កីឡាករកូឡុំប៊ីចូលសញ្ជាតិខ្មែរ Andres Nieto រីករាយក្លាយជាសមាជិកក្រុមជម្រើសជាតិកម្ពុជា ដែលសុបិនក្លាយជាការពិត

ភ្នំពេញ៖ កីឡាករ​បាល់ទាត់​សញ្ជាតិ​ដើម​កូ​ឡុំ​ប៊ី Andres Nieto ដែល​បាន​ចូលសញ្ជាតិ​ខ្មែរ​និង​ត្រូវ​បាន​កោះហៅ​ឱ្យ​ចូលរួម​ក្នុង​ក្រុម​ជម្រើសជាតិ​កម្ពុជា​បាន​បង្ហាញ​ក្តី​រីករាយ ដែល​សមាជិក​ក​ក្រុម​ជម្រើសជាតិ​កម្ពុជា​រូប​នេះ​បាន​ចាត់​ទុក​ថា នេះ​ជា​ក្តី​សុបិន​បាន​ក្លាយជា​ការ​ពិត ក្រោយ​ប្រកប​អាជីព​បាល់ទាត់​នៅ​ប្រទេស​កម្ពុជា​អស់​រយៈពេល ៥​ឆ្នាំ​។

ក្នុង​ឱកាស​ប្រមូលផ្តុំ​ហ្វឹកហាត់​ជាមួយ​ក្រុម​ជម្រើសជាតិ​កម្ពុជា ត្រៀម​ពាន ASEAN Mitsubishi Electric Cup 2024 ពី​ថ្ងៃ​ទី​០៨ ខែធ្នូ ឆ្នាំ​២០២៤ តទៅ ខ្សែប្រយុទ្ធ​មក​ពី​ក្លឹ​ប​ភ្នំពេញ​ក្រោ​ន Andres Nieto បាន​លើក​ឡើង​លើ​គណនី​ហ្វេ​ស​ប៊ុ​ក​របស់​ខ្លួន​ថា ៖«​ខ្ញុំ​ជា​ជនជាតិ​ខ្មែរ កំពុង​រស់នៅ​ក្នុង​អារម្មណ៍​ដ៏​វិសេសវិសាល ក្រោយ​ទទួល​បាន​សញ្ជាតិ​ខ្មែរ ត្រៀម​ជួយ​ក្រុម​ជម្រើសជាតិ​កម្ពុជា ក្នុង​ពានរង្វាន់​អាស៊ាន​នេះ​។ ចាប់តាំងពី​ប្រកប​អាជីព​បាល់ទាត់​ក្នុង​ប្រទេស​កម្ពុជា រយៈពេល​៥​ឆ្នាំ ទីបំផុត ខ្ញុំ​បាន​ក្លាយជា​ពលរដ្ឋ​ខ្មែរ​ម្នាក់ ដែល​ជា​សុបិន​ក្លាយជា​ការ​ពិត​»​។

កីឡាករ Andres Nieto ថ្លែងអំណរគុណ​ដល់​ក្លឹ​ប​ភ្នំពេញ​ក្រោ​ន ដែល​បើកទ្វារ​ឱ្យ​ខ្លួន​មក​កម្ពុជា ដើម្បី​បង្ហាញ​ទេព​កោសល្យ​របស់​ខ្លួន​។ កីឡាករ​ចូលសញ្ជាតិ​ខ្មែរ​រូប​នេះ​ក៏​បាន​ថ្លែងអំណរគុណ​ចំពោះ​ព្រះរាជាណាចក្រ​កម្ពុជា សហព័ន្ធ​បាល់ទាត់​កម្ពុជា និង​អ្នកគាំទ្រ​ទាំងអស់ នៃ​ដំណើរការ​ដ៏​មាន​សារៈសំខាន់​សម្រាប់​អាជីព​បាល់ទាត់ និង​អនាគត​របស់​រូបគេ​ផង​ដែរ​។ Nieto សន្យា​ថា នឹង​លេង​តំណាង​ឱ្យ​ប្រទេស​ដ៏​ស្រស់​ស្អាត​មួយ​នេះ ដោយ​ការ​គោរព​បំផុត និង​ប្រកបដោយ​វិជ្ជា​ជីៈ ដូច​អ្វី​ដែល​ខ្លួន​ធ្លាប់​ធ្វើ​នៅ​ប្រទេស​ដើម​កំណើត កូ​ឡុំ​ប៊ី​។ Nieto ប្តេជ្ញា​ថា​នឹង​ប្រឹងប្រែង​សម្រប​ខ្លួន​ជាមួយ​កីឡាករ​ក្នុង​ក្រុម​ទាំងមូល ដើម្បី​ការ​ប្រកួត​របស់​កម្ពុជា​។

យោង​តាម​បញ្ជី​ផ្លូវការ​របស់ FFC ក្រោម​ការ​ដឹកនាំ​របស់​គ្រូ​បង្គោល​កម្ពុជា លោក Gyotoku Koji គឺ​មាន​កីឡាករ​ចូលសញ្ជាតិ​ខ្មែរ​ចំនួន​៣​នាក់ ដែល​ប្រកប​អាជីព​ក្នុង​ក្រប​លក្ខខណ្ឌ​លី​គ​កំពូល​កម្ពុជា ដូច​ជា​ខ្សែការពារ Ose Takaki (​ជប៉ុន​) និង​ខ្សែប្រយុទ្ធ Andres Neito (​កូ​ឡុំ​ប៊ី​) របស់​ក្លឹ​ប​ភ្នំពេញ​ក្រោ​ន និង​ខ្សែប្រយុទ្ធ Abdel Kader Coulibaly (​កូ​ឌឺ​វ័​រ​) ប្រធាន​ក្រុម ISI ដង្កោ​សែន​ជ័យ​។ ដូច្នេះ​សរុប​កីឡាករ​ចូលសញ្ជាតិ ក្នុង​ក្រុម​ជម្រើសជាតិ​កម្ពុជា លើក​នេះ​មាន​ចំនួន ៦​នាក់ គឺ​មាន​ខ្សែការពារ​ជាតិ កាន់ ម៉ូ សញ្ជាតិ​ដើម​អាហ្វ្រិក​ខាងត្បូង មក​ពី​វិសាខា​, យូ​ឌៃ អូ​កា​វ៉ា សញ្ជាតិ​ដើម​ជប៉ុន ក្លឹ​ប​ភ្នំពេញ​ក្រោ​ន និង មី​ហ្ស៊ូ​ណូ ហ៊ី​កា​រ៉ុ សញ្ជាតិ​ដើម​ជប៉ុន មក​ពី​ក្លឹ​ប​ព្រះ​ខ័ន​រាជ​ស្វាយ​រៀង​។

គួរ​បញ្ជាក់​ថា ការ​ប្រកួត​ពានរង្វាន់ AFF Mitsubishi Electric Cup 2024 មានការ​ប្រកួត​ក្នុងផ្ទះ និង​ក្រៅ​ផ្ទះ ដោយ​ក្រុម​កម្ពុជា​ត្រូវ​ប្រកួត​បើក​ឆាក​ពូ​ល​A នឹង​ត្រូវ​ជួប​ម៉ា​ឡេ​ស៊ី នា​ថ្ងៃ​ទី​០៨ ខែធ្នូ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូ​ឡាំ​ពិ​ក បន្ទាប់​មក​ក្រុម​កម្ពុជា ប៉ះ​សិង្ហ​បុរី​, ប៉ះ ទី​ម័​រ​ខាងកើត និង​ចុង​ក្រោយ​បញ្ចប់​ពូ​ល ប៉ះ​ម្ចាស់ផ្ទះ​ថៃ នា​ថ្ងៃ​ទី​២០ ខែធ្នូ ឆ្នាំ​២០២៤​។ ចំពោះ​ពូ​ល B ក៏​មាន​៥​ក្រុម​ដែរ រួម​មាន​៖ វៀតណាម ឥណ្ឌូ​ណេ​ស៊ី ហ្វី​លី​ពី​ន មី​យ៉ា​ន់​ម៉ា និង​ក្រុម​ឡាវ​៕

Previous articleFIFA បញ្ជាក់ពីកីឡាករចូលសញ្ជាតិខ្មែរ៣នាក់មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ក្នុងការប្រកួតឱ្យក្រុមជម្រើសជាតិកម្ពុជា
Next articleMaguire បង្ហាញក្តីស្រមៃចង់បន្តលេងអោយបិសាចក្រហមលើសពីរដូវកាលនេះ