ភ្នំពេញ៖ ក្រុមព្រះខ័នរាជស្វាយរៀងបានឡើងទៅវគ្គចែកពូលនៃពានរង្វាន់បាល់ទាត់ជើងក្លឹបឯកអាស៊ាន (ASEAN Club Championship Shopee Cup 2024-2025) បន្ទាប់ពីបានយកឈ្នះក្រុម Young Elephants របស់ប្រទេសឡាវ ដោយលទ្ធផល ៥-១ (សរុបទាំងពីរជើង ៨-៣) វគ្គជម្រុះជើងទី២ កាលពីយប់ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤ នៅពហុកីឡដ្ឋានជាតិអូឡាំពិក។
ក្នុងការប្រកួតដ៏ជក់ចិត្តនេះ ព្រះខ័នរាជស្វាយរៀង ដែលជាក្រុមជើងឯកលីគកំពូលកម្ពុជា រដូវកាល ២០២៣-២០២៤ ធ្វើបានយ៉ាងល្អ ដោយ៥គ្រាប់ធ្វើសម្រេចដោយកីឡាករ Christian នៅទាទី ៣៩ និងដោយកីឡាករ Pablo បាន៤គ្រាប់ម្នាក់ឯង នៅនាទី៤២, ៥៣, ៦២ និងនាទី៧៤ ខណៈ១គ្រាប់បើកការនាំមុខដំបូងរបស់ Young Elephants រកបានតាំងតែនាទី៨។ តាមរយៈជ័យជម្នះសរុបទាំងពីរជើង ៨-៣ ក្រុមព្រះខ័នរាជស្វាយរៀងបានឡើងទៅវគ្គចែកពូល ក្នុងពូល A ខណៈ១ក្រុមទៀតឡើងមកពីវគ្គជម្រុះដូចគ្នា គឺក្រុម Shan United របស់ប្រទេសមីយ៉ាន់ម៉ា ក្រោយពីបានយកឈ្នះក្រុម Kasuka របស់ប្រទេសប្រ៊ុយណេ ៣-១ (សរុបទាំងពីរជើង ៤-២)។

ការប្រកួត ASEAN Club Championship Shopee Cup 2024-2025 វគ្គចែកពូល រួមមាន៖ ពូល A៖ ក្រុម BG Pathum United (ថៃ), Terengganu (ម៉ាឡេស៊ី), PSM Makassar (ឥណ្ឌូណេស៊ី), Dong A Thanh Hoa (វៀតណាម), ព្រះខ័នរាជស្វាយរៀង (កម្ពុជា) និងក្រុម Shan United (មីយ៉ាន់ម៉ា)។ រីឯពូល B ៖ ក្រុម Buriram United (ថៃ), Kuala Lumpur City (ម៉ាឡេស៊ី), Cong An Ha Noi (វៀតណាម), Borneo (ឥណ្ឌូណេស៊ី), Kaya FC—Iloilo (ហ្វីលីពីន) និងក្រុម Lion City Sailors (សិង្ហបុរី)។
ចំពោះកម្មវិធីប្រកួតរបស់ក្លឹបបាល់ទាត់ព្រះខ័នរាជស្វាយរៀង ដែលតំណាងឱ្យកម្ពុជា គ្រោងនឹងចាប់ផ្តើមពីថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤ រហូតដល់ថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៥។ ១ប្រកួតបើកឆាកដំបូងរបស់ព្រះខ័នរាជស្វាយរៀងនឹងត្រូវប៉ះជាមួយក្រុម Terengganu (ម៉ាឡេស៊ី) នាថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤៕



