ភ្នំពេញ៖ លោក កែវ សារ៉េត អគ្គលេខាធិការ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) ថ្លែងប្រាប់ទីភ្នាក់ងារសារព័ត៌មានកម្ពុជា AKP នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥នេះថា សហព័ន្ធកីឡាបាល់ទាត់កម្ពុជាកំពុងដំណើរការស៊ើបអង្កេតលើករណី ដែលមហាជនជាអ្នកគាំទ្រកំពុងផ្ទុះការសង្ស័យចំពោះការកំណត់លទ្ធផលទុកជាមុនរបស់ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា ក្នុងពេលប្រកួតជាមួយក្រុមម្ចាស់ផ្ទះ សិង្ហបុរី កាលពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤ នៅក្នុងការប្រកួតសន្សំពិន្ទុក្នុងពូល នៃពានរង្វាន់ជើងឯកអាស៊ាន (SEAN Mitsubishi Electric Cup 2024)។
មហាជន និងអ្នកគាំទ្រមួយចំនួនបានលើកឡើងតាមបណ្តាញសង្គមថា ការកំណត់លទ្ធផលទុកជាមុន ដែលជាការទិញ-លក់ ក្នុងល្បែងស៊ីសង ខុសពីគោលការណ៍កីឡាបាល់ទាត់។ លោក កែវ សារ៉េត បានបញ្ជាក់ជូនថា ៖«យើងទទួលបានព័ត៌មានមួយចំនួនពីមហាជន និងអ្នកគាំទ្រ នៅតាមបណ្តាញសង្គម ដោយគេកាត់ស្មានថា អាចនឹងមានករណីកំណត់លទ្ធផលទុកមុនរបស់ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា។ ដូច្នេះហើយ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា និងគណៈកម្មាធិការប្រតិបត្តិសហព័ន្ធក៏បានយកបញ្ហានេះមកពិនិត្យមើល ដោយមិនទុកចោលបញ្ហាបែបនេះឱ្យកើតឡើងនោះឡើយ»។
អគ្គលេខាធិការ FFC មានប្រសាសន៍ថា ៖«ជាមួយគ្នានេះ FFC ក៏បានធ្វើពាក្យស្នើសុំមួយទៅអគ្គស្នងការដ្ឋាននគរបាល ដើម្បីឱ្យបើកការស៊ើបសួរ។ បើយើងនៅក្នុងវិស័យកីឡាបាល់ទាត់ខ្លួនឯង សួរខ្លួនឯង គឺមានការលំបាក ដូច្នេះហើយ FFC បានសម្រេចឱ្យអគ្គស្នងការដ្ឋាននគរបាលជាតិបើកការស៊ើបអង្កេតលើករណីការកំណត់លទ្ធផលទុកនេះ មួយផ្នែក ហើយសហព័ន្ធកីឡាបាល់ទាត់ខ្លួនឯង ក៏បានបង្កើតគណៈកម្មការសុច្ចរិតភាពមួយ ដើម្បីពិនិត្យមើលករណីដែលបានកើតឡើងនេះដែរ»។
មកដល់ពេលនេះ យើងមិនទាន់ទទួលបានលទ្ធផលទាំងស្រុងទេ ហើយយើងក៏មិនទាន់ទទួលបានចម្លើយជាក់លាក់ពីគណៈកម្មការនោះដែរ ពោលគឺកំពុងដំណើរការ ហើយពេលទទួលបានលទ្ធផលលើការស៊ើបអង្កេតករណី កំណត់លទ្ធផលទុកមុន យើងនឹងជម្រាបប្រាប់ជាផ្លូវការ ឬអាចធ្វើសន្និសីទសារព័ត៌មានប្រកាសជាសាធារណៈ។ យន្តការនេះមាន២ គឺទី១ សមត្ថកិច្ចនៃអគ្គស្នងការដ្ឋាននគរបាលជាតិកំពុងធ្វើការ និងទី២ គណៈកម្មការសុច្ចរិតភាពនឹងផ្ទៀងផ្ទាត់លទ្ធផល និងត្រូវសម្រេចយ៉ាងណា ដើម្បីរាយការណ៍ជូនគណៈកម្មាធិការប្រតិបត្តិសហព័ន្ធកីឡាបាល់ទាត់កម្ពុជា។
លោក កែវ សារ៉េត បានសង្កត់ធ្ងន់ថា ៖«ឱ្យតែកើតឡើងនូវបញ្ហាណាមួយ សហព័ន្ធកីឡាបាល់ទាត់កម្ពុជាមិនទុកចោលបញ្ហា ឬមិនអើពើនោះទេ ដើម្បីទាញការគាំទ្រពីមហាជន និងមហាអ្នកគាំទ្ររបស់យើងទាំងអស់គ្នា ហើយសហព័ន្ធតែងតែធ្វើកិច្ចការស្របតាមសំណូមពររបស់មហាជន ខណៈចំណុចសំខាន់មួយទៀត គឺសហព័ន្ធបាល់ទាត់កម្ពុជាតែងតែធ្វើការតាមផ្លូវដែលសហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ (FIFA) និងសហព័ន្ធកីឡាបាល់ទាត់អាស៊ី (AFC) ដែលតែងតែធ្វើចំពោះការប្រកួតណាមួយមិនប្រក្រតី។ ប្រព័ន្ធបាល់ទាត់ ដែលបង្កើតឡើង ដើម្បីគ្រប់គ្រងរឿងភ្នាល់បាល់ មានលីងចាំតាមដានលទ្ធផលឡើងចុះ ដែលមិនប្រក្រតីជាដើមនោះ គឺគេតែងតែសួរនាំមកយើង ប៉ុន្តែបើមិនមានបញ្ហាអ្វីទេ ក៏គេមិនសួរនាំមកដែរ។ ដូច្នេះយើងបង្ការទុកខ្លួនយើងផង ហើយយើងក៏រក្សាសណ្តាប់ធ្នាប់ សីលធម៌ល្អ ក្នុងការប្រកួតឱ្យបានល្អ ក្នុងន័យទាក់ទាញអ្នកឧបត្ថម្ភគាំទ្រ មហាជន ដើម្បីបន្តដំណើរការអភិវឌ្ឍន៍វិស័យកីឡាបាល់ទាត់»។
ជារួម ការបើកការស៊ើបអង្កេតលើករណីកំណត់លទ្ធផលទុកមុនរបស់ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជានេះ ត្រូវបានលោកអគ្គលេខាធិការ FFC អះអាងថា មិនធ្វើបិទមុខនោះទេ គឺមានការកោះប្រជុំជាមួយកីឡាករជម្រើសជាតិ ក្រុមដឹកនាំក្រុមជម្រើសជាតិ ដើម្បីឱ្យដឹងឮទាំងអស់គ្នា ហើយឯកឧត្តមប្រធាន FFC ក៏បានណែនាំដល់កីឡាករជម្រើសជាតិថា ប្រសិនបើមិនមានប៉ះពាល់ដល់ករណីកំណត់លទ្ធផលទុកមុននេះទេ សូមកុំភ័យព្រួយ ត្រូវតាំងអារម្មណ៍ឱ្យស្ងប់ស្ងាត់ និងហ្វឹកហាត់តាមធម្មតា។
គួរបញ្ជាក់ថា ការប្រកួតកីឡាបាល់ទាត់ពានរង្វាន់ជើងឯកអាស៊ាន (SEAN Mitsubishi Electric Cup 2024) គឺក្រុមជម្រើសជាតិកម្ពុជា ស្ថិតក្នុងពូល A ជាមួយថៃ សិង្ហបុរី ម៉ាឡេស៊ី ទីម័រខាងកើត។ ឆ្លងកាត់៤ប្រកួត គឺក្រុមកម្ពុជា ឈ្នះ១ ស្មើ១ និងចាញ់២ប្រកួត ឈរនៅលេខ៤ ក្នុងពូល A។ ក្នុងចំណោម៤ប្រកួតនេះ គឺក្រុមកម្ពុជាត្រូវបានគេសង្ស័យថា មានករណីកំណត់លទ្ធផលទុកមុន ចំនួន១ប្រកួតជាមួយក្រុមសិង្ហបុរី កាលពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤ ដែល១ប្រកួតនោះគឺក្រុមសិង្ហបុរីជាម្ចាស់ផ្ទះ ដែលធ្វើឡើងនៅកីឡដ្ឋានជាតិសិង្ហបុរី ដោយក្រុមភ្ញៀវកម្ពុជា របូត២គ្រាប់មុន នៅដើមវគ្គទី១ ពោលគឺនៅនាទីទី៩ និងនៅនាទី១៦។ នៅនាទីទី៥៩ កីឡាករខ្សែប្រយុទ្ធ សៀង ចន្ធា ធ្វើសម្រេចតាមពីក្រោយបាន១គ្រាប់វិញ ហើយចប់ការប្រកួត ក្រុមកម្ពុជាចាញ់ម្ចាស់ផ្ទះ សិង្ហបុរី ដោយលទ្ធផល ១-២៕