ភ្នំពេញ៖ ការប្រកួតកីឡាយុទ្ធគុនចម្រុះខ្មែរបុរាណ ពានរង្វាន់សម្ដេចធិបតី លើកទី១ គ្រោងនឹងធ្វើឡើងនាអំឡុងខែតុលា ឆ្នាំ២០២៤ ដែលជាព្រឹត្តិការណ៍ថ្មីមួយលក្ខណៈបើកទូលាយ ក្នុងការគាស់កកាយអ្នកលេងគុនខ្មែរបុរាណគ្រប់ទិសទីទូទាំងប្រទេស បន្ទាប់ពីទទួលបានការគាំទ្រដ៏ខ្ពង់ខ្ពស់ពីសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
នេះបើតាមការបញ្ជាក់របស់ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) ក្រោយកិច្ចប្រជុំលើកទី១ កាលពីល្ងាចថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៤ នៅទីស្នាក់ការ NOCC ក្រោមវត្តមានដ៏ខ្ពង់ខ្ពង់ឯកឧត្តមបណ្ឌិត ថោង ខុន ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស ប្រធាន NOCC និងជាប្រធានគណៈកម្មការចំពោះកិច្ចរៀបចំ ការប្រកួតកីឡាយុទ្ធគុនចម្រុះខ្មែរបុរាណ ពានរង្វាន់សម្ដេចធិបតី។
ឯកឧត្តម វ៉ាត់ ចំរើន គូសបញ្ជាក់ថា សហព័ន្ធកីឡាប្រយុទ្ធចំនួន៤ គឺសហព័ន្ធកីឡាប្រដាល់គុនខ្មែរ សហព័ន្ធកីឡាយុទ្ធគុនចម្រុះ សហព័ន្ធកីឡាគុនល្បុក្កតោ និងសហព័ន្ធកីឡាយុទ្ធក្រមខមនឹងជាសហព័ន្ធគោលដែលនឹងរួមចំណែកព្រឹត្តិការណ៍នេះឱ្យកើតមានឡើង ប៉ុន្តែសម្រាប់លក្ខន្តិកៈនឹងត្រូវបានបញ្ជ្រាបក្នុងវគ្គបណ្ដុះបណ្ដាលដោយផ្ដោតលើគោលជារួម មិនមែនផ្ដោតតែលើលក្ខន្តិកៈសហព័ន្ធណាមួយទេ។
ឯកឧត្តមអគ្គលេខាធិការ NOCC បានសង្កត់ធ្ងន់ថា ៖«ការបើកការទទួលចុះឈ្មោះចូលរួមរបស់កីឡាករ កីឡាការិនីបានចាប់ផ្តើមពីពេលនេះតទៅហើយ ហើយការរៀបចំលើការប្រកួតនឹងផ្តោតសំខាន់លើការវិនិច្ឆ័យ ការប្រកួតឱ្យមានយុត្តិធម៌ ត្រឹមត្រូវ ស្របតាមគោលការណ៍ Fair Play និងក្រមសីលធម៌កីឡាច្បាស់លាស់។ គណកម្មការរៀបចំនឹងប្រឹងប្រែងជំរុញឱ្យព្រឹត្តិការណ៍កីឡាយុទ្ធគុនចម្រុះខ្មែរបុរាណឱ្យដំណើរការដោយរលូន និងប្រកបដោយមោទកភាពនៃយុទ្ធគុនខ្មែរបុរាណរបស់យើង។ ជាមួយគ្នានេះ យើងក៏មានភាគីពាក់ព័ន្ធនានា ពិសេសជាងគេ គឺផ្នែកផ្សព្វផ្សាយ ដែលកិច្ចប្រជុំនេះមានការចូលរួមពីឯកឧត្តម ហួត ឃាងវេង រដ្ឋលេខាធិការ ក្រសួងព័ត៌មាន ដែលឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មានបានផ្តល់ការគាំទ្រយ៉ាងពេញទំហឹងក្នុងការជួយជ្រោមជ្រែងដល់ការផ្សព្វផ្សាយឱ្យបានទូលំទូលាយទូទាំងប្រទេស»។
សម្រាប់កម្រិតការប្រកួតវិញ មានលក្ខណៈប្រយុទ្ធ និង សម្ដែង។ ក្នុងនោះ ប្រភេទប្រយុទ្ធមានអ្នកអាជីព និងស្ម័គ្រចិត្ត។ សម្រាប់ការប្រកួតសម្ដែងបើកចំហរអាយុពីចន្លោះ១៨ដល់ឆ្នាំដល់៦៥ឆ្នាំ។ ព្រឹត្តិការណ៍កីឡាយុទ្ធគុនចម្រុះខ្មែរបុរាណ ជាឱកាសដ៏សំខាន់ ដើម្បីលើកទឹកចិត្តដល់ចាស់ព្រឹទ្ធាចារ្យបានរំឭកក្បាច់គុនខ្មែរឡើងវិញ ពិសេសក្បាច់គុនខ្មែរជាច្រើនទៀត ដែលមហាជនមិនបានដឹង។ ដូច្នេះគណៈកម្មការរៀបចំលើកទឹកចិត្តដល់ចាស់ព្រឹទ្ធាចារ្យចូលរួមចុះឈ្មោះប្រកួតឱ្យបានច្រើន។
ទាក់ទងទៅនឹងប្រភេទប្រយុទ្ធ មាន៧ប្រភេទទម្ងន់សម្រាប់កីឡាករ និង៥ប្រភេទសម្រាប់កីឡាការិនី ខណៈសម្ដែងវិញមាន ឯកត្តជន ដូចជា ថ្វាយបង្គំគ្រូ, មេគុនដៃ, មេគុនអាវុធឥតមុខ និងមានគុនអាវុធមានមុខ។ សម្ដែងជាក្រុម មានមេគុនដៃ (៣នាក់ ស្រី១នាក់), មេគុនអាវុធឥតមុខ (៣នាក់ ស្រី០១) និង មេគុនអាវុធមានមុខ (៣នាក់ ស្រី០១នាក់)។ សម្ដែងសមយុទ្ធ មានមេគុនដៃ (៥នាក់ ស្រី១នាក់) និងមេគុនអាវុធគ្រប់ប្រភេទ (៥នាក់ស្រី១នាក់)៕