ភ្នំពេញ៖ លោក Koji Gyotoku គ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជាថ្លែងក្នុងសន្និសីទសារព័ត៌មានមុនការការប្រកួត កាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤ថា លោកមិនទាន់គិតពីឱកាសប្រជែងកៅអីវគ្គបន្ដ ដោយមិនទាន់ផ្ដោតលើរឿងនេះ ទោះបីនៅសល់ឱកាសស្ដួចស្ដើង ប៉ុន្តែអ្វីដែលលោកផ្ដោតសំខាន់ គឺការប្រកួតជាមួយទីម័រខាងកើត និងការប្រកួតចុងក្រោយ ដែលត្រូវចំក្រុម ដើម្បីឱ្យទទួលបានលទ្ធផលល្អ។
លោក Koji Gyotoku បន្ថែមថា ២ប្រកួតកន្លងមក ការលេងមិនអាក្រក់ប៉ុន្មានទេ ហើយសម្រាប់ប្រកួតទី៣ ជាមួយក្រុមទីម័រខាងកើត នៅពហុកីឡដ្ឋានជាតិអូឡាំពិក នៅវេលាម៉ោង ១៧:៤៥នាទី ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤នេះ យើងនឹងព្យាយាមរៀបចំក្រុមឱ្យបានល្អ ដើម្បីរកជ័យជម្នះឱ្យបាន។ គ្រូបង្គោលកម្ពុជាលើកឡើងបែបនេះថា ៖«សម្រាប់ការប្រកួតរបស់កម្ពុជាជាមួយក្រុមទីម័រខាងកើត គឺជាការប្រកួតទី៣ របស់យើងក្នុងព្រឹត្តិការណ៍នេះ ហើយ ២ប្រកួតកន្លងមក សម្រាប់លទ្ធផល គឺមិនអាក្រក់ពេកទេ។ ប្រកួតថ្ងៃនេះ យើងនឹងខិតខំឱ្យអស់ពីសមត្ថភាព ដើម្បីទទួលបានជ័យជម្នះ។ ថ្វីដ្បិតតែកីឡាកររបស់យើងមួយចំនួនបានរបួស និងមិនអាចបន្តក្នុងព្រឹត្តិការណ៍នេះក៏ពិតមែន យើងនៅមានកីឡាករផ្សេងៗ ដែលអាចជំនួសពួកគាត់បាន ហើយយើងនៅតែមានជំនឿលើក្រុមជម្រើសជាតិកម្ពុជាថានឹងអាចយកលទ្ធផលល្អជូនដល់ អ្នកគាំទ្រ»។
ចំណែកឯ លោក SIMON ELISETTCHE គ្រូបង្គោលទីម័រខាងកើតលើកឡើងដែរថា ៖«ខ្ញុំពិតជាសប្បាយរីករាយដែលបានមកកាន់ទីនេះ ដើម្បីប្រកួតជាមួយក្រុមជម្រើសជាតិកម្ពុជា។ ជារឿយៗយើងតែងតែទស្សនាលីគកម្ពុជា ខ្ញុំបានឃើញពីការរីកចម្រើននៃកម្រិតបាល់ទាត់របស់កម្ពុជា ព្រោះកីឡាកររបស់យើងមួយចំនួនកំពុងលេងនៅលីគកម្ពុជា។ ការប្រកួតថ្ងៃនេះជាការប្រកួតចុងក្រោយរបស់យើង ក្នុងព្រឹត្តិការណ៍នេះ។ សម្រាប់ក្រុមកម្ពុជាគឺជាក្រុមមួយដែលល្អ ប៉ុន្តែយើងនឹងខំប្រឹងឱ្យអស់ពីសមត្ថភាព ហើយយើងសង្ឃឹមថាក្រុមនឹងធ្វើបានល្អ និងទទួលបាន ៣ពិន្ទុ»។
គួរបញ្ជាក់ថា ក្រុមកម្ពុជានឹងត្រូវបើកកីឡដ្ឋានស្វាគមន៍ក្រុមភ្ញៀវ ទីម័រខាងកើត នាវេលាម៉ោង ១៧:៤៥នាទីល្ងាចថ្ងៃទី១៧ ខែធ្នូនេះ ក្នុង វគ្គសន្សំពិន្ទុ ASEAN Mitsubishi Electric Cup 2024 មុនហោះទៅជួបជាមួយម្ចាស់ផ្ទះ ថៃ នៃជំនួបចុងក្រោយក្នុងពូល A នាថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៤ខាងមុខ៕