សិង្ហបុរី៖ ក្រុមភ្ញៀវ ជម្រើសជាតិកម្ពុជាបានប្រកួតចាញ់ក្រុមម្ចាស់ផ្ទះ សិង្ហបុរី ដោយលទ្ធផល ១-២ នៅក្នុងការប្រកួតវគ្គសន្សំពិន្ទុ ពូល A ពានរង្វាន់អាស៊ាន (ASEAN Mitsubishi Electric Cup 2024) កាលពីយប់ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤ នៅកីឡដ្ឋានជាតិនៃប្រទេសសិង្ហបុរី។
នៅក្នុងការប្រកួតនេះ ក្រុមម្ចាស់ផ្ទះ សិង្ហបុរីបានបើកការនាំមុខ ២-០ នៅវគ្គទី១ ដោយធ្វើសម្រេចដោយកីឡាករ Muhammad Faris Bin Ramli នៅនាទីទី៩ និងដោយកីឡាករ Muhammad Shawal Bin Anuar នៅនាទី១៦។ ចំពោះ១គ្រាប់តាមពីក្រោយរបស់ក្រុមកម្ពុជារកបានដោយកីឡាករ សៀង ចន្ធា នៅនាទី៥៩។ ក្រុមកម្ពុជាលេងបានប្រកួតស្មើ១ប្រកួតជាមួយក្រុមម៉ាឡេស៊ី ២-២ និងចាញ់១ប្រកួតជាមួយសិង្ហបុរី ១-២ នេះ មាន១ពិន្ទុ ឈរនៅលេខ៤បណ្តោះអាសន្ន ក្នុងពូលA ខណៈម៉ាឡេស៊ី ឈរលេខ១ ថៃ ឈរលេខ២ និងសិង្ហបុរី ឈរលេខ៣ រីឯទីម័រខាងកើត ឈរនៅលេខ៥បណ្តោះអាសន្ន។
ចំពោះ២ប្រកួតបន្ទាប់របស់ក្រុមជម្រើសជាតិកម្ពុជា ក្នុងវគ្គសន្សំពិន្ទុ ក្នុងពូលA ត្រូវជួបប្រកួតជាមួយ ក្រុមទីម័រខាងកើត នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤ វេលាម៉ោង ១៧:៤៥ នាទី នៅពហុកីឡដ្ឋានជាតិអូឡាំពិក និងប្រកួតទី៤ ត្រូវប៉ះម្ចាស់ផ្ទះ ថៃ នាថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៤ វេលាម៉ោង ២០:០០ នាទី។
ជាការកត់សម្គាល់ នៅក្នុងការប្រកួតជាមួយសិង្ហបុរីនេះ កីឡាករកម្ពុជា២នាក់បានរងរបួស ដោយកីឡាករ គឹម សុខយុទ្ធ បានរងរបួសសរសៃពួរ Hamstring ស្ថានភាពរបួសត្រូវបានស្កេន ដើម្បីឱ្យគ្រូពេទ្យត្រួតពិនិត្យស្ថានភាពរបស់គាត់ និងកីឡាករ កាន់ម៉ូ បានប៉ះទង្គិចគ្នានៅផ្នែកក្បាល Head Concussion ស្ថិតក្នុងស្ថានភាពរបួសទាមទារការដេរ ១០ថ្នេរ ផ្នែកក្បាលដែលត្រូវបានការប៉ះទង្គិចត្រូវបានស្កេនសម្រាប់ការត្រួតពិនិត្យ។ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) បានលើកបង្ហាញថា យើងទាំងអស់គ្នាពីគ្រួសារបាល់ទាត់កម្ពុជា និងបងប្អូនប្រជាជនកម្ពុជាទាំងអស់គ្នាមានមោទនភាពសម្រាប់ភាពក្លាហានហ៊ានលេងដោយមិនខ្លាចលះបង់រាងកាយសាច់ឈាមរបស់ខ្លួន ដើម្បីជាតិខ្មែរយើង នេះគឺជាគំរូដ៏ល្អនិងស័ក្តិសមជាប្រធានក្រុមជម្រើសជាតិកម្ពុជា និងជាកីឡាករកម្ពុជា៕