ឯកឧត្តម ខូវ ឆាយ ជាប់ឆ្នោតជាប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរជាមួយនឹងការប្តេជ្ញាចិត្តបន្តជំរុញការអភិវឌ្ឍប្រដាល់គុនខ្មែរឱ្យកាន់តែរីកចម្រើន

ភ្នំពេញ៖ ឯកឧត្តម ខូ​វ ឆាយ ប្រធាន​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ​អាណត្តិ​ចាស់​ទី​៧ ឆ្នាំ​២០២១-២០២៥ បាន​បន្ត​ដឹកនាំ​ជា​ប្រធាន​ស​ព័ន្ធ​អាណត្តិ​ថ្មី ឆ្នាំ​២០២៥-២០២៩ បន្ទាប់​ពី​បាន​ជាប់​ឆ្នោត​ជាមួយនឹង​ការ​ប្តេជ្ញា​ចិត្ត​ខ្ពស់ ក្នុង​ការ​បន្ត​ជំរុញ​ដល់​ដំណើរការ​អភិវឌ្ឍ​ប្រភេទ​កីឡា​មរតក​ដូនតា​ខ្មែរ​មួយ​នេះ​ឱ្យ​កាន់តែ​រីក​ចម្រើន​ទាំង​ថ្នាក់​ជាតិ និង​អន្តរជាតិ​។

ការ​ជាប់​ឆ្នោត​របស់​ឯកឧត្តម ខូ​វ ឆាយ ក្នុង​ដំណែង​ប្រធាន​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ អាណត្តិ​ថ្មី ២០២៥-២០២៩​នេះ​ត្រូវ​បាន​ប្រារព្ធ​ធ្វើ​ឡើង នៅ​ក្នុង​មហាសន្និបាត​បញ្ចប់​អាណត្តិ​ចាស់ និង​បន្ត​អាណត្តិ​ថ្មី ២០២៥-២០២៩ នៅ​សណ្ឋាគារ​ភ្នំពេញ កាលពី​ល្ងាច​ថ្ងៃ​ទី​២២ ខែមករា ឆ្នាំ​២០២៥​។ អង្គ​មហាសន្និបាត​នេះ​បាន​បោះ​ឆ្នោត​គាំទ្រ​ដល់​គណៈកម្មាធិការ​ប្រតិបត្តិ ដែល​មាន​ឈរឈ្មោះ ១៩​រូប ហើយ​អ្នក​ដែល​មាន​សិទ្ធិ​បោះ​ឆ្នោត ដែល​មាន​សមាសភាព​ជា​គណៈកម្មាធិការ​ប្រតិបត្តិ​អាណត្តិ​ចាស់ ព្រមទាំង​តំណាង​សមាគម​-​ក្លឹ​ប​រាជធានី​ខេត្ត ជា​សមាជិក​របស់​សហព័ន្ធ​សរុប ៣៣​នាក់ ស្មើនឹង ៣៣​សំឡេង​។ គណៈកម្មាធិការ​ប្រតិបត្តិ​អាណត្តិ​ថ្មី ដែល​មាន​ចំនួន ១៩​រូប ទទួល​បានការ​គាំទ្រ​តាម​រយៈ​ការ​បោះ​ឆ្នោត​ចំនួន ៣២​សំឡេង ក្នុង​ចំណោម ៣៣​សំឡេង​។ គណៈកម្មាធិការ​ប្រតិបត្តិ​ចំនួន ១៩​រូប​បាន​ផ្តល់​សេចក្តី​ទុក​ចិត្តជា​ឯកច្ឆន្ទ​ជូន​ដល់​ឯកឧត្តម ខូ​វ ឆាយ បន្ត​ដឹកនាំ​ជា​ប្រធាន​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ​។

ឯកឧត្តម ខូ​វ ឆាយ បាន​បញ្ជាក់​ថា គណៈកម្មាធិការ​ប្រតិបត្តិ​អាណត្តិ​ថ្មី​នេះ មាន​តែ​ប្រធាន អនុប្រធាន និង​សមាជិក​ប៉ុណ្ណោះ ដោយ​អគ្គលេខាធិការ​មិន​ទាន់​ត្រូវ​បាន​តែងតាំង​នៅឡើយ​ទេ ដោយ​នឹង​ត្រូវ​ជ្រើសរើស​ពី​វិស័យ​ឯកជន និង​មាន​សមត្ថភាព​ធ្វើការ ៨​ម៉ោង​។ ចំពោះ​ឯកឧត្តម ហេង សុខ​ឃ​ន ដែល​ជា​អគ្គលេខាធិការ អាណត្តិ​ចាស់ បាន​ក្លាយជា​សមាជិក​គណៈកម្មាធិការ​ប្រតិបត្តិ​អាណត្តិ​ថ្មី ខណៈ​អនុប្រធាន​មាន​៧​រូប​។ គួរ​បញ្ជាក់​ថា មហាសន្និបាត​បាន​ធ្វើ​របាយការណ៍​បូក​សរុប​លទ្ធផល ពេញ​១​អាណត្តិ​ចាស់ ហើយ​ដាក់​គោលដៅ​ផែនការ​យុទ្ធសាស្ត្រ​សម្រាប់​អាណត្តិ​ថ្មី​នេះ​ឱ្យ​ទទួល​បាន​សមិទ្ធផល​ធំធេង​សម្រាប់​ជាតិ​ផង​ដែ​។

ក្រោយ​ទទួល​បានការ​គាំទ្រ​ដោយ​ការ​បោះ​ឆ្នោត​មាន​សំឡេង​គាំទ្រ ឯកឧត្តម ខូ​វ ឆាយ បាន​បង្ហាញ​ការ​ប្តេជ្ញា​ចិត្ត​ខ្ពស់​ថា ក្នុង​នាម​ជា​ប្រធាន​ដឹកនាំ​អាណត្តិ​ថ្មី​សូម​ប្តេជ្ញា​ចិត្ត​ដឹកនាំ និង​គ្រប់គ្រង​ប្រកបដោយ​ឆន្ទៈ​មុះ​មុត​ជាមួយ​ថ្នាក់ដឹកនាំ​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ​ពង្រឹង​សាមគ្គីភាព​ផ្ទៃក្នុង មហា​គ្រួសារ​កីឡាប្រដាល់​គុន​ខ្មែរ ដោយ​លះបង់​នូវ​កម្លាំងកាយ​ចិត្ត និង​ពេលវេលា ជា​ពិសេស​ការ​ចូលរួម​ប្រកបដោយ​កម្លាំងកាយ​ចិត្ត និង​ស្មារតី​គ្រប់​ភាគី​ពាក់ព័ន្ធ​ទាំងអស់​ដោយ​រាប់​ចាប់ពី​ឯកឧត្តម​ទៅ​រហូត​ថ្នាក់ដឹកនាំ មន្ត្រី​សហព័ន្ធ កីឡាករ កីឡាការិនី គ្រូបង្វឹក និង​គ្រូ​ជំនួយ​ទាំងអស់ ដើម្បី​បម្រើ​ការងារ​ជូន​សហព័ន្ធ​ឱ្យ​កាន់តែ​រីក​ចម្រើន​បន្ត​ទៀត​។

នា​ឱកាស​នេះ ឯកឧត្តម​ប្រធាន​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ​បាន​ថ្លែងអំណរគុណ​ដល់​ក្រសួង​អប់រំ យុវជន​និង​កីឡា គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ មន្ទីរ​អប់រំ​យុវជន និង​កីឡា​រាជធានី​-​ខេត្ត និង​បណ្តា​ដៃគូ​ស្ថានីយទូរទស្សន៍​នានា និង​ក្រុមហ៊ុន​ដៃគូ​អភិវឌ្ឍន៍​តាំងពី​ដើម​រហូត​មក​ដល់​បច្ចុប្បន្ន​។

ជាមួយ​គ្នា​នេះ ឯកឧត្តម តែម ម៉ឺន អនុរដ្ឋលេខាធិការ ក្រសួងការពារជាតិ និង​ជា​អគ្គលេខាធិការ​រង គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា​បាន​សម្តែង​នូវ​ការ​អបអរសាទរ​ចំពោះ​ការ​ប្រព្រឹត្តិ​ទៅ​នៃ​អង្គ​មហាសន្និបាត ដែល​រៀបចំ​ការ​បោះ​ឆ្នោត​ឱ្យ​មានដំណើរ​ការ​ស្រប​តាម​លំនាំ​លទ្ធិប្រជាធិបតេយ្យ និង​តម្លាភាព​។ ក្នុង​នាម​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា ឯកឧត្តម​បាន​ផ្តល់​អនុសាសន៍​មួយ​ចំនួន​ដល់​ដល់​ប្រធាន​សហព័ន្ធ អនុប្រធាន​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ សូម​អនុវត្ត​ឱ្យ​បាន​ល្អ​ប្រសើរ​នូវ​លក្ខន្តិកៈ បទបញ្ជាផ្ទៃក្នុង​របស់​ខ្លួន ក៏​ដូច​ជា​គោលការណ៍ និង​គោលនយោបាយ​ផ្សេង​ៗ​របស់​សហព័ន្ធ​។

ទន្ទឹម​នេះ ឯកឧត្តម តែម ម៉ឺន បាន​ជំរុញ​ឱ្យ​សហព័ន្ធ​ធ្វើការ​ជា​ក្រុម​ក្រោម​រូបភាព​នៃ​ការ​ប្រមូលផ្តុំ​តាម​លទ្ធិប្រជាធិបតេយ្យ ពិសេស​រក្សា​ឱ្យ​បាន​នូវ​សាមគ្គីភាព​ផ្ទៃក្នុង​ឱ្យ​បាន​រឹង​មាំ និង​ត្រូវ​សិក្សា​ឱ្យ​បាន​ច្បាស់លាស់​នៃ​គោលការណ៍​របស់​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​កម្ពុជា ក្រសួង​អប់រំ យុវជន និង​កីឡា និង​លក្ខខណ្ឌ​របស់​សហព័ន្ធ​កីឡាប្រដាល់​អន្តរជាតិ​។ បន្ថែម​ពីលើ​នេះ ត្រូវ​យកចិត្តទុកដាក់​ខ្ពស់​បង្កើន​កិច្ចសហការ​ឱ្យ​បាន​ជិត​ស្និទ្ធ​ជាមួយ​ក្រុមហ៊ុន​ដៃគូ​អភិវឌ្ឍន៍​ទាំងអស់ ដើម្បី​ទទួល​បានការ​លើក​ទឹក និង​គោលដៅ​របស់​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ ដែល​ជា​ការ​អភិវឌ្ឍ​បោះ​ជំហាន​ទៅ​មុខ ក្នុង​ការ​សាង​ភាព​ល្បីល្បាញ​លើ​ឆាក​អន្តរជាតិ​៕

Previous articleព្រះខ័នរាជស្វាយរៀង និងDong A Thanh Hoa ចែកគ្នាម្នាក់១ពិន្ទុវគ្គសន្សំពិន្ទុពូល A ពានក្លឹបជើងឯកអាស៊ាន
Next articleជាង ៣០០នាក់ចុះឈ្មោះចូលរួមប្រកួតកីឡាទោចក្រយាន ជើងឯកថ្នាក់ជាតិនៅខេត្តកំពត នាថ្ងៃទី២៤-២៦ ខែមករា ឆ្នាំ២០២៥