កីឡាករតេក្វាន់ដូ ITF សម្បត្តិ សុវណ្ណរ៉េន ទទួលបានមេដាយសំរឹទ្ធ ថ្ងៃបើកឆាក ជើងឯកអាស៊ី លើកទី១០ នៅប្រទេសឥណ្ឌា

ឥណ្ឌា៖ កីឡាករ​តេ​ក្វា​ន់​ដូ ITF កម្ពុជា ស​ម្បិ​ត្ត សុវណ្ណ​រ៉េ​ន បាន​ឈ្នះ មេដាយ​សំរឹទ្ធ​១​គ្រឿង នៅ​ថ្ងៃ​បើក​ឆាក ទី​២១ ខែសីហា ឆ្នាំ​២០២៤ ក្នុង​ការ​ប្រកួត​កីឡា​តេ​ក្វា​ន់​ដូ ITF ជ្រើសរើស​ជើងឯក​អាស៊ី លើក​ទី​១០ នៅ​ប្រទេស​ឥណ្ឌា​។

មន្ត្រី​សហព័ន្ធ​កីឡា​តេ​ក្វា​ន់​ដូ ITF កម្ពុជា​បាន​ប្រាប់​មក​ថា កីឡាករ ស​ម្បិ​ត្ត សុវណ្ណ​រ៉េ​ន ដែល​ទទួល​បាន​មេដាយ​សំរឹទ្ធ​១​គ្រឿង​នេះ គឺ​ក្រោយ​ពី​ឈ្នះ​ពីរ​ប្រកួត និង​ចាញ់​ប្រកួត​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ ដោយ​ប៉ះ​ម្ចាស់​ក្បាច់គុន​ដើម កូរ៉េ​ខាងជើង​។ ប្រកួត​ទី​១ កីឡាករ ស​ម្បិ​ត្ត សុវណ្ណ​រ៉េ​ន ជួប​ជាមួយ​ម្ចាស់ផ្ទះ ឥណ្ឌា ក្នុង​លទ្ធផល​ពិន្ទុ ៥-០ ហើយ​នៅ​ប្រកួត​ទី​២ បន្ត​ប្រកួត​ជាមួយ​កីឡាករ ម៉ា​ឡេ​ស៊ី ធ្វើ​បាន​ក្នុង​ពិន្ទុ ៤-១​។ ប្រកួត​ទី​៣ ដែល​ជា​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ គឺ​ចាញ់​ម្ចាស់​ក្បាច់គុន កូរ៉េ​ខាងជើង ក្នុង​លទ្ធផល ពិន្ទុ ១-៣ ដោយ​កីឡាករ សម្បត្តិ សុវណ្ណ​រ៉េ​ន ទទួល​បាន​ចំណាត់ថ្នាក់​លេខ​៣​។

នេះ​ជា​វិញ្ញាសា​ដំបូង​របស់​កម្ពុជា ដែល​បាន​ចាប់ផ្តើម​ប្រកួត​មុនគេ ក្នុង​ចំណោម​វិញ្ញាសា​ជា​ច្រើន​ទៀត ដែល​មាន​កីឡាករ កីឡាការិនី​កម្ពុជា សរុប​១៧​នាក់ ក្នុង​នោះ​កីឡាករ ១១​នាក់ និង​កីឡាការិនី ៦​នាក់​។ ការ​ប្រកួត​កីឡា​តេ​ក្វា​ន់​ដូ ITF ជ្រើសរើស​ជើងឯក​អាស៊ី លើក​ទី​១០ នៅ​ប្រទេស​ឥណ្ឌា ចាប់ផ្តើម​ពី​ថ្ងៃ​ទី​២១-២៥ ខែសីហា ឆ្នាំ​២០២៤​។

គួរ​បញ្ជាក់​ថា ប្រតិភូ​កីឡា​តេ​ក្វា​ន់​ដូ ITF កម្ពុជា ចូលរួម​ក្នុង​ព្រឹត្តិការណ៍​ជើងឯក​អាស៊ី​នេះ មាន​ចំនួន​២៧​រូប​ដឹកនាំ​ដោយ​ឯកឧត្តម កែវ រ៉េ​មី ទេស​រដ្ឋមន្ត្រី និង​ជា​ប្រធាន​សហព័ន្ធ​តេ​ក្វា​ន់​ដូ ITF កម្ពុជា ទទួល​បន្ទុក​ប្រធាន​ប្រតិភូ អម​ដោយ​អនុប្រធាន​ប្រតិភូ​ពីរ​រូប គឺ​ឯកឧត្តម ផា​ន់ វណ្ណ​រ័​ត្ន និង​ឯកឧត្តម លឹ​ម រតនៈ អនុប្រធាន​សហព័ន្ធ និង​សមាជិក​៣​រូប គឺ​ឯកឧត្តម រាជ សម្រេច ឯកឧត្តម តាំង ស៊ុន​ឡាយ និង​ឯកឧត្តម ខុ​ម ឌី​ណា​។ ឯកឧត្តម ហ៊ឹ​ម រី​ដា អាជ្ញាកណ្តាល ឯកឧត្តម បួន​ហ៊ីង សុធី​យ៉ា គ្រូបង្វឹក អម​ដោយ​គ្រូ​ជំនួយ គឺ​លោក ប៉ា​ល់ ជីវ័ន និង​លោក ទ្រី វរលក្ខណ៍ ខណៈ​កីឡាករ មាន​ចំនួន​១១​នាក់ និង​កីឡាការិនី​៦​នាក់​៕

Previous articleការប្រកួតកីឡាបេស្បលហ្វាយលីគកម្ពុជា លើកទី១ ផ្តល់ផលចំណេញដល់យុវជន
Next articleក្លឹបមួយនេះបើកការចរចាផ្ទេរយកកីឡាករ Mane ហើយ