ភ្នំពេញ៖ ឯកឧត្តម ញ៉ាន សុខវិសាល នាយបេសកកម្មនៃប្រតិភូកីឡាកម្ពុជាបានលើកឡើងក្នុងឱកាសវិលត្រឡប់មកដល់មាតុប្រទេសវិញ កាលពីល្ងាចថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤ថា ក្នុងបេសកកម្មរយៈពេល ៣សប្តាហ៍នេះបានបញ្ចប់ ហើយលទ្ធផលបច្ចេកទេស គឺអត្តពលិកកម្ពុជាមិនទទួលបានមេដាយនោះទេ តែមិនមានមានន័យថា កម្ពុជាតែមួយមិនទទួលបានមេដាយនោះទេ ពោលគឺកម្ពុជាមិនទទួលបានមេដាយ ក្នុងចំណោមគណៈកម្មាធិការជាតិអូឡាំពិកជាង១០០ (NOCs) នៃចំនួនសរុប ២០៦ NOCs។
នាយបេសកកម្មកីឡាកម្ពុជារូបនេះបន្ថែមថា កម្ពុជាមានតែអត្តពលិកតែ៣រូបប៉ុណ្ណោះ ដែលមានកីឡាករអត្តពលកម្មម្នាក់ និងហែលទឹកមានកីឡាករម្នាក់ និងកីឡាការិនីម្នាក់ ប៉ុន្តែពួកគេបានចូលរួមប្រកួតទទួលបានលទ្ធផលល្អ ក្នុងស៊េរីប្រកួតនីមួយៗ។ នេះជាមោទនភាពជាតិមួយរបស់កម្ពុជា ដែលយើងបានចូលរួមប្រកួតស្មើមុខស្មើមាត់ជាមួយបណ្តាប្រទេសនានា ក្នុងពិភពលោក ដែលមានរហូតដល់ ២០៦ គណៈកម្មាធិការជាតិអូឡាំពិក (NOCs)។
ឯកឧត្តម ញ៉ាន សុខវិសាល បានកត់សម្គាល់ចំណុចសំខាន់ៗមួយចំនួនថា ៖«នៅក្នុងពិធីបើក គឺប្រតិភូកម្ពុជាទទួលបានការសាទរច្រើនមហាជន សូម្បីតែទូកដែលយើងម្ចាស់ផ្ទះរៀបចំឱ្យជិះហ្នឹង គឺជាទូកដែលគេជួលមានតម្លៃថ្លៃ ពីសណ្ឋាគារលំដាប់ផ្កាយ៧របស់ទីក្រុងប៉ារីសតែម្តង ដែលខុសពីបណ្តាញផ្សព្វផ្សាយថា ទូកដែលប្រតិភូកម្ពុជាជិះក្នុងពិធីហែលក្បួននៃពិធីបើកជាផ្លូវការ គឺតូច»។
«ចំពោះពិធីបិទ គឺមានភាពអស្ចារ្យមួយដែរ ដែលតារាចម្រៀងរ៉េបរបស់កម្ពុជា ម៉ាន់ វណ្ណដា បានចូលរួមសម្តែង ដែលជាការពញ្ញាក់អារម្មណ៍ដល់បងប្អូនប្រជាពលរដ្ឋក្នុងប្រទេស និងខ្មែររស់នៅប្រទេសបារំាង និងបងប្អូនខ្មែរទូទាំងសាកលលោក និងមិត្តភក្តិបរទេសនានា ជាពិសេសមិត្តភក្តិ ក្នុងតំបន់អាស៊ីអាគ្នេយ៍បានកោតសរសើរ និងព្យាយាមសួរនាំយើងយ៉ាងច្រើនផងដែរថាហេតុអ្វីបានជាតារាចម្រៀងរ៉េបរបស់កម្ពុជាយើងមានលទ្ធភាពចូលរួមក្នុងពិធីបិទអូឡាំពិកហ្គេមជាផ្លូវការ ហើយវណ្ណដា បានឡើងច្រៀងលើឆាកធំ ដែលមានតែតារាចម្រៀងតែប៉ុន្មាននាក់ប៉ុណ្ណោះ ដែលឡើងសម្តែងលើឆាកធំ ដែលយើងជាប្រតិភូកីឡា អត្តពលិកកម្ពុជាពិតជាមោទនភាពរកអ្វីថ្លែងពុំបាន»។ ឯកឧត្តមនាបេសកកម្មបានបន្ថែម។
ព្រឹត្តិការណ៍កីឡាអូឡាំពិក ក្រៅពីការប្រកួតប្រជែងមេដាយ ក៏មានការផ្តោតការចាប់អារម្មណ៍យ៉ាងខ្លាំងផងដែរ ទៅលើការប្រកួតប្រជែងលើការច្នៃម៉ូតសម្លៀកបំពាក់ ទាំងឯកសណ្ឋានកីឡា និងឯកសណ្ឋានក្នុងពិធីបិទទៀតផង ដោយឯកសណ្ឋានរបស់ប្រតិភូកីឡាកម្ពុជាទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង៕