«គម្ពីរអាថ៌កំបាំងយុទ្ធគុនដូនតាខ្មែរ»នឹងត្រូវសិក្សាស្រាវជ្រាវដល់អតីតអាណាចក្រខ្មែរ

ភ្នំពេញ៖ ថ្មី​ៗ​នេះ សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ចេញ​សេចក្តីសម្រេច​របស់​រាជរដ្ឋាភិបាល​កម្ពុជា ស្តី​ពី​ការ​បង្កើត​គណៈកម្មការ​ស្រាវជ្រាវ​គម្ពីរ​អាថ៌​កំបាំង​យុទ្ធ​គុន​ដូនតា​ខ្មែរ ដោយ​មិន​ត្រឹមតែ​សិក្សា​ស្រា​ជ្រាវ​ចងក្រង​ត្រឹមតែ​នៅ​លើ​ទឹកដី​កម្ពុជា​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​បើក​ការ​សិក្សា​ស្រាវជ្រាវ​ទៅ​ដល់​អតីត​អាណាចក្រ​ខ្មែរ ដូច​ជា​នៅ​អតីត​ទឹកដី​ខ្មែរ កម្ពុជា​ក្រោម ត្រា​ត រហូត​ដល់​មី​យ៉ា​ន់​ម៉ា និង​ឡាវ​ជាដើម​។

នេះ​បើ​តាម​ការ​អះអាង​របស់​ឯកឧត្តម វ៉ា​ត់ ចំរើន អនុប្រធាន​អចិន្ត្រៃយ៍ គណៈកម្មការ​ចំពោះ​កិច្ច​រៀបចំ​ការ​ប្រកួត​កីឡា​យុទ្ធ​គុន​ចម្រុះ​ខ្មែរ​បុរាណ ពានរង្វាន់​សម្តេច​ធិ​បតី លើក​ទី​១ ដែល​គ្រោង​នឹង​រៀបចំ​ប្រកួត​ពី​ថ្ងៃ​ទី​១៨-២០ ខែតុលា ឆ្នាំ​២០២៤​។

ឯកឧត្តម វ៉ា​ត់ ចំរើន គូសបញ្ជាក់​យ៉ាង​ដូច្នេះ​ថា ៖«​សេចក្តីសម្រេច​លេខ ១៨១ សសរ ចុះ​ថ្ងៃ​ទី​១១ ខែកញ្ញា ឆ្នាំ​២០២៤​របស់​រាជរដ្ឋាភិបាល ស្តី​ពី​ការ​បង្កើត​គណៈកម្មការ​ស្រាវជ្រាវ​គម្ពីរ​អាថ៌​កំបាំង​យុទ្ធ​គុន​ដូនតា​ខ្មែរ ដើម្បី​ស្រាវជ្រាវ ដែល​ក្នុង​នោះ​មាន​ក្រុម​ជំនុំ​ពិសេស​មួយ ដែល​មានការ​ចូលរួម​ពី​រាជបណ្ឌិត្យសភាកម្ពុជា សាស្ត្រាចារ្យ អ្នក​ស្រាវជ្រាវ ប្រវត្តិវិទូ អ្នក​ស្រាវជ្រាវ​ស្លឹករឹត សិលាចារឹក អ្នក​ស្រាវជ្រាវ​យុទ្ធ​គុន​ពី​មុន​ៗ​មួយ​ក្រុម​។ ក្រុម​ជំនុំ​នេះ​នឹង​ស្រាវជ្រាវ​ឱ្យ​មាន​ភាព​ជាក់លាក់​នៃ​ភាព​សម្បូរ​បែប​របស់​យុទ្ធ​គុន​ដូនតា​ខ្មែរ​។ ដូច្នេះ យើង​ប្រមែ​ល​ប្រមូល​ធាតុ​ផ្សំ​ផ្សេង​ៗ​បូក​ផ្សំ​ទាំង​សិលាចារឹក និង​តឹកតាង​ផ្សេង​ៗ​ទៀត ក្នុង​ប្រវត្តិសាស្ត្រ​របស់​កម្ពុជា ហើយ​ការ​ស្រាវជ្រាវ​នេះ​មិន​ត្រឹមតែ​ស្ថិត​នៅ​លើក​ទឹកដី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​ស្រាវជ្រាវ​ទៅ​ដល់​អតីត​អាណាចក្រ​ខ្មែរ ទៅ​ទៀត ដែល​នៅ​សេសសល់​នៅ​លើ​ទឹកដី​កម្ពុជា​ក្រោម ត្រា​ត នៅ​ខាង​អាណាចក្រ​ដើម​របស់​ខ្មែរ រហូត​ដល់​មី​យ៉ា​ន់​ម៉ា ឡាវ​ជាដើម​»​។

«​ទាំង​អស់នេះ គឺជា​ការ​ជីក​កកាយ​យក​មក​រៀបចំ​ចងក្រង​ឱ្យ​ឃើញ​ថា យុទ្ធ​គុន​ខ្មែរ​បុរាណ​មាន​ភាព​ចម្រុះ​ច្រើន ដោយ​ភាព​សម្បូរ​បែប​នេះ​ហើយ ដែល​ជា​រតនៈសម្បត្តិ​វប្បធម៌​ជាតិ​របស់​យើង ដោយ​យើង​ត្រូវ​កំណត់​និយម​ន័យ ទ្រឹស្តី​ឱ្យ​បាន​ច្បាស់លាស់​ថា​តើ​ក្បាច់គុន​ខ្មែរ​យើង​មាន​ភាព​ខុស​ប្លែក​ពី​ក្បាច់គុន​គេ​យ៉ាងដូច​ម៉េច​។ បន្ថែម​ពីលើ​នេះ យើង​មិន​ត្រឹមតែ​ស្រាវជ្រាវ​តែ​ទៅ​លើ​យុទ្ធ​គុន​ប៉ុណ្ណោះ​ទេ គឺ​ថែម​ទាំង​ស្រាវជ្រាវ​លើ​យុទ្ធ​មន្ត ដែល​មាន​ន័យ​ថា ដូនតា​ខ្មែរ ព្រះមហាក្សត្រ​គ្រប់​ជំនាន់​នៃ​សម័យ​អង្គរ​មាន​ភាព​ខ្លាំងក្លា ដោយសារ​យុទ្ធ​មន្ត​។ ការ​រៀន​យុទ្ធ​មន្ត ដើម្បី​ផ្គុំ​ប​ញ្ជូ​ល​គ្នា​ជាមួយ​យុទ្ធ​គុន ក្នុង​ការ​ពង្រីក​ទឹកដី និង​ការ​កសាង​អាណាចក្រ​ខ្មែរ​ដ៏​រុងរឿង​»​។ ឯកឧត្តម វ៉ា​ត់ ចំរើន បាន​បន្ថែម​។

អនុប្រធាន​អចិន្ត្រៃយ៍​សង្កត់ធ្ងន់​ទៀត​ថា យុទ្ធ​មន្ត យុទ្ធសាស្ត្រ នៅ​ក្នុង​ការ​ធ្វើសង្គ្រាម​ក៏​យើង​ត្រូវ​ជីក​កកាយ​ឡើង​វិញ​ដែរ ដើម្បី​ដាក់​ជូន​ឱ្យ​ប្រជាពលរដ្ឋ​បានឃើញ​។ នៅ​ក្នុង​ការ​ប្រកួត​យុទ្ធ​គុន​ខ្មែរ​បុរាណ ពានរង្វាន់​សម្តេច​ធិ​បតី យើង​នឹង​ដាក់​បង្ហាញ​នូវ​ភស្តុ​តាង​នៃ​វីរភាព​មួយ​ចំនួន ដែល​ព្រះមហាក្សត្រ​ខ្មែរ​ជាម​ហា​បុរស​យុទ្ធ​គុន​ចម្រុះ​ខ្មែរ​បុរាណ ហើយ​ព្រះមហាក្សត្រ​ណា ដែល​យើង​លើកតម្កើង​ជា​មហាយុទ្ធ​គុន​កំពូល​ក៏​យើង​ដាក់​តាំង​បង្ហាញ​ជូន​ប្រជាពលរដ្ឋ​ឱ្យ​បានដឹង​។

គួរ​បញ្ជាក់​ថា នា​ថ្ងៃ​ទី​១១ ខែកញ្ញា ឆ្នាំ​២០២៤ រាជរដ្ឋាភិបាល​បាន​សម្រេច​បង្កើត​គណៈកម្មការ​ស្រាវជ្រាវ​គម្ពីរ​អាថ៌​កំបាំង​យុទ្ធ​គុន​ដូនតា​ខ្មែរ ដែល​មាន​ឯកឧត្តម​បណ្ឌិត​ទេស​រដ្ឋមន្ត្រី ថោ​ង ខុន ជា​ប្រធាន និង​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយក​រដ្ឋមន្ត្រី រដ្ឋលេខាធិការ និង​អភិបាល​រាជធានី​-​ខេត្ត​ពាក់ព័ន្ធ ជា​អនុប្រធាន និង សមាជិក​សរុប ១៨​រូប និង​មាន​អនុ​គណៈកម្មការ​ប្រតិបត្តិ ជា​សេនាធិការ​ដឹកនាំ​ដោយ ឯកឧត្តម វ៉ា​ត់ ចំរើន​។ គណៈកម្មការ​មាន​ភារកិច្ច​ដឹកនាំ គាំទ្រ និង​សម្រប​សម្រួលការ​អនុវត្ត​លើ​ការងារ​សិក្សា​ស្រាវជ្រាវ​គម្ពីរ​អាថ៌​កំបាំង​យុទ្ធ​គុន​ដូនតា​ខ្មែរ ដើម្បី​យក​មក​រៀបចំ​ចងក្រង​៕

Previous articleឯកឧត្តមបណ្ឌិត ថោង ខុន៖ កីឡាករ កីឡាការិនី ២៥៤នាក់ចុះឈ្មោះចូលរួម ប្រកួតកីឡាយុទ្ធគុនចម្រុះខ្មែរបុរាណ ពានសម្តេចធិបតី លើកទី១
Next articleChelsea បញ្ជូនក្រុមការងារទៅតាមដានខ្សែប្រយុទ្ធរបស់ Leverkusen