ឯកឧត្តម ខូវ ឆាយ ៖ សហព័ន្ធជ្រើសរើសបានធនធានបន្តវេនប្រដាល់គុនខ្មែរក្នុងជើងឯកថ្នាក់ជាតិ ស្របតាមទិសដៅផ្សព្វផ្សាយទៅកាន់ពិភពលោក

កំពង់ឆ្នាំង៖ ឆ្លង​តាម​ការ​ប្រកួត​រយៈពេល​៤​ថ្ងៃ ក្នុង​ការ​រៀបចំ​ការ​ប្រកួត​កីឡាប្រដាល់​គុន​ខ្មែរ ជើងឯក​ថ្នាក់​ជាតិ ប្រចាំឆ្នាំ​២០២៤ ទទួល​បាន​លទ្ធផល​ល្អ ដែល​ធ្វើ​ឱ្យ​សហព័ន្ធ​មាន​លទ្ធភាព​ជ្រើសរើស​កីឡាករ កីឡាការិនី​ថ្នាល​ឆ្នើម​ៗ​កំពុង​មាន​សក្តានុពល និង​បទ​ពិសោធ​បច្ចេកទេស​ខ្ពស់ ដែល​ចាត់ទុកជា​ធនធាន​បន្តវេន ក្នុង​ចូលរួម​ប្រកួតប្រជែង​កម្រិត​ជាតិ និង​អន្តរជាតិ ស្រប​នឹង​ទិស​ដៅ​ផ្សព្វផ្សាយ​គុន​ខ្មែរ​ទៅ​កាន់​ពិភពលោក ដែល​សហព័ន្ធ​ប្រដាល់​គុន​ខ្មែរ​កំពុង​ធ្វើ​ជាប់​ជា​ប្រចាំ​។

នេះ​ជា​ការ​លើក​ឡើង​របស់​ឯកឧត្តម ខូ​វ ឆាយ ប្រធាន​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ ក្នុង​ឱកាស​ពិធី​បិទ​ការ​ប្រកួត​កីឡាប្រដាល់​គុន​ខ្មែរ​ជ្រើសរើស​ជើងឯក​ថ្នាក់​ជាតិ ប្រចាំឆ្នាំ​២០២៤ ដែល​បាន​បិទ​បញ្ចប់​ដោយ​ជោគជ័យ កាលពី​យប់​ថ្ងៃ​ទី​២០ ខែកុម្ភៈ ឆ្នាំ​២០២៥ នៅ​ភូមិ​អន្លង់​ត្នោត ឃុំ​លង្វែក ស្រុក​កំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ក្រោម​វត្តមាន​ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​។

ឯកឧត្តម ខូ​វ ឆាយ បាន​ជម្រាប​ជូន​ថា ក្នុង​នាម​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ គណៈកម្មាធិការ​រៀបចំ​ការ​ប្រកួត ឯកឧត្តម​បាន​បង្ហាញ​ក្តី​សោមនស្ស​រីករាយ​ក្រៃ​លែង សូម​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ចំពោះ​វត្តមាន​ដ៏​ឧត្តុង្គឧត្តម និង​គោរព​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត​ជូន​ចំពោះ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន ដែល​បាន​ចំណាយ​ពេលវេលា​ដ៏​មាន​តម្លៃ និង​មមាញឹក​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បិទ “​ការ​ប្រកួត​កីឡាប្រដាល់​គុន​ខ្មែរ​ជ្រើសរើស​ជើងឯក​ថ្នាក់​ជាតិ ប្រចាំឆ្នាំ ២០២៤ នា​ពេល​នេះ​។

តាម​រយៈ​ការ​គាំទ្រ​ពី​ក្រសួង​អប់រំ យុវជន និង​កីឡា សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ ក្រោម​ការ​ជួយ​ឧបត្ថម្ភ​ធំ​ពី​អ្នកឧកញ៉ា សំអាង វឌ្ឍនៈ អគ្គនាយក ក្រុមហ៊ុន​វឌ្ឍនៈ ប្រ៊ូ​វើ​រី ឯ​.​ក បាន​រៀបចំ ឱ្យ​មានការ​ប្រកួត​កីឡាប្រដាល់​គុន​ខ្មែរ​ជ្រើសរើស​ជើងឯក​ថ្នាក់​ជាតិ​ប្រចាំឆ្នាំ​២០២៤ គឺជា​ការ​បោះ​ជំហាន​ថ្មី​មួយទៀត​ផ្តល់​ឱកាស​ឱ្យ​គ្រប់​សមាគម ក្លឹ​ប​ទូ​ទាំង​ប្រទេស​អាច​បញ្ជូន​កីឡាករ កីឡាក​រិ​នី​ចូលរួម​ប្រកួតប្រជែង​ក្នុង​ព្រឹត្តិការណ៍​ប្រកួត​ធំ​ៗ​។ នេះ​គឺជា​យុទ្ធនាការ​កសាង​ធនធានមនុស្ស​នៅ​កម្រិត​មូលដ្ឋាន ដើម្បី​បន្ត​និរន្តរភាព និង​រក្សា​បាន​គុណ​ផល​កីឡា​ធ្វើ​ឱ្យ​ប្រដាល់​គុន​ខ្មែរ នៅ​តែ​ជា​កីឡា​សក្តានុពល និង​ឈានមុខ​នៅ​កម្ពុជា ក៏​ដូច​ជា​ការ​ប្រកួត​កម្រិត​អន្តរជាតិ​ទាំង​ក្នុង​ប្រទេស និង​ក្រៅប្រទេស ពិសេស​ធ្វើ​ឱ្យ​អត្ត​ព​លិ​ក​ប្រដាល់​គុន​ខ្មែរ​វ័យក្មេង​បាន​បញ្ចេញ​ទេព​កោសល្យ ពង្រឹង​បច្ចេកទេស ដែល​បាន​ហ្វឹកហាត់​កន្លង​មក ធ្វើ​យ៉ាងណា​សំដៅ​ឱ្យ​ការ​ប្រកួតប្រជែង​ឈរ​លើ​ស្មារតី​កីឡា គោរព​វិន័យ និង​បទដ្ឋាន​បច្ចេកទេស​ត្រឹមត្រូវ ប្រកបដោយ​ក្រមសីលធម៌​ល្អ ដោយ​យើង​ចាប់ផ្តើម​ពី​កម្រិត​ផ្ទាល់​នេះ​ផ្ទាល់​តែ​ម្តង​។ ជាង​នេះ​ទៀត ដើម្បី​បំផុសគំនិត​យុវជន មហាជន សិស្សានុសិស្ស ឱ្យ​ស្រឡាញ់​ចូល​ចិត្ត និង​លេង​កីឡាប្រដាល់ ជៀស​ឆ្ងាយ​ពី​អំពើ​អបាយមុខ​ផ្សេង​ៗ​ដែល​បង្ក​ផល​ប៉ះពាល់​នៅ​ក្នុង​សង្គម ស្រប​តាម​យុទ្ធនាការ​អប់រំ ប្រជាជន​ម្នាក់​លេង​កីឡា​មួយ​មុខ​យ៉ាងតិច​ប្រចាំជីវិត​។

ការ​ប្រកួត​នេះ​មាន​សមាគម​កីឡាប្រដាល់​គុន​ខ្មែរ​ក្រសួង រាជធានី​ខេត្ត​បាន​ចុះ​ឈ្មោះ​ចូលរួម​មាន​ចំនួន​១៥ រួម​មាន ដោយ​មាន​កីឡាករ កីឡាការិនី​សរុប ១៣៩​នាក់ (​កីឡាករ ១០៦​នាក់ និង​កីឡាការិនី ៣៣​នាក់​)​។ ចំពោះ​ប្រាក់​រង្វាន់​ជ័យ​លា​ភី រួម​មាន​៖ មេដាយមាស ទទួល​បាន​ប្រាក់​រង្វាន់ ២ លាន​រៀល​, មេដាយ​ប្រាក់ ទទួល​បាន​ប្រាក់​រង្វាន់​១​លាន​២​សែន​រៀល​, មេដាយ​សំរឹទ្ធ ទទួល​បាន​ប្រាក់​រង្វាន់ ៦០ ម៉ឺន​រៀល​។

ឯកឧត្តម ខូ​វ ឆាយ បន្ថែម​ថា ការ​ប្រកួត​នេះ ក៏​នឹង​មិន​អាច​សម្រេច​ទៅ​បាន​នោះ​ទេ បើសិន​គ្មាន​ការ​សហការ​ពី​មន្ត្រី​បច្ចេកទេស ចៅក្រម អាជ្ញាកណ្តាល​របស់​សហព័ន្ធ អនុវត្ត​ការងារ​ប្រកបដោយ​វិជ្ជាជីវៈ តម្លាភាព យុត្តិធម៌ និង ការ​ទទួលខុសត្រូវ​ខ្ពស់ និង​តំណាង​ប្រតិភូ​សមាគម គ្រូបង្វឹក បាន​គោរព និង​អនុវត្ត​បទបញ្ជា​ការ​ប្រកួត​បាន​ល្អ​ប្រសើរ ដោយ​មិន​បាន​បង្ក​បាតុភាព​អសកម្ម និង​ទម្លាប់​មិនល្អ ដែល​ជា​គំរូ​អាក្រក់​ដល់​យុវ​កីឡាករ កីឡាការិនី​យើង​ជំនាន់​ក្រោយ​ឡើយ​។ ជាមួយ​គ្នា​នេះ ឯកឧត្តម​ប្រធាន​ក៏​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ជូន​ចំពោះ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន ដែល​តែង​គាំទ្រ​រាល់​គ្រប់​សកម្មភាព ក្នុង​ការ​ដឹកនាំ អភិរក្ស និង​អភិវឌ្ឍន៍​កីឡាប្រដាល់​គុន​ខ្មែរ មាន​វត្តមាន​ជា​អធិបតី​នៅ​ទី​នេះ​ជា​សក្ខីភាព​ស្រាប់​។ ឯកឧត្តម​ក៏​បាន​ថ្លែងអំណរគុណ​ដល់​ក្រសួង​អប់រំ យុវជន និង​កីឡា ពិសេស​ឯកឧត្តម​អគ្គនាយកដ្ឋាន​កីឡា ដែល​តែង​យកចិត្តទុកដាក់ និង​គាំទ្រ​ដល់​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ​ជា​បន្តបន្ទាប់​។

គួរ​បញ្ជាក់​ថា លទ្ធផល​បច្ចេកទេស ក្នុង​ចំណោម​១៦​វិញ្ញាសា និង​១៥​សមាគម​រាជធានី​-​ខេត្ត រួម​មាន​៖ សមាគម​កីឡាប្រដាល់​គុន​ខ្មែរ​កង​យោធពលខេមរភូមិន្ទ ឈរ​នៅ​ចំណាត់ថ្នាក់​លេខ​១ ដោយ​ដណ្តើម​បាន​មេដាយ​សរុប ១០​គ្រឿង មាន​មេដាយមាស ៧ ប្រាក់​២ និង​សំរឹទ្ធ​១, លេខ​២ ខេត្តបាត់ដំបង មេដាយ​សរុប ១០​គ្រឿង មាស​២ ប្រាក់​២ និង​សំរឹទ្ធ​៦, លេខ​៣ ក្រសួងមហាផ្ទៃ មេដាយ​សរុប ៧​គ្រឿង មាស ២ ប្រាក់ ២ សំរឹទ្ធ​៣, លេខ​៤ ខេត្តបន្ទាយមានជ័យ មាស​២ ប្រាក់​១ និង​សំរឹទ្ធ​៤ ខណៈ​ខេត្ត​ព្រ​វៃ​វែង ខេត្តស្វាយរៀង និង​សៀមរាប ទទួល​បាន​មេដាយមាស ម្នាក់​១​គ្រឿង​ដូច​ៗ​គ្នា និង​មេដាយ​ប្រាក់ និង​សំរឹទ្ធ​មួយ​ចំនួន​ទៀត​៕

Previous articleរដ្ឋមន្ត្រីក្រសួងព័ត៌មាន ៖ ប្រដាល់គុនខ្មែរ ជាការផ្តល់ឱកាសដល់យុវជនប្រកួតប្រជែង ក្នុងការជ្រើសរើសកីឡាករ កីឡាការិនីឆ្នើមៗតំណាងជាតិ
Next articleWest Ham ចាប់អារម្មណ៍ខ្សែប្រយុទ្ធរបស់ក្លឹប AS Roma