ភ្នំពេញ៖ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាអាចឡើងវគ្គកណ្តាលផ្តាច់ព្រ័ត្របានក្នុងព្រឹត្តិការណ៍ជើងឯកអាស៊ាន ឆ្នាំ២០២៤ (ASEAN Mitsubishi Electric Cup 2024) បាន លុះត្រាតែ២ករណីបានកើងឡើងក្នុងពេលតែមួយ ដោយក្រុមកម្ពុជា ត្រូវឈ្នះថៃជាដាច់ខាតក្នុងលទ្ធផលច្រើនគ្រាប់ ហើយក្រុមម៉ាឡេស៊ីត្រូវតែឈ្នះក្រុមសិង្ហបុរី។
ទោះយ៉ាងណាក្តី លទ្ធភាពរបស់ក្រុមជម្រើសជាតិកម្ពុជាមានលទ្ធភាពតិចតួចណាស់ ក្នុងការប្រឹងប្រែងស្វែងរកដំណែងចំណាត់ថ្នាក់លេខ២ ក្នុងពូល A នៃពានរង្វាន់ជើងឯកអាស៊ាននេះ។ តារាងចំណាត់ថ្នាក់បណ្តោះអាសន្នអាសន្នក្នុងពូល A រួមមាន៖ ក្រុមថៃ លេខ១ (បានឡើងវគ្គពាក់កណ្តាលស្វ័យប្រវត្តិ) មាន៩ពិន្ទុ ក្រោយឆ្លងកាត់៣ប្រកួត ឈ្នះទាំង៣ប្រកួត, ក្រុមសិង្ហបុរី ឈរលេខ២ មាន៦ពិន្ទុ ឈ្នះ២ប្រកួត និងចាញ់១ប្រកួត (រកបាន៧គ្រាប់ របូតគ្រាប់បាល់៥), ក្រុមកម្ពុជា ឈរលេខ៣ មាន៤ពិន្ទុ ឈ្នះ១ ស្មើ១ និងចាញ់១ (គ្រាប់បាល់រកបាន ៥ និងរបូតគ្រាប់បាល់ ៥), ក្រុមម៉ាឡេស៊ី ឈរលេខ៤ ឈ្នះ១ ស្មើ១ និងចាញ់១ (គ្រាប់បាល់រកបាន ៥ និងរបូតគ្រាប់បាល់ ៥) ដូចក្រុមកម្ពុជាដែរ។
ក្នុងករណីនេះ មាន៣ក្រុម គឺសិង្ហបុរី ម៉ាឡេស៊ី និងកម្ពុជា ត្រូវប្រជែងគ្នា ក្នុងដំណែងលេខ២ ប្រចាំពូល A ដើម្បីកក់កៅអីឡើងឡើងទៅប្រកួតបន្តនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។ ប្រសិនបើសិង្ហបុរី ឈ្នះ ឬស្មើ ១ប្រកួតចុងក្រោយជាមួយម្ចាស់ផ្ទះ ម៉ាឡេស៊ី នោះក្រុមសិង្ហបុរី បានឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។ ប្រសិនបើ ក្រុមម្ចាស់ផ្ទះ ម៉ាឡេស៊ី ដែលត្រូវជួបគ្នា នាវេលាម៉ោង ២១:០០ ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៤ ជាមួយសិង្ហបុរី នោះក្រុមម៉ាឡេស៊ី មាន៧ពិន្ទុ នឹងបានឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។ សម្រាប់ក្រុមកម្ពុជា ដែលត្រូវប្រកួតជាមួយក្រុមម្ចាស់ផ្ទះ ថៃ នាវេលាម៉ោង ២០:០០ ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៤ គឺក្រុមកម្ពុជាត្រូវការឈ្នះថៃ ជាដាច់ខាត ដើម្បីទទួលបាន៣ពិន្ទុបន្ថែមបូកនឹង៤ពិន្ទុបច្ចុប្បន្ន គឺសរុប៧ពិន្ទុ ស្មើពិន្ទុគ្នាជាមួយក្រុមម៉ាឡេស៊ី ប៉ុន្តែវាស្រ័យលើគ្រាប់បាល់ ដែលរកបាន និងគ្រាប់បាល់ចំណេញ ដែលនៅសល់ ដោយត្រូវទូទាត់គ្រាប់បាល់រវាងក្រុមម៉ាឡេស៊ី និងក្រុមកម្ពុជា។
គួរបញ្ជាក់ថា ការប្រកួតកីឡាបាល់ទាត់ ជើងឯកអាស៊ាន ឆ្នាំ២០២៤ (ASEAN Mitsubishi Electric Cup 2024) វគ្គចែកពូលនេះ មាន១០ក្រុមចូលរួម ដោយបែងចែងជាពីរពូល ដោយពូល A មាន៥ក្រុម និងពូល B មាន៥ក្រុមស្មើគ្នា ខណៈពូល B មានក្រុមវៀតណាម ឈរលេខ១ ឥណ្ឌូណេស៊ី ឈរលេខ២ និងក្រុមមីយ៉ាន់ម៉ា ឈរលេខ៣ ស្របពេលដែល២ក្រុមទៀត គឺហ្វីលីពីន និងក្រុមឡាវ អស់ឱកាស៕