ក្រុមសាលារៀនបញ្ញវន្តខ្មែរឈ្នះជើងឯកបាល់ទាត់នារីខេត្តកណ្តាល ប្រចាំឆ្នាំ២០២៥

កណ្តាល៖ ក្រុមបាល់ទាត់​នារី​សាលារៀន​បញ្ញវន្ត​ខ្មែរ​បាន​ឈ្នះ​ម្ចាស់​ដំណែង​ជើងឯក​ការ​ប្រកួត​កីឡាបាល់ទាត់​នារី ជ្រើសរើស​ជើងឯក​ខេត្តកណ្តាល ប្រចាំឆ្នាំ​២០២៥ បន្ទាប់​ពី​បាន​យកឈ្នះ​ក្រុម​នារី​ស្អាង​យើង​ស្អាត ដោយ​លទ្ធផល​បច្ចេកទេស ៤-១ នៅ​វគ្គ​ផ្តាច់ព្រ័ត្រ កាលពី​ល្ងាច​ថ្ងៃ​ទី​១៨ ខែកុម្ភៈ ឆ្នាំ​២០២៥ នៅ​កីឡដ្ឋាន​ខេត្តកណ្តាល​។

ជាមួយនឹង​ការ​ប្រកួត​យ៉ាង​ស្វិតស្វាញ ក្រុម​សាលារៀន​បញ្ញវន្ត​ខ្មែរ ដែល​ដណ្តើម​បាន​ជើងឯក ទទួល​បាន​មេដាយមាស ពានរង្វាន់ អម​ដោយ​ប្រាក់​រង្វាន់ ខណៈ​ក្រុម​ស្អាង​យើង​ស្អាត​ទទួល​បាន​ជើងឯក​រង ទទួល​បាន​មេដាយ​ប្រាក់​។ រីឯ​ក្រុមបាល់ទាត់​នារី វិទ្យាល័យ​ហ៊ុន សែន ស្អាង ទទួល​បាន​ចំណាត់ថ្នាក់​លេខ​៣ ទទួល​បាន​មេដាយ​សំរឹទ្ធ ក្រោយ​ពី​បាន​យកឈ្នះ​ក្រុម​វិទ្យា​លល័យ ហ៊ុន សែន តា​ខ្មៅ ដោយ​លទ្ធផល ៣-១​។

ក្នុង​ឱកាស​ពិធី​បិទ​ការ​ប្រកួត​កីឡាបាល់ទាត់​នារី​ជ្រើសរើស​ជើងឯក​ថ្នាក់​ខេត្ត ប្រចាំឆ្នាំ​២០២៥​មានការ​អញ្ជើញ​ចូលរួម​ពី​លោក ចេ​ង សំ​អ៊ុ​ល ប្រធាន​មន្ទីរ​អប់រំ យុវជន និង​កីឡា​ខេត្តកណ្តាល លោក ពៅ វ​ណ្ណា ប្រធាន​ការិយាល័យ​កីឡា​នៃ​ប្រធាន​មន្ទីរ​អប់រំ យុវជន និង​កីឡា ខេត្តកណ្តាល និង​ប្រតិភូ​ដឹកនាំ​ក្រុម​ទាំង​៦​។

លោក ចេ​ង សំ​អ៊ុ​ល បាន​លើក​ឡើង​ថា ការ​ប្រកួត​កីឡាបាល់ទាត់​នារី ជ្រើសរើស​ជើងឯក​ប្រចាំឆ្នាំ​២០២៥​នេះ ជា​ការ​បណ្តុះ​ស្មារតី​ដល់​កីឡាការិនី​ខេត្តកណ្តាល​ឱ្យ​ប្រឹងប្រែង​ហ្វឹកហាត់ និង​ការ​ប្រកួត​ឱ្យ​គុណភាព​បច្ចេកទេស​រីក​ចម្រើន ដើម្បី​ឱ្យ​ក្លាយជា​ធនធាន​ឆ្នើម​ៗ​ប្រចាំ​ខេត្ត ត្រៀម​ចូលរួម​ប្រកួត​កីឡា​សិស្ស​បឋម​សិក្សា​ថ្នាក់​ជាតិ និង​ការ​ប្រកួត​កីឡា​សិស្ស​ធ​ម្យ​ម​សិក្សា​ថ្នាក់​ជាតិ ដែល​គ្រោង​នឹង​ធ្វើ​ឡើង​នា​ខែឧសភា និង​ខែមិថុនា ឆ្នាំ​២០២៥​ខាង​មុខ​។

ការ​ប្រកួត​កីឡាបាល់ទាត់​ផ្នែក​នារី​នេះ ត្រូវ​បាន​ធ្វើ​ឡើង​ស្រប​តាម​ផែនការ​ប្រតិបត្តិ ប្រចាំឆ្នាំ​របស់​មន្ទីរ​អប់រំ យុវជន និង​កីឡា​ខេត្តកណ្តាល បន្ទាប់​ពី​បាន​ដំណើរការ​ប្រកួត និង​បាន​បិទ​បញ្ចប់​ដោយ​ជោគជ័យ ការ​ប្រកួត​កីឡាបាល់ទាត់​យុវជន​ក្រោម ១៨ ឆ្នាំ ប្រចាំឆ្នាំ​២០២៥ កាលពី​ពេល​ថ្មី​ៗ​កន្លង​ទៅ​នេះ​។ ការ​ហ្វឹកហាត់​ក្នុង​វិស័យ​កីឡា​ប្រៀប​បាន​នឹង​ការ​អប់រំ​រៀនសូត្រ​តាម​សាលារៀន​ដែរ ដោយ​ថ្នាក់ដឹកនាំ និង​គ្រូបង្វឹក​តែងតែ​បណ្តុះ​ការ​អប់រំ និង​បង្វឹក​ឱ្យ​កីឡាករ កីឡាការិនី​មានគុណ​ភាព​បច្ចេកទេស និង​ក្លាយជា​មនុស្ស​ល្អ ក្នុង​សង្គម​ជាតិ ជៀស​ឆ្ងាយ​ពី​អំពើ​អបាយមុខ​ផ្សេង​ៗ​ផង​ដែរ​៕

Previous articleឯកឧត្តម ហ៊ុន ម៉ានី ៖ ការបរិច្ចាគឈាមស្ម័គ្រចិត្តទទួលបាន ១២៥៧សាក់ក្នុងបាល់ទាត់សប្បុរសធម៌ «យើងរួមគ្នាបរិច្ចាគឈាម ១០០០សាក់ ដើម្បីជួយសង្គ្រោះជីវិត»
Next articleLiverpool គ្រោងយក Nunez ទៅប្តូរយកកីឡាកររបស់ Newcastle ម្នាក់នេះ