ភ្នំពេញ៖ លោក ខេស៊ី បាណេត ប្រធានសហព័ន្ធកីឡាចំបាប់អាស៊ីអាគ្នេយ៍ និងជាអនុប្រធានសហព័ន្ធកីឡាចំបាប់កម្ពុជាបានបង្ហាញក្តីសង្ឃឹមថា ការប្រកួតកីឡាចំបាប់ជើងឯកអាស៊ីអាគ្នេយ៍-អូសេអានីគ្រោងនឹងធ្វើឡើងនៅប្រទេសថៃ ពីថ្ងៃទី២៥-២៩ ខែតុលា ឆ្នាំ២០២៤ ខណៈកម្ពុជារំពឹងថានឹងឈ្នះមេដាយក្នុងចន្លោះ ៥ទៅដល់១០គ្រឿង។
លោក ខេស៊ី បាណេត បានសង្កត់ធ្ងន់ប្រាប់ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា AKP ថា ៖«សហព័ន្ធកីឡាចំបាប់កម្ពុជានឹងបញ្ជូនកីឡាករ កីឡាការិនីជម្រើសជាតិកម្ពុជាចូលរួមប្រកួតកីឡាចំបាប់ជើងឯកអាស៊ីអាគ្នេយ៍-អូសេអានី ឆ្នាំ២០២៤ ដោយទើបនៅឆ្នាំ២០២៤នេះ សហព័ន្ធចំបាប់អាស៊ីគ្នេយ៍សម្រេចបញ្ជូលទ្វីបអូសេអាស៊ីចូលរួមប្រកួតនេះ។ បណ្តាប្រទេសមួយចំនួនក្នុងអូសេអានី មានដូចជាអូស្រាលី នូវែលសេឡង់ រួមទាំងប្រទេសមួយចំនួនទៀត ក្នុងទ្វីបនេះគ្រោងនឹងបញ្ជូនអត្តពលិករបស់ខ្លួនចូលរួមប្រកួតប្រជែងមេដាយ។ ហេតុផលសំខាន់តែ១ប៉ុណ្ណោះ ក្នុងការបន្ថែមប្រទេសក្នុងអូសេអានី គឺដើម្បីពង្រឹងការប្រកួតប្រជែងនេះឱ្យកាន់តែរឹងមាំ ដោយកាលណាបានប្រទេសថ្មីៗច្រើនចូលរួមច្រើន នោះយើងក៏បានបន្ថែមបាននូវបទពិសោធន៍ផងដែរ»។
ព្រឹត្តិការណ៍កីឡាចំបាប់ជើងឯកអាស៊ីអាគ្នេយ៍-អូសេអានី ឆ្នាំ២០២៤នេះមានសម្រាប់ប្រភេទអាយុក្រោម១៥ឆ្នាំ ក្រោម១៧ឆ្នាំ និងឈុតធំ ខណៈសហព័ន្ធកីឡាចំបាប់កម្ពុជានឹងគ្រោងបញ្ជូនកីឡាករ កីឡាការិនីរបស់ខ្លួនចំនួន ២២នាក់ចូលរួមប្រកួតប្រជែងមេដាយ និងមន្ត្រីអាជ្ញាកណ្តាល២នាក់។ អនុប្រធានសហព័ន្ធចំបាប់កម្ពុជារូបនេះដាក់ក្តីសង្ឃឹមថា ៖«ចំបាប់កម្ពុជានឹងអាចឈ្នះមេដាយក្នុងចន្លោះ ៥ដល់១០គ្រឿង ប៉ុន្តែខ្ញុំមិនទាន់ហ៊ានធានាថាតើចំនួនមេដាយនេះអាចជាមេដាយមាស ប្រាក់ ឬសំរឹទ្ធប៉ុន្មាននោះទេ»។
ជាមួយគ្នានេះ លោក ខេស៊ី បាណេត កត់សម្គាល់ឃើញថា ប្រទេសអូស្ត្រាលីបានទទួលយកកីឡាកររុស្ស៊ីមួចំនួន ដែលមានភាពខ្លាំងក្លា ពិបាកក្នុងការយកឈ្នះ។ ក្រៅពីនេះយើងមានសង្ឃឹមច្រើន ក្នុងការប្រកួតយកឈ្នះក្នុងតំបន់អាស៊ីអាគ្នេយ៍ ដូចជាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ កន្លងទៅនៅកម្ពុជា គឺយើងបានឈ្នះមេដាយសរុបចំនួន ២០គ្រឿង ដែលជាចំនួនមេដាយច្រើនជាងគេ ក្នុងចំណោមប្រភេទកីឡាអូឡាំពិករបស់កម្ពុជា។ បន្ថែមពីលើនេះ សហព័ន្ធចំបាប់កម្ពុជា ដែលធ្វើម្ចាស់ផ្ទះ ជើងឯកអាស៊ីអាគ្នេយ៍ កាលពីអំឡុងខែធ្នូ ឆ្នាំ២០២៣ គឺយើងនៅតែរក្សាបានភាពខ្លាំងក្នុងគុនភាពបច្ចេកទេសល្អ ដោយមានសង្ឃឹមក្នុងការឈ្នះមេដាយ ក្នុងព្រឹត្តិការណ៍ដូចគ្នា ឆ្នាំ២០២៤នេះ នៅប្រទេសថៃ។
ប្រធានសហព័ន្ធកីឡាចំបាប់អាស៊ីអាគ្នេយ៍ លោក ខេស៊ី បាណេត លើកឡើងថា ឆ្នាំ២០២៤នេះ សហព័ន្ធបានសម្រេចផ្តល់សិទ្ធិជូនដល់ប្រទេសថៃជាអ្នករៀបចំការប្រកួតជើងឯកអាស៊ីអាគ្នេយ៍-អូសេអានី គឺដោយសារតែប្រទេសថៃចង់បានបទពិសោធន៍ ក្នុងការសម្រួចឆ្ពោះទៅទទួលរៀបចំធ្វើម្ចាស់ផ្ទះ ការប្រកួតកីឡាស៊ីហ្គេម លើកទី៣៣ នាឆ្នាំ២០២៥ខាងមុខ នៅប្រទេសរបស់ខ្លួនឱ្យកាន់តែដំណើរការដោយរលូន។ ដូច្នេះយើងឃើញផលប្រយោជន៍នេះ គឺយើងបានឯកភាពផ្តល់សិទ្ធិដល់ប្រទេសថៃតែម្តង៕