២៦​ចូលរួម​បែប​នេះ​ក្តី ក៏​លោក​មើលឃើញ​ពី​ចំណុច​ខ្វះខាត​មួយ​ចំនួន ដែល​យើង​ត្រូវ​បន្ត​ការ​ខិតខំ​ហ្វឹកហាត់​ឱ្យ​បាន​ខ្លាំងក្លា​បន្ថែម​ទៀត ដើម្បី​សម្រួច​ឆ្ពោះទៅ​ចូលរួម​ការ​ប្រកួត​អន្តជាតិ​នានា នា​ពេល​ខាង​មុខ ជា​ពិសេស​គោលដៅ​ចូលរួម​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម លើក​ទី​៣៣ នា​ឆ្នាំ​២០២៥​ខាង​មុខ នៅ​ប្រទេស​ថៃ​។

លោក សូវ តុង គូសបញ្ជាក់​បន្ថែម​យ៉ាង​ដូច្នេះ​ថា ៖«​បើ​ទោះបីជា​បេសកកម្ម​អន្តរជាតិ​របស់​កម្ពុជា នា​ពេល​នេះ​បាន​ជួប​ការ​ខ្វះខាត​ថវិកា​ក្តី ក៏​យើង​នៅ​តែ​ប្រឹងប្រែង​ចូលរួម​ប្រកួត​អស់ពី​លទ្ធភាព ដើម្បី​ប្រទេស​ជាតិ​របស់​យើង ឱ្យ​មាន​កិត្តិយស កុំឱ្យ​ចាញ់​ប្រទេស​ជុំវិញ​យើង​។ សហព័ន្ធ​កីឡា​រាំ​កម្ពុជា​ត្រូវ​បាន​បង្កើត​ឡើង​ក្រោយ​គេ ប៉ុន្តែ​ទឹកចិត្ត​របស់​យើង​ទាំងអស់​គ្នា​ត្រូវ​តែ​តស៊ូ​ធ្វើ​ឱ្យ​បាន​ល្អ ដោយ​លះបង់​ទាំង​ពេលវេលា ថវិកា របស់​អាណាព្យាបាល និង​កីឡាករ កីឡាការិនី រួម​ទាំង​ថ្នាក់ដឹកនាំ​សហព័ន្ធ ដើម្បី​ឱ្យ​ពួក​គាត់​បាន​ចូលរួម​ប្រកួត​ដក​ពិសោធន៍​»​។

ជាមួយ​គ្នា​នេះ កីឡាករ​ជម្រើសជាតិ​កីឡា​រាំ​កម្ពុជា ជុំ លី​ហៀ​ង ដែល​ជា​ម្ចាស់​មេដាយមាស ១​គ្រឿង​លើ​វិញ្ញាសា​ឯកត្តជន​បាន​បង្ហាញ​ក្តី​រីករាយ ដែល​ខ្លួន​បាន​ដណ្តើម​បាន​មេដាយមាស​យក​មក​ជូន​ជាតិ ក្នុង​វិញ្ញាសា ដែល​មាន​កីឡាករ​អន្តរជាតិ​ចូលរួម​ប្រកួត​៣៤​នាក់​។ «​ខ្ញុំ​បាន​ចូលរួម​ប្រកួត​អន្តរជាតិ​បែប​នេះ ២​លើក ហើយ​នេះ​ជា​មេដាយមាស​ទី​២​របស់ខ្ញុំ​។ ខ្ញុំ​នឹង​បន្ត​ការ​ខិតខំ​ប្រឹងប្រែង​ហ្វឹកហាត់ ដើម្បី​ដណ្តើម​មេដាយ​ជូន​ជាតិ នា​ព្រឹត្តិការណ៍​អន្តរជាតិ​នានា នា​ពេល​ខាង​មុខ​បន្ត​ទៀត​»​។

កីឡាករ​មក​ពី​ក្លឹ​ប​កីឡា​ក្រសួងការពារជាតិ​រូប​នេះ​បន្ថែម​ថា ខ្លួន​មិន​នឹក​ស្មានថា ខ្លួន​អាច​ដណ្តើម​បាន​មេដាយមាស​បែប​នេះ​ឡើយ ដោយ ជុំ លី​ហៀ​ង បាន​មើលឃើញ​ថា កីឡាករ​អន្តរជាតិ​នានា​ចូលរួម​សុទ្ធតែ​មាន​សមត្ថភាព​ខ្លាំង​ៗ​ជាង​ខ្លួន​។ បើ​ទោះបីជា កីឡាករ ជុំ លី​ហៀ​ង ឈ្នះ​មេដាយមាស​ជូន​ជាតិ​បែប​នេះ​ក្តី ក៏​ម្ចាស់​មេដាយមាស​រូប​នេះ​យល់​ឃើញ​ថា សមត្ថភាព​ខ្លួន​នៅ​មាន​កម្រិត ហើយ​មាន​ឆន្ទៈ​ខ្ពស់ ក្នុង​ការ​ខិតខំ​ដុសខាត់​សមត្ថភាព​ហ្វឹកហាត់​បន្ថែម​ទៀត ដើម្បី​ត្រៀម​ប្រកួត​អន្តរជាតិ នា​ពេល​ខាង​មុខ​។

គួរ​បញ្ជាក់​ថា កីឡាករ កីឡាការិនី​ជម្រើសជាតិ និង​ថ្នាល​កម្ពុជា​២០​នាក់​បាន​ឈ្នះ​មេដាយ​សរុប ១៧​គ្រឿង ក្នុង​នោះ​មេដាយមាស ៤ ប្រាក់​៦ និង​សំរឹទ្ធ​៧ ដណ្តើម​បាន​ពី​ការ​ប្រកួត WDSF World Challenge Cup Rising Star Latin & Standard 2024/WDSF International Open Latin & Standard 2024/KTOC Cup 2024 នៅ​ទីក្រុង​ហូ​ជី​មិ​ញ ប្រទេស​វៀតណាម ដោយ​មាន​២៦​ប្រទេស​ជុំវិញ​ពិភពលោក​ចូលរួម ពី​ថ្ងៃ​ទី​១៣-១៤ ខែកក្កដា ឆ្នាំ​២០២៤​។ មេដាយមាស​៤​គ្រឿង​របស់​កម្ពុជា ដណ្តើម​បាន​ដោយ​កីឡាករ​ជម្រើសជាតិ ជុំ លី​ហៀ​ង មេដាយមាស​១ គ្រឿង​, កីឡាការិនី​ជម្រើសជាតិ សាន រ៉ូ​ហ្សា មេដាយមាស​១​គ្រឿង និង​កីឡាករ​ថ្នាល ឡុ​ង ចំណូល ឈ្នះ​មេដាយមាស​២​គ្រឿង​៕

Previous articleអ្នកចាំទី Kepa ក្លាយជាគោលដៅរបស់ក្លឹប Al-Ittihad
Next articleAlonso ផ្ទេរយកបានកីឡាករម្នាក់ពីក្លឹប Rennes