ភ្នំពេញ៖ លោក ដួង មាសចំរើន អគ្គនាយករង អគ្គនាយកដ្ឋានកីឡានៃក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានសហព័ន្ធខ្មែរអត្តពលកម្មស្ម័គ្រចិត្តបានគូសបញ្ជាក់ថា ការប្រកួតជើងឯកវិទ្យាស្ថានខេមអេដ កីឡាអត្តពលកម្ម ឆ្នាំ២០២៥ ត្រូវបានគណៈកម្មការជំនាញចម្រាញ់បានធនធានឆ្នើមៗប្រចាំវិទ្យាស្ថាន ក្នុងន័យជំរុញដល់ដំណើរការអភិវឌ្ឍរួមគ្នា ដើម្បីអាចក្លាយជាជម្រើសជាតិ នាថ្ងៃខាងមុខ។
ការលើកឡើងបែបនេះ នៅក្នុងឱកាសបិទបញ្ចប់ដោយជោគជ័យ ការប្រកួតជើងឯកវិទ្យាស្ថានខេមអេដ កីឡាអត្តពលកម្ម កាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៥ នៅពហុកីឡដ្ឋានជាតិអូឡាំពិក។ លោក ដួង មាសចំរើន គូសបញ្ជាក់ថា វិទ្យាស្ថានខេមអេដបានរៀបចំកីឡាអត្តពលកម្មជារៀងរាល់ឆ្នាំ ប៉ុន្តែនៅក្នុងឆ្នាំ២០២៥នេះទទួលបានការចូលរួមពីនិស្សិតរបស់ខ្លួនចូលរួមច្រើន។ នៅក្នុងការចូលរួមរបស់ប្រភេទកីឡាអត្តពលកម្មនេះ យើងឃើញថា មានសក្តានុពល ដែលស្ថិតនៅក្នុងប្រភេទកីឡាអូឡាំពិក ដោយមានវិញ្ញាសាច្រើន ខណៈការចូលរួមដ៏ច្រើនរបស់កីឡាករ កីឡាការិនីជានិស្សិតខេមអេដ លើកនេះធ្វើឱ្យអ្នកជំនាញរកឃើញនូវគុណភាពរបស់ខេមអេដ ក៏ដូចជានឹងអាចជ្រើសរើសជាកីឡាករ កីឡាការិនីជម្រើសជាតិរបស់យើងផងដែរ។ តាមរយៈលទ្ធផលនៃការប្រកួតនេះនឹងអាចជ្រើសរើសបានធនធានឆ្នើមៗ ត្រៀមចូលរួមប្រកួតកីឡាសាកលវិទ្យាល័យថ្នាក់ជាតិ ក្រោមការរៀបចំរបស់ក្រសួងអប់រំ យុវជន និងកីឡា នាពេលខាងមុខ។
ប្រធានសហព័ន្ធខ្មែរអត្តពលកម្មស្ម័គ្រចិត្តសង្កត់ធ្ងន់ថា ជាផែនការយុទ្ធសាស្ត្ររបស់សហព័ន្ធ គឺយើងចង់ឱ្យគ្រប់ក្រសួងស្ថាប័នទាំងអស់ មិនត្រឹមតែសាលារៀនប៉ុណ្ណោះទេ ដែលចូលរួមលេងកីឡាឱ្យបានកាន់តែច្រើន ដោយចង់ឱ្យពួកគាត់មានសុខភាពល្អ ហើយបើគាត់គិតថាខ្លួនឯងអាចមានគុណផលល្អ អាចចូលរួមជាមួយថ្នាក់ជាតិ និងអន្តរជាតិបាន។ ជាមួយគ្នានេះ ជាគោលការណ៍របស់ក្រសួងអប់រំ យុវជន និងកីឡា ក្នុងការរៀបចំការប្រកួតកីឡាសាកលវិទ្យាល័យថ្នាក់ជាតិ តែងតែបានអញ្ជើញគ្រប់គ្រឹះស្ថានឧត្តមសិក្សាទាំងអស់ចូលរួមប្រកួតប្រជែង ហើយនៅគ្រប់សាលារៀនទាំងអស់គួរតែមានប្រភេទកីឡាអត្តពលកម្មនេះ ដោយសារតែប្រភេទកីឡានេះមានវិញ្ញាសាច្រើន ដែលជាជម្រើសល្អសម្រាប់សិស្សនិស្សិតតាំចំណង់ចំណូលចិត្ត និងជំនាញរៀងៗខ្លួន ដូចជាវិញ្ញាសារត់ លោតកម្ពស់ជាដើម។
ក្នុងនាមសហព័ន្ធយើងតែងតែបានអំពាវនាវឱ្យគ្រប់សាលារៀន គ្រឹះស្ថានឧត្តមសិក្សារៀបចំការប្រកួតកីឡាអត្តពលកម្មនេះ ជារៀងរាល់ឆ្នាំ ប៉ុន្តែសាលារៀបមួយចំនួន នៅមិនទាន់រៀបចំ និងកិច្ចសហការបានល្អនៅឡើយ យ៉ាងណាលោក ដួងមាស ចំរើន នៅតែជំរុញលើកទឹកចិត្តឱ្យសាលានានាបំផុសស្មារតីឱ្យសិស្សនិស្សិតចូលរួមលេងកីឡាឱ្យបានច្រើនកុះករ ដើម្បីឱ្យសហព័ន្ធ ក៏ដូចអាជ្ញាធរកីឡាអាចរកបានធនធានកីឡាករ កីឡាការិនីកាន់តែសម្បូរបែប និងប្រកបដោយគុណភាពខ្ពស់ៗសម្រាប់ជាតិ និងអាចត្រៀមខ្លួនកាន់តែល្អប្រសើរ ក្នុងការប្រកួតកម្រិតអន្តរជាតិនានាផងដែរ។
បើតាមការបញ្ជាក់របស់តំណាងវិទ្យាស្ថានខេមអេដបានឱ្យដឹងថា ការប្រកួតកីឡាអត្តពលកម្មជើងឯកខេមអេដ ឆ្នាំ២០២៥នេះមាន៨វិញ្ញាសា ដោយគណៈកម្មការបច្ចេកទេសសម្រិតសម្រាំងបានម្ចាស់ជ័យលាភីពីក្នុងការចូលរួមសរុបរបស់និស្សិតខេមអេដ សរុប ៣៥៣នាក់ ខណៈឆ្នាំនេះត្រូវបានលើកទឹកចិត្តខ្ពស់សម្រាប់និស្សិតស្រីៗឱ្យចូលរួមលេងកីឡាដើម្បីសុខភាព មិត្តភាព សាមគ្គីភាព និងអាចរកធនធានឆ្នើមៗផងដែរ។ ជ័យលាភីលើ៨វិញ្ញាសានឹងត្រៀមខ្លួនចូលរួមការប្រកួតកីឡាសាកលវិទ្យាល័យថ្នាក់ជាតិ ក្រោមការរៀបចំរបស់ក្រសួងអប់រំ យុវជន និងកីឡា នាពេលខាងមុខ៕