លោកស្រី ចូវ សុធារ៉ា ៖ ការប្រកួតកីឡាចំបាប់សាកល្បងបច្ចេកទេសយុវជនថ្នាក់ជាតិ ជាព្រឹត្តិការណ៍ដ៏សំខាន់ ដើម្បីផលិតធនធានឆ្ពោះទៅ កីឡាយុវជនអាស៊ី ២០២៩

ភ្នំពេញ៖ លោកស្រី ចូ​វ សុធា​រ៉ា មន្ត្រី​គណៈកម្មការ​បច្ចេកទេស​នៃ​សហព័ន្ធ​កីឡា​ចំបាប់​កម្ពុជា​បាន​គូសបញ្ជាក់​ថា ការ​ប្រកួត​កីឡា​ចំបាប់​សាកល្បង​បច្ចេកទេស​យុវជន​ថ្នាក់​ជាតិ រយៈពេល ពីរ​ថ្ងៃ ១៧-១៨ ខែតុលា ឆ្នាំ​២០២៤ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូ​ឡាំ​ពិ​ក ចន្លោះ​៨-១០​ឆ្នាំ និង​១៥-១៧​ឆ្នាំ គឺ​ព្រឹត្តិការណ៍​មួយ ដ៏​សំខាន់ ក្នុង​ការ​ផលិត​ធនធាន​ថ្នាល​យុវជន​ឱ្យ​កាន់តែ​សម្បូរ​បែប និង​គុណភាព ដើម្បី​ត្រៀម​ឆ្ពោះទៅ​ចូលរួម​ការ​ប្រកួត​អន្តរជាតិ ជា​ពិសេស​ត្រៀម​ទទួល​ធ្វើ​ម្ចាស់ផ្ទះ ការ​ប្រកួត​កីឡា​យុវជន​អាស៊ី លើក​ទី​៥ នា​ឆ្នាំ​២០២៩ នៅ​កម្ពុជា​។

លោកស្រី ចូ​វ សុធា​រ៉ា គូសបញ្ជាក់​ថា ការ​ប្រកួត​នេះ​គឺជា​ការ​ផ្សា​ភ្ជាប់​របស់​សិក្ខាកាម​វគ្គ​វគ្គ​សាមគ្គី​អូ​ឡាំ​ពិ​ក​ស្ដី​ពី​ការ​អភិវឌ្ឍ​ប្រព័ន្ធ​កីឡា​ជាតិ សម្រាប់​កីឡា​ចំបាប់​ចូលរួម​ព្រឹត្តិការណ៍​នេះ ក្រោម​ឧបត្ថម្ភ​គាំទ្រ​ពី​លោក ខេ​ស៊ី បា​ណេ​ត អនុប្រធាន​សហព័ន្ធ​កីឡា​ចំបាប់​កម្ពុជា​។ ការ​ប្រកួត​នេះ​មាន​កីឡាករ កីឡាការិនី​វ័យក្មេង​ចំនួន ១០៤​នាក់​មក​ពី​១១​សមាគម​-​ក្លឹ​ប​។ គោលបំណង​នៃ​ការ​ប្រកួត​នេះ ដើម្បី​ស្វែងរក និង​ពង្រឹងគុណភាព​ថ្នាល​យុវជន ក្នុង​ដំណើរ​ឆ្ពោះទៅ​ទទួល​រៀបចំ​ធ្វើ​ម្ចាស់ផ្ទះ ការ​ប្រកួត​កីឡា​យុវជន​អាស៊ី លើក​ទី​៥ នា​ឆ្នាំ​២០២៩ នៅ​កម្ពុជា​។

លោកស្រី​បន្ថែម​ថា នេះ​ជា​ការ​រៀបចំ​ការ​ប្រកួត​ជា​លើក​ដំបូង​ហើយ​បើ​លើក​នេះ​ទទួល​បាន​ជោគជ័យ នោះ​ថ្នាក់ដឹកនាំ​សហព័ន្ធ​កីឡា​ចំបាប់​កម្ពុជា ដូច​ជា​ឯកឧត្តម វ៉ា​ត់ ចំរើន ប្រធាន​សហព័ន្ធ និង​លោក ខេ​ស៊ី បា​ណេ​ត អនុប្រធាន​នឹង​បន្ត​រៀបចំ​នៅ​ឆ្នាំ​បន្តបន្ទាប់ ដើម្បី​ពង្រឹង​យុវជន​ថ្នាល​ឱ្យ​កាន់តែ​មានគុណ​ភាព និង​ត្រៀម​ឆ្ពោះទៅ​ជោគជ័យ ក្នុង​នាម​ជា​ម្ចាស់ផ្ទះ កីឡា​យុវជន​អាស៊ី ២០២៩ ជា​ប្រវត្តិសាស្ត្រ​ថ្មី​មួយទៀត​របស់​កម្ពុជា​។

ការ​រៀបចំ​ការ​ប្រកួត​ជា​លើក​ដំបូង​នេះ ត្រូវ​បាន​លោកស្រី ចូ​វ សុធា​រ៉ា ដែល​ជា​អ្នកជំនាញ​កីឡា​កម្ពុជា និង​ជា​អតីត​កីឡាការិនី​ចំបាប់​ជម្រើសជាតិ​កម្ពុជា​ដ៏​ឆ្នើម​ផង​នោះ​ចាត់​ទុក​ថា​ព្រឹត្តិការណ៍​មួយ​ដ៏​មាន​សារៈសំខាន់ ក្នុង​គោលដៅ​ផលិត​ធនធាន​ថ្នាល​យុវជន​បន្តវេន​កីឡា​ចំបាប់ ហើយ​បើ​មិន​មាន​ផែនការ​ផលិត​ធនធាន​ថ្នាល​ទេ​នោះ ប្រភេទ​កីឡា​ចំបាប់​នឹង​អាច​បាត់បង់​ទៅ​វិញ ជា​ពិសេស​ខ្មែរ​យើង​ក៏​មាន​ប្រភេទ​កីឡា​ចំបាប់​បុរាណ​ផង​ដែរ​៕

Previous articleឯកឧត្តមទេសរដ្ឋមន្ដ្រី ថោង ខុន ៖ ការប្រកួតកីឡាយុទ្ធគុនចម្រុះខ្មែរបុរាណ «ពានរង្វាន់សម្តេចបវរធិបតី» គឺជាព្រឹត្តិការណ៍កីឡា-វប្បធម៌-ទេសចរណ៍ ដ៏មានសារៈសំខាន់
Next articleSmith Rowe៖ ការចាកចេញពីក្លឹប Arsenal គឺជាការធ្វើអោយខ្លួនឯងរីករាយ