កម្ពុជាធ្វើម្ចាស់ផ្ទះ ការប្រកួតឃីកបុកស៊ីងជើងឯកអាស៊ី ដោយមានអត្តពលិកជាង ៦០០នាក់

ភ្នំពេញ៖ ឯកឧត្តម ហេង សុខ​ឃ​ន ប្រធាន​សហព័ន្ធ​កីឡាប្រដាល់​ឃី​ក​បុក​ស៊ី​ង​កម្ពុជា​គូសបញ្ជាក់​ថា ការ​ប្រកួត​កីឡា​ឃី​ក​បុក​ស៊ី​ង​ជ្រើសរើស​ជើងឯក​អាស៊ី ឆ្នាំ​២០២៤ (Kick Boxing Asian Championship 2024) ត្រូវ​បាន​រៀបចំ​ធ្វើ​ម្ចាស់ផ្ទះ​ជា​ប្រវត្តិសាស្ត្រ​ដំបូង​របស់​កម្ពុជា ពី​ថ្ងៃ​ទី​០៧-១៣ ខែតុលា ឆ្នាំ​២០២៤ នៅ​វិមាន​កីឡដ្ឋាន​ជាតិ​អូ​ឡាំ​ពិ​ក ដោយ​មាន​អត្ត​ព​លិ​ក​ជាតិ​-​អន្តរជាតិ​ជាង ៦០០​នាក់​។

ឯកឧត្តម ហេង សុខ​ឃ​ន លើក​ឡើង​ថា ៖«​ការ​ប្រកួត​អន្តរជាតិ​ជា​លើក​ទី​១​នៅ​កម្ពុជា នឹង​មាន​អត្ត​ព​លិ​ក​ជាង ៦០០​នាក់​ចូលរួម​ប្រកួតប្រជែង​មេដាយ​មក​ពី​២២​ប្រទេស​ក្នុង​អាស៊ី ខណៈ​ម្ចាស់ផ្ទះ​កម្ពុជា​បាន​ត្រៀម​កីឡាករ កីឡាការិនី​របស់​ខ្លួន​ជាង ៥០​នាក់​។ ក្នុង​នោះ​ប្រទេស​ប្រទេស​ដែល​ត្រៀម​បញ្ជូន​អត្ត​ព​លិ​ក​របស់​ខ្លួន​ច្រើន​ជាងគេ គឺ​ប្រទេស​អ៊ី​រ៉ា​ក់ និង​អ៊ី​រ៉​ង់ ដែល​មាន​ជាង ៦០​នាក់​ដូច​គ្នា ខណៈ​បណ្តា​ប្រទេស​មួយ​ចំនួន​ទៀត​ត្រៀម​បញ្ជូន​អត្ត​ព​លិ​ក​ចន្លោះ​ពី​៣០​នាក់​ទៅ​៤០​នាក់​»​។

បន្ថែម​ពីលើ​នេ ប្រធាន​សហព័ន្ធ​ឃី​ក​បុក​ស៊ី​ង​កម្ពុជា​គូសបញ្ជាក់​ថា បណ្តា​ប្រទេស​នានា​ចង់​ចូលរួម​ប្រកួតប្រជែង​នៅ​ក្នុង​ប្រទេស​កម្ពុជា ដែល​មាន​សុខ​សន្តិភាព​ពេញលេញ និង​សុវត្ថិភាព និង​ការ​អភិវឌ្ឍ​រីក​ចម្រើន ម្យ៉ាងទៀត​អន្តរជាតិ​បាន​មើលឃើញ​ពី​ការ​ធ្វើ​ម្ចាស់ផ្ទះ​របស់​កម្ពុជា​ដោយ​ជោគជ័យ កាលពី​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម លើក​ទី​៣២ ឆ្នាំ​២០២៣​កន្លង​ទៅ​។ «​ក្នុង​នាម​សហព័ន្ធ​កីឡា​ឃី​ក​បុក​ស៊ី​ង​កម្ពុជា យើង​ពិតជា​មាន​មោទនភាព​ណាស់ ដែល​បរទេស​ផ្តល់​ទំនុកចិត្ត​លើ​កត្តា​សុខ​សន្តិភាព​របស់​កម្ពុជា​។ សហព័ន្ធ​បាន​ត្រៀមខ្លួន​គ្រប់យ៉ាង ដើម្បី​ត្រៀម​ទទួល​ស្វាគមន៍​មិត្ត​អន្តរជាតិ មក​ប្រកួត​នៅ​ប្រទេស​កម្ពុជា​ជាមួយនឹង​កិច្ចសហការ​យ៉ាង​ល្អ​ជាមួយ​សហព័ន្ធ​កីឡា​អន្តរជាតិ ដើម្បី​ទទួល​បាន​ទំនុកចិត្ត​កាន់តែ​ខ្លាំង​»​។

ពេល​នេះ ការ​ទទួល​ការ​ចុះ​ឈ្មោះ​កីឡាករ កីឡាការិនី​អន្តរជាតិ​មិន​ទាន់​បិទ​បញ្ចប់​នៅឡើយ​ទេ ដោយ​បន្ត​ចុះ​ឈ្មោះ​រហូត​ដល់​ជិត​ថ្ងៃ​ប្រកួត​តែ​ម្តង ខណៈ​ការ​ប្រកួត​ផ្លូវការ​នឹង​ត្រូវធ្វើ​ឡើង​ពី​ថ្ងៃ​ទី​០៧​ដល់​ថ្ងៃ​ទី​១៣ ខែតុលា ឆ្នាំ​២០២៤ នៅ​វិមាន​ពហុ​កីឡដ្ឋាន​ជាតិ​អូ​ឡាំ​ពិ​ក រាជធានី​ភ្នំពេញ​។

ក្នុង​ចំនួន​ថវិកា​ឧបត្ថម្ភ​គាំទ្រ​របស់​ដៃគូ​នានា យើង​រ៉ាប់រង​លើ​ការ​ហូប​ចុក​ស្នាក់​នៅ​ទាំងអស់ ជា​ពិសេស​គឺ​ការ​ស្នាក់​នៅ​សណ្ឋាគារ​ភ្នំពេញ ដែល​យើង​បាន​កក់​ទុក​ទាំងអស់ ហើយ​ការ​ហូប​ចុក​មាន​កម្រិត​ខ្ពស់​នៅ​សណ្ឋាគារ​ភ្នំពេញ​នេះ​តែ​ម្តង សម្រាប់​ប្រតិភូ និង​កីឡាករ​។ ឯកឧត្តម ហេង សុខ​ឃ​ន ក៏​បាន​អំពាវ​ដល់​ប្រជាពលរដ្ឋ​ចូលរួម​ទស្សនា​គាំទ្រ​លើកទឹកចិត្ត​ឱ្យ​បាន​ច្រើន​កុះករ ដោយ​មិន​មានការ​លក់​សំបុត្រ​ទេ ដោយ​ការ​ទទួល​រៀបចំ​ធ្វើ​ម្ចាស់ផ្ទះ​ជា​ប្រវត្តិសាស្ត្រ​នៃ​ជើងឯក​ឃី​ក​បុក​ស៊ី​អាស៊ី​នេះ ដោយ​មាន​អត្ត​ព​លិ​ក​អន្តរជាតិ​ជាង ៦០០​នាក់​ចូលរួម​៕

Previous articleកីឡាករ David Datro Fofana នឹងទៅចូលរួមជាមួយក្លឹបថ្មីក្នុងលក្ខខណ្ឌខ្ចីជើង
Next articleអគ្គលេខាធិការ FFC ៖ ការបញ្ចប់កុងត្រាគ្រូបង្គោលកម្ពុជា លោក Felix Dalmas គឺជាការបំពេញចិត្តគាំទ្រឱ្យគ្នាទៅវិញទៅមក