ក្រុមវិទ្យាល័យឫស្សីកែវ ឈ្នះជើងឯក ពានរង្វាន់ AIA ជើងឯកវិទ្យាល័យ រដូវកាលទី៤ ក្រោយឈ្នះ វិទ្យាល័យឥន្ទ្រទេវី ៤-៣

ភ្នំពេញ៖ បន្ទាប់​ពី​ដំណើរការ​ប្រកួត​ជា​ច្រើន​ខែ នៅ​ទីបំផុត ក្រុម​វិទ្យាល័យ​ឫស្សី​កែវ​បាន​ឈ្នះ​ជើងឯក ការ​ប្រកួត​កីឡាបាល់ទាត់ ពានរង្វាន់ AIA ជើងឯក​វិទ្យាល័យ រដូវ​កាល​ទី​៤ ប្រចាំឆ្នាំ​២០២៤ បន្ទាប់​ពី​បាន​យកឈ្នះ​ក្រុម​ឥន្ទ្រ​ទេវី ដោយ​លទ្ធផល ៤​ទល់​៣ នៅ​វគ្គ​ផ្តាច់ព្រ័ត្រ កាលពី​ល្ងាច​ថ្ងៃ​ទី​២៥ ខែធ្នូ ឆ្នាំ​២០២៤ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូ​ឡាំ​ពិ​ក​។

នៅ​ក្នុង​ការ​ប្រកួត​យ៉ាង​ស្វិតស្វាញ ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ​ដ៏​ជក់ចិត្ត​នេះ ក្រុម​វិទ្យាល័យ​ឫស្សី​កែវ និង​ឥន្ទ្រ​ទេវី រក្សា​បាន​លទ្ធផល ស្មើគ្នា ១​ទល់​១ ក្នុង​ការ​ប្រកួត​ពេញ​ម៉ោង​៩០​នាទី ដោយ​១​គ្រាប់​របស់​វិទ្យាល័យ​ឫស្សី​កែវ​រកបាន​ដោយ​កីឡាករ ម៉ា​ន រ៉​យ៉ា​នី នៅ​នាទី នៅ​វគ្គ​ទី​១ ហើយ​១​គ្រាប់​តាម​ស្មើ​របស់​ក្រុម​ឥន្ទ្រ​ទេវី ធ្វើ​សម្រេច​ដោយ​កីឡាករ ស៊ី​ថា ម៉េ​ង​ជូន នៅ​វគ្គ​ទី​២​។ ដូច្នេះ​ក្រុម​ទាំង​ពីរ​ត្រូវ​កាត់សេចក្តី​ដោយ​ទាត់​បាល់​១១​ម៉ែត្រ ដោយ​ក្រុម​វិទ្យាល័យ​ឫស្សី​កែវ​បាន​យកឈ្នះ​ក្រុម​ឥន្ទ្រ​ទេវី ដោយ​លទ្ធផល ៤-៣​។

ដូច្នេះ​ក្រុម​វិទ្យាល័យ​ឫស្សី​កែវ​ដណ្តើម​បាន​ចំណាត់ថ្នាក់​លេខ​១ ទទួល​បាន​ពានរង្វាន់​១ មេដាយមាស អម​ដោយ​ប្រាក់​រង្វាន់ ៦០​លាន​រៀល​, ក្រុម​វិទ្យាល័យ​ឥន្ទ្រ​ទេវី ទទួល​បាន​ជើងឯក​រង ទទួល​បាន​មេដាយ​ប្រាក់ អម​ដោយ​ប្រាក់​រង្វាន់ ៤០​លាន​រៀល​, ក្រុម​ចំណាត់ថ្នាក់​លេខ​៣ វិទ្យាល័យ ជា​ស៊ី​ម​សាមគ្គី ទទួល​បាន​មេដាយ​សំរឹទ្ធ អម​ដោយ​ប្រាក់​រង្វាន់ ១៥​លាន​រៀល​, ក្រុម​ចំណាត់ថ្នាក់​លេខ​៤ ក្រុម​វិទ្យាល័យ ជ័យ​វ​រ្ម័​ន្ត​ទី​៧ ទទួល​បាន​ប្រាក់​រង្វាន់​លើកទឹកចិត្ត ៥​លាន​រៀល ខណៈ​ក្រុម Fair Play បាន​ទៅ​លើ​ក្រុម​វិទ្យាល័យ​ព្រះ​ស៊ី​សុវត្ថិ​។

ចំពោះ​ជ័យ​លា​ភី​ឯកត្តជន រួម​មាន​៖ គ្រូបង្វឹក​ល្អ បាន​ទៅ​លើ​លោក ញ៉ែ​ម ភារ​ម្យ ក្រុម​វិទ្យាល័យ​ឫស្សី​កែវ​,​កីឡាករ​ទាត់​ប​ញ្ជូ​ល​ទី​បាន​ច្រើន​ជាងគេ បាន​ទៅ​លើ​កីឡាករ ធា​រី ទិ​ត្យ​មុន្នី​ចេស្តា​, អ្នកចាំទី​ល្អ កីឡាករ យ៉ា​មហាម៉ាត់ រិ​ន​វ៉ា​ន ក្រុម​វិទ្យាល័យ​ឫស្សី​កែវ​, កីឡាករ​ល្អ​ជាងគេ កីឡាករ ពៅ វិសាល មក​ពី​ក្រុម​វិទ្យាល័យ​ឥន្ទ្រ​ទេវី​, ក្រុម​អាជ្ញាកណ្តាល​ល្អ ដោយ​ជ័យ​លា​ភី​ឯកត្តជន​នេះ​ក៏​ទទួល​បាន​ប្រាក់​រង្វាន់​លើកទឹកចិត្ត​ដូច​ៗ​គ្នា​ផង​ដែរ​។

ពិធី​បិទ​ការ​ប្រកួត​ពាន​ង្វា​ន់ AIA ជើងឯក​វិទ្យាល័យ​ទទួល​បាន​កិត្តិយស​អញ្ជើញ​ជា​អធិបតី​ពី​ឯកឧត្តម ហ៊ុន ម៉ា​នី ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា អមដំណើរ​ដោយ​ឯកឧត្តម សាយ សំ​អាល់ អនុប្រធាន និង​ជា​ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​រាជធានី​ភ្នំពេញ​។

គួរ​បញ្ជាក់​ថា ការ​ប្រកួត​កីឡាបាល់ទាត់ ពានរង្វាន់ AIA ជើងឯក​វិទ្យាល័យ​នេះ ត្រូវ​បាន​បង្កើត​ឡើង​ក្រោម​គំនិត​ផ្តួចផ្តើម​ដោយ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា (​ស​.​ស​.​យ​.​ក​) សហការ​ជាមួយ​ក្លឹ​ប​កីឡាបាល់ទាត់​បឹង​កេ​ត និង​ទទួល​បានការ​គាំទ្រ​ពី​ក្រសួង​អប់រំ យុវជន និង​កីឡា ព្រមទាំង​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា ក្នុង​គោលបំណង​លើក​ស្ទួយ​វិស័យ​កីឡាបាល់ទាត់ នៅ​កម្ពុជា ជា​ពិសេស​ផ្តល់​ឱកាស និង​ទីកន្លែង​បង្ហាញ​សមត្ថភាព ទេព​កោសល្យ​ដល់​យុវជន ក្នុង​ការ​សម្រួច​បំ​ណិ​ន ដើម្បី​បំពេញ​ក្តី​សុបិន​ឱ្យ​ក្លាយជា​កីឡាករ​អាជីព និង​ជម្រើសជាតិ នា​ពេល​ខាង​មុខ​។

ជាមួយ​គ្នា​នេះ តាម​រយៈ​ព្រឹត្តិការណ៍​កីឡា​នេះ ក៏​ជា​ការ​បណ្តុះ​ស្មារតី​ឱ្យ​យុវជន​បាន​ស្រឡាញ់ និង​លេង​កីឡា ដើម្បី​សុខភាព មិត្តភាព រឹតចំណង​សាមគ្គីភាព​រវាង​សិស្សានុសិស្ស តាម​គ្រឹះស្ថានសិក្សា​នានា ក្នុង​ការ​បង្កើត​ភាព​សប្បាយ​រីករាយ ជៀស​ឆ្ងាយ​ពី​អំពើ​មិនល្អ​ផ្សេង​ៗ ក្នុង​សង្គម​ជាតិ​។ ព្រឹត្តិការណ៍​ជើងឯក​វិទ្យាល័យ​ត្រូវ​បាន​បង្កើត​ឡើងជា​លើក​ដំបូង កាលពី​ឆ្នាំ​២០២៩ ដោយ​មានការ​ចូលរួម​របស់​កីឡាករ​មក​ពី​វិទ្យាល័យ​នានា ក្នុង​រាជធានី​ភ្នំពេញ​យ៉ាង​ផុសផុល ជាមួយនឹង​ការ​ផលិត​ធនធាន​យុវជន​បាល់ទាត់​ឱ្យ​កាន់តែ​សម្បូរ​បែប​និង​ប្រកបដោយ​គុណភាព​ល្អ​ៗ​ផង​ដែរ​៕

Previous articleMan Utd គ្រោងចាយលុយ ១៦លានផោនទិញអតីតកីឡាករខ្លួនម្នាក់ពី Benfica មកវិញ
Next articleមូលហេតុពិតប្រាកដនៅពីក្រោយការអវត្តមានរបស់កីឡាករ Tyrell Malacia