ក្រុមនារីកម្ពុជាបានជើងឯករង AFF Women’s Cup 2024 ក្រោយចាញ់ឥណ្ឌូណេស៊ី ១-៣

ឡាវ៖ ក្រុមបាល់ទាត់​ជម្រើសជាតិ​នារី​កម្ពុជា​ទទួល​បាន​ជើងឯក​រង ពានរង្វាន់​បាល់ទាត់​នារី​អាស៊ាន ឆ្នាំ​២០២៤ (AFF Women’s Cup 2024) បន្ទាប់​ពី​បាន​ប្រកួត​ចាញ់​ក្រុម​ជម្រើសជាតិ​ឥណ្ឌូ​ណេ​ស៊ី ដោយ​លទ្ធផល ១​ទល់​៣ នៅ​វគ្គ​ផ្តាច់ព្រ័ត្រ កាលពី​យប់​ថ្ងៃ​ទី​០៥ ខែធ្នូ ឆ្នាំ​២០២៤ នៅ​កីឡដ្ឋាន New Laos National Stadium ប្រទេស​ឡាវ​។

នៅ​ក្នុង​ការ​ប្រកួត​ដ៏​ជក់ចិត្ត​នេះ ក្រុម​ឥណ្ឌូ​ណេ​ស៊ី​បាន​បើក​ការ​នាំ​មុន​លើ​ក្រុម​នារី​កម្ពុជា ១​ទល់​០ នៅ​នាទី ២៤ ដោយ​កីឡាការិនី Vivi Oktavia ហើយ​នៅ​នាទី​៣២ កីឡាការិនី​កម្ពុជា ហុ​ក សៅ​ឌី ធ្វើ​សម្រេច​តាម​ស្មើ ១​ទល់​១ ប៉ុន្តែ​នៅ​នាទី​៣៥ កីឡាការិនី​ឥណ្ឌូ​ណេ​ស៊ី Sydney Hopper ធ្វើ​បាន​សម្រេច​បាន​១​គ្រាប់​បន្ថែម​ជូន​ជាតិ​របស់​ខ្លួន ដែល​ធ្វើ​ឱ្យ​ក្រុម​ឥណ្ឌូ​ណេ​ស៊ី​បើក​ការ​នាំ​មុខជា​ថ្មី​លើ​ក្រុម​កម្ពុជា ២-១ នៅ​ត្រឹម​វគ្គ​ទី​១​។ ចូល​ដល់​វគ្គ​ទី​២ ក្រុម​ឥណ្ឌូ​ណេ​ស៊ី​រកបាន​គ្រាប់​ទី​៣ នៅ​ទី​៥៧ ដោយ​កីឡាការិនី Vivi Oktavia ដោយ​លទ្ធផល ៣​ទល់​១​នេះ​រក្សា​បាន​រហូត​ដល់​បញ្ចប់​ការ​ប្រកួត​ពេញ​ម៉ោង ៩០​នាទី​។

ដូច្នេះ​ក្រុម​ជម្រើសជាតិ​នារី​ឥណ្ឌូ​ណេ​ស៊ី​បាន​ឈ្នះ​ម្ចាស់​ដំណែង​ជើងឯក ពានរង្វាន់ AFF Women’s Cup 2024 ខណៈ​ក្រុម​ជម្រើសជាតិ​នារី​កម្ពុជា​បាន​ត្រឹម​ជើងឯក​រង ខណៈ​ចំណាត់ថ្នាក់​លេខ​៣ បាន​ទៅ​លើ​ក្រុម​នារី​សិង្ហ​បុរី ក្រោយ​ពី​បាន​យកឈ្នះ ទី​ម័​រ​ខាងកើត ដោយ​លទ្ធផល ១-០​។ ចំពោះ​កីឡាការិនី​កម្ពុជា ពឿ​ន គ​ន្ធា ទទួល​បាន​ពានរង្វាន់​ជ័យ​លា​ភី​អ្នក​ទាត់​ប​ញ្ជូ​ល​ទី​ច្រើន​ជាងគេ​ប្រចាំ​ព្រឹត្តិការណ៍​នេះ​។

តាម​រយៈ​លទ្ធផល​នេះ ក្រុម​នារី​កម្ពុជា​ទទួល​បានការ​សាទរ​ពី​អ្នកគាំទ្រ​កម្ពុជា ដោយ​កសាង​បាន​នូវ​កំណត់​ត្រា​ជា​ប្រវត្តិសាស្ត្រ​ថ្មី​សម្រាប់​វិស័យ​កីឡាបាល់ទាត់​នារី​កម្ពុជា ហើយ​តាម​សមិទ្ធផល​ថ្មី នៅ​ឆ្នាំ​២០២៤​នេះ​ដែរ គឺ​ក្រុមបាល់ទាត់​នារី​កម្ពុជា​រំកិល​ខ្លួន​ពី​កម្រិត​ទី​២​នេះ ឡើង​ទៅ​លេង​កម្រិត​ទី​១ ជើងឯក ASEAN Women’s Championship នា​ឆ្នាំ​២០២៥ ដែល​ប្រជុំ​ដោយ​ក្រុម​ខ្លាំង​គឺ ថៃ វៀតណាម ហ្វី​លី​ពី​ន និង​មី​យ៉ា​ន់​ម៉ា​។ លេខ​១ ក្រុម​ឥណ្ឌូ​ណេ​ស៊ី លេខ​២ ក្រុម​នារី​កម្ពុជា និង​លេខ​៣ ក្រុម​នារី​សិង្ហ​បុរី​ត្រូវ​ឡើង​ទៅ​លេង ASEAN Women’s Championship នា​ឆ្នាំ​២០២៥ ជាមួយ​ថៃ វៀតណាម ហ្វី​លី​ពី​ន និង​មី​យ៉ា​ន់​ម៉ា​។

គួរ​រម្លឹក​ថា ពានរង្វាន់​បាល់ទាត់​នារី​តំបន់​អាស៊ាន AFF Women’s Cup 2024 ដែល​ប្រទេស​ឡាវ​ទទួល​សិទ្ធិ​ធ្វើ​ជា​ម្ចាស់ផ្ទះ​នេះ​មាន​ក្រុម​ចូលរួម​ចំនួន ៦ និង​បែងចែក​ជា ២​ពូ​ល មាន​ពូ​ល A៖ ទី​ម័​រ​ខាងកើត សិង្ហ​បុរី និង​ឡាវ ខណៈ​ពូ​ល B មាន​៖ ឥណ្ឌូ​ណេ​ស៊ី កម្ពុជា និង​ម៉ា​ឡេ​ស៊ី​។ ព្រឹត្តិការណ៍​នេះ​បាន​ដំណើ​ការ​ប្រកួត​ចាប់ពី​ថ្ងៃ​ទី​២៣ ខែវិច្ឆិកា ដល់​ថ្ងៃ​ទី​០៥ ខែធ្នូ ឆ្នាំ​២០២៤ នៅ​ប្រទេស​ឡាវ​៕

Previous articlePep Guardiola ជម្រុញអោយក្លឹបចុះហត្ថលេខាយកកីឡាករ Newcastle មកជំនួស Rodri
Next articleLiverpool កំពុងដំណើរការពិភាក្សារឿងកុងត្រាថ្មីជាមួយកីឡាកររូបនេះ