ភ្នំពេញ៖ លោក ឡាំង អូណា ប្រធានសហព័ន្ធកីឡាឡើងភ្នំកម្ពុជាបានដឹកនាំប្រតិភូ អគ្គលេខាធិការ គ្រូបង្វឹក និងកីឡាករ-កីឡាការិនីឡើងភ្នំកម្ពុជា៧នាក់ទៅចូលរួមប្រកួតកីឡាឡើងភ្នំ ជើងឯកយុវជនពិភពលោក ឆ្នាំ២០២៤ (IFSC Youth World Championships 2024) នៅសាធារណរដ្ឋប្រជាមានិតចិន ចាប់ពីថ្ងៃទី២២-៣១ ខែសីហា ឆ្នាំ២០២៤។
លោក ឡាំង អូណា គូសបញ្ជាក់នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញមុនពេលចេញដំណើរ នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៤នេះថា សហព័ន្ធបានបញ្ជូនក្រុមគណៈប្រតិភូ អគ្គលេខាធិការ គ្រូបង្វឹក និងកីឡាករ-កីឡាការិនីឡើងភ្នំកម្ពុជា សរុប៧នាក់ ក្នុងនោះមានកីឡាករ ២នាក់ និងកីឡាការិនី ២នាក់ទៅចូលរួមប្រកួត ក្នុងព្រឹត្តិការណ៍ IFSC Youth World Championships 2024 នៅសាធារណរដ្ឋប្រជាមានិតចិន ដោយកំណើតអាយុក្រោម២០ឆ្នាំ។
លោកប្រធានបានបន្តថា ការប្រកួតកម្រិតពិភពលោកបែបនេះជាលើកទី២ ហើយសម្រាប់សហព័ន្ធកីឡាឡើងភ្នំកម្ពុជា ដោយកាលពីប្រកួតលើកទី១ បានធ្វើឡើងនៅប្រទេសអ៊ីតាលី ឆ្នាំ២០២៣ ដោយកម្ពុជាបានបញ្ជូនអត្តពលិកត្រឹមតែ ២នាក់។ ការប្រកួតនៅប្រទេសចិនលើកនេះ សហព័ន្ធអាចបញ្ជូនកីឡាករ-កីឡាការិនីឡើងភ្នំកម្ពុជា ៤ នាក់ ដោយសារសហព័ន្ធទទួលបានការឧបត្ថម្ភពីបណ្តាលអ្នកគាំទ្រ និងថ្នាក់ដឹកនាំ ទើបធ្វើឱ្យសហព័ន្ធមានលទ្ធភាពបញ្ជូនក្រុមអត្តពលិកបានច្រើននាក់។ សហព័ន្ធក៏បានទទួលថវិកាឧបត្ថម្ភប្រចាំឆ្នាំពីក្រសួងអប់រំ យុវជន និងកីឡា ដែលជាផ្នែកមួយក្នុងការជួយអភិឌ្ឍន៍វិស័យកីឡាឡើងកម្ពុជាដែរ។ ការអភិឌ្ឍក្រុមកីឡាករ កីឡាការិនីថ្នាលនេះ លោកត្រូវការច្រើនទាំងថវិកា និងពេលវេលា ដែលជារួមចំណែកដ៏សំខាន់របស់សហព័ន្ធនាពេលបច្ចុប្បន្ននេះ។
លោក ឡាំង អូណា បានបញ្ជាក់ថា ការប្រកួតលើកនេះជាកម្រិតពិភពលោក ទោះបីលោកដឹងថា កម្រិតបច្ចេកទេសនៅឆ្ងាយពីក្រុមអត្តពលិកកម្ពុជាក៏ពិតមែន ប៉ុន្តែក្រុមអត្តពលិកឡើងភ្នំកម្ពុជានឹងព្យាយាមប្រកួតឱ្យអស់ពីសមត្ថភាព ហើយអ្វីដែលសំខាន់បំផុត គឺត្រៀមខ្លួនការប្រកួតកីឡាស៊ីហ្គេម លើកទី៣៣ នៅប្រទេសថៃ នាឆ្នាំ២០២៥ខាងមុខ។ សម្រាប់គោលដៅធំបំផុតរបស់សហព័ន្ធនោះ គឺចង់ឱ្យក្រុមអត្តពលិកឡើងភ្នំកម្ពុជាឆ្លងកាត់ប្រកួតកម្រិតអន្តរជាតិឱ្យសបានច្រើន ដើម្បីទទួលយកបទសោធន៍ និងជាការស្ទាប់ស្ទង់សមត្ថភាពខ្លួនឯងទៀតផង៕