ព្រឹត្តិការណ៍ប្រកួតកីឡាយុទ្ធគុនចម្រុះខ្មែរបុរាណ “ពានរង្វាន់សម្តេចបវរធិបតី ” បានប្រកាសបើកជាផ្លូវការណ៍ ក្រោមធិបតីភាពឯកឧត្ដមទេសរដ្ឋមន្ត្រី ថោង ខុន

ភ្នំពេញ៖ ព្រឹត្តិការណ៍​ប្រកួត​កីឡា​យុទ្ធ​គុន​ចម្រុះ​ខ្មែរ​បុរាណ “​ពានរង្វាន់​សម្តេច​បវរ​ធិ​បតី ” បាន​ប្រកាស​បើក​ជា​ផ្លូវការ នា​ព្រឹក​ថ្ងៃ​ទី​១៨ ខែតុលា ឆ្នាំ ២០២៤ ក្រោម​ធិ​បតី​ភាព​ឯកឧត្ដម​បណ្ឌិត ថោ​ង ខុន ទេស​រដ្ឋមន្ត្រី​ទទួល​បន្ទុក​បេស​កម្ម​ពិសេស និង​ជា​ប្រធាន​គណៈកម្មការ​ចំពោះ​កិច្ច​រៀបចំ​ការ​ប្រកួត​កីឡា​យុទ្ធ​គុន​ចម្រុះ​ខ្មែរ​បុរាណ “​ពានរង្វាន់​សម្ដេច​ធិ​បតី​” (​គ​.​ច​.​យ​.​ខ​.​ព​) តំណាង​ដ៏​ខ្ពង់ខ្ពស់​សម្ដេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។

ក្នុង​ឱកាស​នោះ ឯកឧត្ដម​បណ្ឌិត ថោ​ង ខុន បាន​មាន​ប្រសាសន៍​ថា ការ​រៀបចំ​ឱ្យ​មាននូវ​ព្រឹត្តិការណ៍​ប្រកួត​យុទ្ធ​គុន​ចម្រុះ​ខ្មែរ​បុរាណ​ជា​ប្រវត្តិសាស្ត្រ​នេះ​ឡើង​គឺ​ក្រោម​គំនិត​ផ្តួចផ្តើម ដ៏​ខ្ពង់ខ្ពស់​ប្រកបដោយ​ចក្ខុវិស័យ​វែង​ឆ្ងាយ​របស់ សម្តេច​បវរ​ធិ​បតី​នាយក​រដ្ឋមន្ត្រី ក្នុង​គោលដៅ​លើកកម្ពស់ អភិរក្ស និង​អភិវឌ្ឍ “​មរតក​យុទ្ធ​គុន​ដូនតា​ខ្មែរ​”​។

ឯកឧត្ដម​បណ្ឌិត​បន្ត​ថា ការ​ប្រកួត​កីឡា​យុទ្ធ​គុន​ចម្រុះ​ខ្មែរ​បុរាណ “​ពានរង្វាន់​សម្តេច​បវរ​ធិ​បតី​” នេះ គឺជា​ព្រឹត្តិការណ៍​កីឡា​-​វប្បធម៌​-​ទេសចរណ៍​ដ៏​មាន​សារៈសំខាន់ និង​មានគុណ​តម្លៃ​ថ្លៃថ្លា​បំផុត ក្នុង​ការ​រួមចំណែក​គាស់​រំលេច​ឡើង​វិញ​នូវ​យុទ្ធ​គុន​បុរាណ ក្បួន​យុទ្ធ​គុន យុទ្ធ​សិល្ប៍ យុទ្ធោបករណ៍​បុរាណ និង​យុទ្ធសាស្ត្រ​សង្គ្រាម​របស់​ព្រះ​មហា​វីរក្សត្រ និង​វីរ​បុព្វបុរស​ដូនតា​ខ្មែរ​គ្រប់​ជំនាន់​បាន​ប្រើប្រាស់​ជា​មូលដ្ឋាន​ក្នុង​ការ​បង្កើត​បាន​អាណាចក្រ ខ្មែរ​ដ៏​រឹង​មាំ​នា​សម័យ​បុរាណ ព្រម​ជាមួយ​នេះ​ក៏​ដើម្បី​សិក្សា​ស្រាវជ្រាវ​ប្រវត្តិ​យុទ្ធ​គុន ស្វែងរក​ប្រភព​ឯកសារ​បុរាណ និង​ទស្សនវិជ្ជា​យុទ្ធ​គុន​ដូនតា​ខ្មែរ ដែល​នៅ​សេសសល់ ហើយ​ដែល​កំពុង​កប់​បាត់​ក្នុង​សហគមន៍ ដើម្បី​យក​មក​រៀបចំ​ជា​ឯកសារ ទាំង​ឯកសារ​សំ​ណេ​រ និង​ឯកសារ​ឌី​ជី​ថ​ល​របស់​ជាតិ​សម្រាប់​បន្សល់​ទុក​ឱ្យ​កូន​ខ្មែរ​គ្រប់​ជំនាន់​ប្រើប្រាស់ ជា​មូលដ្ឋាន​។

ឆ្លៀត​ក្នុង​ឱកាស​នេះ ឯកឧត្ដម​ទេស​រដ្ឋមន្ត្រី បាន​សម្តែង​នូវ​ការ​កោតសរសើរ​ចំពោះ គណៈកម្មការ​ចំពោះ​កិច្ច​រៀបចំ​ការ​ប្រកួត​កីឡា​យុទ្ធ​គុន​ចម្រុះ​ខ្មែរ​បុរាណ “​ពានរង្វាន់​សម្តេច​បវរ​ធិ​បតី​” និង​អនុ​គណៈកម្មការ​ប្រតិបត្តិ ដែល​បាន​បាន​ខិតខំ​អនុវត្ត​ការងារ និង​បាន​សហការ​យ៉ាង​ជិត​ស្និទ្ធ​ជាមួយ​សហព័ន្ធ​កីឡា​យុទ្ធ​គុន​ចម្រុះ​កម្ពុជា ក្នុង​ការ​រៀបចំ​ទីលាន​ប្រកួត និង​លក្ខណៈ​បច្ចេកទេស​រួម​មួយ ទំនើប និង​ស្តង់ដា​កីឡា និង​បាន​សហការ​យ៉ាង​ល្អជា​មួយ​ក្រសួង​-​ស្ថាប័ន អាជ្ញាធរ​ពាក់ព័ន្ធ រៀបចំ​ទទួល​បដិសណ្ឋារកិច្ច​យ៉ាង​កក់ក្តៅ​ដល់​ប្រតិភូ​កីឡា កីឡាករ​-​កីឡាការិនី មន្ត្រី​បច្ចេកទេស និង​ព្រឹទ្ធាចារ្យ​យុទ្ធ​គុន រួម​ទាំង​ការ​រៀបចំ​កន្លែង​ស្នាក់​នៅ ម្ហូបអាហារ និង​ដឹក​ជញ្ជូន ការ​រៀបចំ​សន្តិសុខ សណ្តាប់ធ្នាប់ និង​សង្គ្រោះ​បន្ទាន់​ផង​ដែរ​។

ទន្ទឹម​គ្នា​នេះ​ផង​ដែរ ឯកឧត្ដម​បណ្ឌិត ក៏​បាន​អំណរ​គុណ​ដល់​ប្រតិភូ​កីឡា​ជាតិ​, ទីស្ដីការគណៈរដ្ឋមន្ត្រី​, ក្រសួងមហាផ្ទៃ​, ក្រសួងការពារជាតិ​, ក្រសួង​អប់រំ យុវជន និង​កីឡា​, ក្រសួង​ព័ត៌មាន​, ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​, ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​, ក្រសួងសុខាភិបាល​, ក្រសួងទេសចរណ៍​, គណៈកម្មាធិការ​ជាតិ​រៀបចំ​បុណ្យ​ជាតិ​- អន្តរជាតិ​, សាលា​រាជធានី​ភ្នំពេញ​, អគ្គិសនី​កម្ពុជា​, សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​, កង​យោធពលខេមរភូមិន្ទ​, បញ្ជាការដ្ឋាន​ទ័ព​ពិសេស​៩១១, កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​, អគ្គស្នងការ​នគរបាល​ជាតិ​, ក្រសួង ស្ថាប័ន អាជ្ញាធរ ពាក់ព័ន្ធ​, សហព័ន្ធ​កីឡា​ជាតិ​យុទ្ធ​គុន​ខ្មែរ​បុរាណ​ទាំងអស់​, ក្បាច់គុន​កង​យោធពលខេមរភូមិន្ទ​, ព្រឹទ្ធាចារ្យ​យុទ្ធ​គុន​, ក្រុមហ៊ុន​សហការ​ឧបត្ថម្ភ និង​សមាជិក​នៃ​គណៈកម្មការ​ចំពោះ​កិច្ច​រៀបចំ​ការ​ប្រកួត​កីឡា​យុទ្ធ​គុន​ចម្រុះ​ខ្មែរ​បុរាណ “​ពានរង្វាន់​សម្តេច​បវរ​ធិ​បតី​” ទាំងអស់​ដែល​បាន​រួម​កម្លាំង និង​សហការ​គ្នា​បាន​យ៉ាង​ល្អ ដើម្បី​ធានា​ឱ្យ​ដំណើរការ​រៀបចំ​ព្រឹត្តិការណ៍​ប្រកួត​កីឡា​យុទ្ធ​គុន​ចម្រុះ​ខ្មែរ​បុរាណ “​ពានរង្វាន់​សម្តេច​បវរ​ធិ​បតី​” ជា​ប្រវត្តិសាស្ត្រ​នេះ ប្រព្រឹត្ត​ទៅ​ដោយ​រលូន និង​ទទួល​បាន​ជោគជ័យ ។

សូម​ជម្រាប​ថា ការ​ប្រកួត​កីឡា​យុទ្ធ​គុន​ចម្រុះ​ខ្មែរ​បុរាណ “​ពានរង្វាន់​សម្ដេច​ធិ​បតី​” នឹង​ប្រព្រឹត្ត​ទៅ​រយៈពេល ៣​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​១៨ ដល់ ថ្ងៃ​ទី​២០ ខែតុលា ឆ្នាំ​២០២៤ នៅ​វិមាន​ពហុ​កីឡដ្ឋាន​ជាតិ​អូ​ឡាំ​ពិ​ក ដោយ​សម្ដេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ដ្រី​នៃ​កម្ពុជា នឹង​ផ្ដល់​កិត្តិយស​ដ៏​ខ្ពង់ខ្ពស់​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បិទ​ការ​ប្រកួត​ផ្លូវការ ៕

Previous articleឯកឧត្តម វ៉ាត់ ចំរើន៖ គណៈកម្មការកំណត់យកចំនួនកីឡាករ កីឡាការិនី ៤០០នាក់ សម្រាប់ការប្រកួតយុទ្ធគុនចម្រុះ ពានរង្វាន់សម្តេចបវរធិបតី
Next articleឯកឧត្តមទេសរដ្ឋមន្ដ្រី ថោង ខុន ៖ ការប្រកួតកីឡាយុទ្ធគុនចម្រុះខ្មែរបុរាណ «ពានរង្វាន់សម្តេចបវរធិបតី» គឺជាព្រឹត្តិការណ៍កីឡា-វប្បធម៌-ទេសចរណ៍ ដ៏មានសារៈសំខាន់