ភ្នំពេញ៖ គណៈកម្មរៀបចំការប្រកួតកីឡាកាប៉ាឌីពិភពលោកបានរៀបចំពិធីចាប់ឆ្នោត និងការដាក់ចេញបទចម្រៀង កាលពីល្ងាចថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤ នៅសណ្ឋាគារមួយ ក្នុងរាជធានីភ្នំពេញ សម្រាប់ការប្រកួតជាផ្លូវការនៃព្រឹត្តិការណ៍ការប្រកួតកីឡាកាប៉ាឌីពិភពលោក (World Cup KABADDI) លើកទី២ ឆ្នាំ២០២៤ ដោយកម្ពុជាទទួលធ្វើម្ចាស់ផ្ទះ ដែលគ្រោងនឹងធ្វើឡើងពី២០-២៥ សីហា ឆ្នាំ២០២៤ នៅសាលកោះពេជ្រ រាជធានីភ្នំពេញ។
លោក សុខ អាង មន្ត្រីរៀបចំព្រឹត្តិការណ៍កីឡានេះបានគូសបញ្ជាក់ថា គណៈកម្មាធិការរៀបចំព្រឹត្តិការណ៍ការប្រកួតកីឡាកាប៉ាឌីពិភពលោក ក្នុងឱកាសដ៏ពិសេសនេះយើងបានចាប់ឆ្នោតជាផ្លូវការ និងការដាក់ចេញបទចម្រៀងសម្រាប់ការប្រកួត។ ការប្រកួតនឹងប្រព្រឹត្តិទៅនៅសាលប្រជុំកោះពេជ្រចាប់ពីថ្ងៃទី ២០-២៥ ខែសីហាដោយមានប្រទេសចំនួន១៧ មកពីជុំវិញពិភពលោកចូលរួម ហើយព្រឹត្តិការណ៍នេះនឹងក្លាយជាការប្រកួតជើងឯកអន្តរជាតិដ៏ធំបំផុត ដែលមិនធ្លាប់មានពីមុនមក។
លោក សុខ អាង បានបន្ថែមថា ការប្រកួតនេះមានក្រុមបុរស ១៦ក្រុម និងក្រុមនារី ១០ក្រុម ដែលប្រកួតប្រជែងគ្នាដណ្តើមជើងឯកពិភពលោក រួមមានក្រុមការពារជើងឯកឥណ្ឌា ក៏ដូចជាក្រុមកំពូលៗក្នុងតំបន់ ដូចជាអេហ្ស៊ីប និងកេនយ៉ា មកពីទ្វីបអាហ្វ្រិក សហរដ្ឋអាមេរិក និងកាណាដា និងចក្រភពអង់គ្លេស និងប៉ូឡូញ មកពីទ្វីបអឺរ៉ុប។ ការប្រកួតនេះក៏មានក្រុមមកពីប្រទេសចិន ហុងកុង តង់ហ្សានី និងម៉ាឡេស៊ីចូលរួមផងដែរ។
ការប្រកួតកីឡាកាប៉ាឌីពិភពលោក លើកទី២ ឆ្នាំ២០២៤ នៅកម្ពុជានឹងអ្នកចូលរួម និងមន្ត្រីជិត ៤០០នាក់។ គោលបំណងចម្បងរបស់សហព័ន្ធ World Kabaddi ដែលបានជ្រើសរើសយកកម្ពុជាទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ ការប្រកួតនេះ មិនត្រឹមតែចង់បានប្រទេសកម្ពុជាជាកន្លែងជ្រើសរើសសម្រាប់ការប្រកួតអន្តរជាតិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងយកប្រទេសកម្ពុជាជាគោលដៅទេសចរណ៍កីឡាផងដែរ។ លោក សុខ អាង បានបន្ថែមថា ការរៀបចំព្រឹត្តិការណ៍នេះព្រះរាជាណាចក្រកម្ពុជា ក៏ស្របតាមចក្ខុវិស័យរបស់រដ្ឋាភិបាល ក្នុងការលើកកម្ពស់វិស័យកីឡាឱ្យ កាន់តែទូលំទូលាយ ជាពិសេសបន្ទាប់ពីទទួលបានជោគជ័យ ក្នុងការធ្វើជាម្ចាស់ផ្ទះកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម កាលពីឆ្នាំ២០២៣ប្រកបដោយភាពជោគជ័យផងដែរ៕