ម្ចាស់ផ្ទះកម្ពុជាយកឈ្នះទីម័រខាងកើត ២-១ វគ្គជម្រុះពូល A ASEAN Mitsubishi Electric Cup 2024

ភ្នំពេញ៖ ក្រុម​ម្ចាស់ផ្ទះ កម្ពុជា បាន​យកឈ្នះ​ក្រុម​ទី​ម័​រ​ខាងកើត ដោយ​លទ្ធផល​បច្ចេកទេស ២-១ កាលពី​យប់​ថ្ងៃ​ទី​១៧ ខែធ្នូ ឆ្នាំ​២០២៤ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូ​ឡាំ​ពិ​ក នៅ​ក្នុង​ការ​ប្រកួត​សន្សំ​ពិន្ទុ ប្រចាំ​ពូ​ល A នៃ​ពានរង្វាន់​បាល់ទាត់​ជើងឯក​អាស៊ាន (ASEAN Mitsubishi Electric Cup 2024)​។

នៅ​ក្នុង​ការ​ប្រកួត​ដ៏​ជក់ចិត្ត​នេះ ក្រុម​ភ្ញៀវ ជម្រើសជាតិ​ទី​ម័​រ​ខាងកើត​បាន​ធ្វើ​សម្រេច​១​គ្រាប់​បើក​ការ​នាំមុខ​១​គ្រាប់​មុន​លើ​ក្រុម​ម្ចាស់ផ្ទះ កម្ពុជា នៅ​នាទី​២២ ដោយ​កីឡាករ Joao Pedro Da Silva Freitas​។ នៅ​នាទី​៤២ កីឡាករ ស រតនា របស់​កម្ពុជា​ធ្វើ​សម្រេច​បាន​១​គ្រាប់​តាម​ស្មើ ១-១​។ ចូល​ដល់​វគ្គ​ទី​២ នៅ​នាទី​៧៩ ក្រុម​កម្ពុជា​ធ្វើ​សម្រេច​បាន​ទី​២ ដោយ​កីឡាករ ហាវ សុខ​នេត្រ ដែល​ជា​គ្រាប់​បាល់​ជ័យជម្នះ ក្នុង​ការ​រកបាន​៣​ពិន្ទុ​ជា​លើក​ដំបូង ក្នុង​ចំណោម​៣​ប្រកួត​។

ឆ្លងកាត់​៣​ប្រកួត ក្រុម​ជម្រើសជាតិ​កម្ពុជា មាន​៤​ពិន្ទុ ក្រោយ​ឈ្នះ​១​ប្រកួត ស្មើ​១​ប្រកួត និង​ចាញ់​១​ប្រកួត ឈរ​នៅ​ចំណាត់ថ្នាក់​លេខ​៤ ក្នុង​ពូ​ល A ខណៈ​ក្រុម​ថៃ ឈរ​នៅ​លើ​កំពូល​តារាង​ជាមួយ​៩​ពិន្ទុ រីឯ​ក្រុម​សិង្ហ​បុរី​ឈរ​លេខ​២​បណ្តោះអាសន្ន​។ ចំពោះ​ក្រុម​ទី​ម័​រ​ខាងកើត ឈរ​នៅ​បាត​តារាង មាន​០​ពិន្ទុ ក្រោយ​ឆ្លងកាត់​៤​ប្រកួត ចាញ់​ទាំង​៤​ប្រកួត​។

ក្រុម​កម្ពុជា នៅ​សល់​១​ប្រកួត​ទៀត ក្នុង​ដៃ​នៃ​វគ្គ​ចែក​ពូ​ល​នេះ ដោយ​ត្រូវ​ជួប​ម្ចាស់ផ្ទះ ថៃ នា​ថ្ងៃ​ទី​២០ ខែធ្នូ ឆ្នាំ​២០២៤ ខណៈ​ក្រុម​ម៉ា​ឡេ​ស៊ី​នឹង​ធ្វើ​ម្ចាស់ផ្ទះ​ទទួល​ក្រុម​ភ្ញៀវ សិង្ហ​បុរី នៅ​ថ្ងៃ​ទី​២០​ខែធ្នូ​ដែរ ដើម្បី​បញ្ចប់​វគ្គ​សន្សំ​ពិន្ទុ​ក្នុង​ពូ​ល A​។ សម្រាប់​ប្រកួត​រវាង​ក្រុម​ម៉ា​ឡេ​ស៊ី និង​សិង្ហ​បុរី គឺជា​ការ​ប្រកួត​ដ៏​សំខាន់ ដើម្បី​កាត់សេចក្តី​ថា​តើ​ក្រុម​ណាមួយ​នឹង​បាន​ឡើង​ទៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ ខណៈ​ពូ​ល B ២​ក្រុម​លើ​កំពូល​តារាង​បណ្តោះអាសន្ន គឺ​វៀតណាម និង​ឥណ្ឌូ​ណេ​ស៊ី​។

ថ្លែង​ក្រោយ​បញ្ចប់​ការ​ប្រកួត លោក KOJI GYOTOKU គ្រូ​បង្គោល​ក្រុម​ជម្រើស​កម្ពុជា​បាន​លើក​ឡើង​ថា សម្រាប់​ការ​ប្រកួត​យប់មិញ គឺជា​ប្រកួត​ដ៏​តានតឹង ក្រុម​ជម្រើសជាតិ​ទី​ម័​រ​ល្អ ពួក​គេ​មាន កីឡាករ​ល្បឿន​លឿន​ក្នុង​ការ​វាយបក និង​លេង​ការពារ​។ យើង​មាន​បញ្ហា​ក្នុង​តង់​ទី​១ ប៉ុន្តែ​កីឡាករ​យើង​គាត់​យល់​ពី​អ្វី​ដែល​លោក​បាន​ប្រាប់ និង​ព្យាយាម​កែតម្រូវ​ចំណុច​ខ្វះខាត ក្នុង​តង់​ទី​២ ហើយ​កីឡាករ​របស់​យើង​ព្យាយាម​លេង​រហូត​ដល់ទី​បញ្ចប់​។ ចំពោះ ការ​ប្រកួត​ខាង​មុខ អ្វី​ដែល​លោក​បារម្ភ គឺ​ការ​បាត់បង់​កម្លាំង​របស់​កីឡាករ​យើង ដោយសារ​ប្រកួត​កន្លង​មក គឺ​លោក​មិនសូវ​ដូរ​កីឡាករ ហើយ​ដាក់​កីឡាករ​ដដែល​ៗ​។ ប្រសិនបើ​កម្លាំង ពួក​គេ​មិន​គ្រប់គ្រាន់ ប្រហែល​នឹង​អាច​មានការ​ផ្លាស់​ប្តូរ​៕

Previous articleMarcus Rashford បង្ហើបពីបំណង់ចង់ចាកចេញពីក្លឹប Manchester United
Next articleថ្នាក់ដឹកនាំសហព័ន្ធហាប់គីដូលើកទឹកចិត្តដល់កីឡាករ កីឡាការិនីប្រឹងប្រែងឱ្យអស់ពីសមត្ថភាព ក្នុងការប្រកួតជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២៤