ភ្នំពេញ៖ កីឡាករ កីឡាការិនីបានចុះឈ្មោះចូលរួមប្រកួតកីឡាយុទ្ធគុនចម្រុះខ្មែរបុរាណ ពានរង្វាន់សម្តេចធិបតី លើកទី១ ពីថ្ងៃទី១៨-២០ ខែតុលា ឆ្នាំ២០២៤បានចំនួនជិត ៣០០នាក់ហើយ ខណៈកីឡាករប្រដាល់គុនខ្មែរលំដាប់កំពូលល្បីៗជាច្រើនទៀត និងអ្នកប្រដាល់គុនខ្មែរ ធឿន ធារ៉ា និងឈឿង ល្វៃ នឹងប៉ះគ្នាក្នុងប្រភេទទម្ងន់ ៧៥គីឡក្រាមម្តងទៀត ក្រោយខកខានជួបគ្នារយៈពេល ៥-៦ ឆ្នាំមកហើយ។
នេះបើតាមការបញ្ជាក់របស់ឯកឧត្តម វ៉ាត់ ចំរើន អនុប្រធានអចិន្ត្រៃយ៍ គណៈកម្មការចំពោះកិច្ចរៀបចំការប្រកួតកីឡាយុទ្ធគុនចម្រុះខ្មែរបុរាណ ពានរង្វាន់សម្តេចធិបតី កាលពីល្ងាចថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤ នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) នៅក្រោយបញ្ចប់កិច្ចប្រជុំភាគីពាក់ព័ន្ធ ដែលបានធ្វើឡើងក្រោមវត្តមានដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិត ថោង ខុន ទេសរដ្ឋមន្ត្រី និងជាប្រធានគណៈកម្មការចំពោះកិច្ច។
ឯកឧត្តម វ៉ាត់ ចំរើន គូសបញ្ជាក់ថា ៖«ការរៀបចំរបស់គណៈកម្មការកំពុងដំណើរការដោយរលូន ខណៈការចុះឈ្មោះរបស់កីឡាករ កីឡាការិនីយុទ្ធគុនចម្រុះគ្រប់ប្រភេទ គ្រប់ទម្រង់ទាំងអស់បានជិត ៣០០នាក់ហើយៗយើងនៅបន្តទទួលការចុះឈ្មោះបន្ថែមទៀត ក្នុងនោះខាងកងយោធពលខេមរភូមិន្ទបានចុះឈ្មោះប្រមាណ ៥០នាក់ដែរ សរុបបានជាង ១០០នាក់»។ កាលពីពេលមុន គណៈកម្មការបានកំណត់ការបិទបញ្ជីនៃការចុះឈ្មោះត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ ប៉ុន្តែពេលនេះ គណៈកម្មការពន្យារពេលនៃការចុះឈ្មោះចំនួន ១០ថ្ងៃបន្ថែមទៀត ដូច្នេះការបិទបញ្ជីនៃការចុះឈ្មោះនឹងបន្តរហូតដល់ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤ ដោយកីឡាករ កីឡាការិនីអាចចុះឈ្មោះតាមសហព័ន្ធពាក់ព័ន្ធក៏បាន ឬអាចទំនាក់ទំនងតាមរយៈលេខទូរស័ព្ធនៅក្នុងវីដេអូផ្សព្វផ្សាយដែលទើបនឹងចេញថ្មីៗនេះក៏បាន»។
អនុប្រធានអចិន្ត្រៃយ៍បានសង្កត់ធ្ងន់ទៀតថា ៖«អ្វីដែលពិសេសក្នុងព្រឹត្តិការណ៍នេះនឹងមានកីឡាករកំពូលល្បីៗ ចូលរួមប្រកួតយុទ្ធគុនចម្រុះខ្មែរបុរាណ ពានរង្វាន់សម្តេចធិបតី ក្នុងនោះសហព័ន្ធកីឡាប្រដាល់គុនខ្មែរបានបញ្ជូនឈ្មោះកីឡាករប្រដាល់គុនខ្មែរកម្រិតអាជីព លើប្រភេទទម្ងន់ ៦៥គ.ក្រ និង ៧៥គ.ក្រ ខណៈកីឡាករ ធឿន ធារ៉ា និងកីឡាករ ឈឿង ល្វៃ ក្នុងប្រភេទទម្ងន់ ៧៥គ.ក្រ នឹងត្រូវប៉ះគ្នា ដោយកីឡាករទាំងពីរនាក់នេះខកខានប៉ះគ្នា ៥-៦ឆ្នាំហើយៗ។ សូមមហាជនរង់ចាំទស្សនាការប្រកួតរបស់ធឿន ធារ៉ានិងឈឿង ល្វៃ នឹងកាន់តែជក់ចិត្តយ៉ាងណាខ្លះក្នុងការប្រកួតកីឡាយុទ្ធគុនចម្រុះខ្មែរបុរាណ។ ក្រៅពីនេះ នឹងមានកីឡាករ កីឡាការិនីលំដាប់កំពូលល្បីៗជាច្រើននាក់ទៀតក្នុងប្រភេទកីឡាប្រដាល់គុនខ្មែរ គុនល្បុក្កតោ និងប្រភេទយុទ្ធគុនផ្សេងៗទៀតមានលក្ខណៈបែបណា ក្នុងការបង្ហាញសមត្ថភាពរបស់ខ្លួន ស្របទៅតាមបទបញ្ជាការប្រកួតថ្មី ដែលមានលក្ខណៈច្បាស់លាស់»។
ជុំវិញដំណើររៀបចំនេះ ឯកឧត្តម វ៉ាត់ ចំរើន បានពន្យល់ថា កិច្ចប្រជុំគណៈកម្មការចម្រុះគ្រប់សមាសភាពពាក់ព័ន្ធ ក្នុងនោះមានការលើកឡើងនៃវឌ្ឍនភាពការងារ ការរៀបចំនៃការចុះឈ្មោះ ការផ្សព្វផ្សាយ និងត្រៀមលក្ខណៈលើការងារមួយចំនួនទៀត ដើម្បីជំរុញឱ្យព្រឹត្តិការណ៍ប្រកួតរយៈពេល ៣ថ្ងៃ ១៨-២០ ខែតុលា ឆ្នាំ២០២៤ នៅវិមានពហុកីឡដ្ឋានជាតិអូឡាំពិក កាន់តែគគ្រឹកគគ្រេង។ អ្វីដែលកាន់តែទាក់ទាញបន្ថែមទៀតនោះ នឹងមានការតាំងពិព័រណ៍នូវប្រវត្តិយុទ្ធគុនរបស់ដូនតាខ្មែរយើង តាមរយៈការដាក់តាំងបង្ហាញផ្ទាំងផ្សព្វផ្សាយសិលាចារឹក រូបភាព ខ្លឹមសារពាក់ព័ន្ធសិលាចារឹករបស់ព្រះមហាក្សត្រសម័យអង្គរ ដែលមានបារមីចេស្តា និងយុទ្ធគុនរបស់ព្រះអង្គនីមួយៗ។
ក្នុងនាមគណៈកម្មការចំពោះកិច្ច ឯកឧត្តមបានអំពាវនាវដល់ប្រជាពលរដ្ឋ សិស្សនិស្សិត យុវជននានាអាចចូលរួមទស្សនាគាំទ្រការប្រកួតដោយសេរី ដោយមានកៅអីអង្គុយទស្សនា ២០០០កៅអី និងអាចឈ្វេងយល់អំពីការតាំងពិព័រណ៍នៃសិលាចារឹកយុទ្ធគុនដូនតាខ្មែររបស់យើង។ ក្នុងនាមគណៈកម្មការសូមការគាំទ្ររបស់ប្រជាពលរដ្ឋទាំងអស់ ដើម្បីរួមចំណែកជំរុញដល់ការអភិរក្ស និងអភិវឌ្ឍយុទ្ធគុនដូនតាខ្មែរបស់យើង។
ដោយឡែកចំពោះការចូលរួមឧបត្ថម្ភគាំទ្ររបស់បណ្តាក្រុមហ៊ុននានាសម្រាប់ព្រឹត្តិការណ៍កីឡាថ្នាក់ជាតិដ៏ធំមួយនេះក៏មានភាពផុសផុលខ្លាំងដែរ ហើយបណ្តាក្រុមហ៊ុនទាំងអស់នោះបានស្ម័គ្រចិត្តចូលរួមឧបត្ថម្ភគាំទ្រក្នុងស្មារតីសប្បុរសធម៌ ដោយមិនទាមទារលើការស្វែងរកភាពចំណេញខាត ក្នុងបុព្វហេតុអភិរក្ស និងអភិវឌ្ឍព្រឹត្តិការណ៍ប្រកួតយុទ្ធគុនចម្រុះខ្មែរបុរាណនេះឡើយ៕