ចែកជូនសំបុត្រឥតគិតថ្លៃ ការប្រកួតបាល់ទាត់មិត្តភាព អបអរខួបអនុស្សាវរីយ៍ លើកទី៧៥ កម្ពុជា-ថៃ

ភ្នំពេញ៖ គណៈកម្មការ​រៀបចំ​ការ​ប្រកួត​កីឡាបាល់ទាត់​មិត្តភាព ពានរង្វាន់​សតវត្សរ៍​នៃ​ព្រះធម៌ ដើម្បី​អបអរសាទរ​ខួប​អនុស្សាវរីយ៍​លើក​ទី​៧៥ នៃ​ចំណងមិត្តភាព កម្ពុជា​-​ថៃ នា​ថ្ងៃ​ទី​០៨ ខែមីនា ឆ្នាំ​២០២៥ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូ​ឡាំ​ពិ​កបាន​ប្រកាស​ថា ប្រិ​យ​មិត្ត​ទស្សនិកជន​ដែល​មាន​បំណង​ចូលរួម​ទស្សនា​គាំទ្រ អាច​ទៅ​យក​សំបុត្រ​ទស្សនា​ដោយ​ឥត​គិតថ្លៃ នៅ​ស្តា​ត​ចាស់ និង​ស្តា​ត​អូ​ឡាំ​ពិ​ក ចាប់ពី​ម៉ោង​៩​ព្រឹក​តទៅ ថ្ងៃ​ទី​០៦-០៧ ខែមីនា ឆ្នាំ​២០២៥​។

សម្រាប់​កម្មវិធី​ប្រកួត​កីឡាបាល់ទាត់​មិត្តភាព​នេះ គឺ​ការ​ប្រកួត​បាល់ទាត់​រវាង​ក្រុម​កម្ពុជា និង​ថៃ ដោយ​គូ​ទី​១ ក្រុម​កីឡាករ​ប្រដាល់​គុន​ខ្មែរ ប្រកួត​ជាមួយ ក្រុម Muay Thai All Star និង​គូ​ទី​២ ក្រុម​តារាបាល់ទាត់​កម្ពុជា ប្រកួត​ជាមួយ ក្រុម​តារាបាល់ទាត់​ថៃ ចាប់ពី​វេលា​ម៉ោង​២ រសៀល​តទៅ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូ​ឡាំ​ពិ​ក​។

បើ​តាម​ការ​គូសបញ្ជាក់​របស់​ឯកឧត្តម ខូ​វ ឆាយ ប្រធាន​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ និង​ជា​សហ​ស្ថាបនិក​នៃ​ព្រឹត្តិការណ៍​បាល់ទាត់​មិត្តភាព ក្នុង​សន្និសីទ​សារព័ត៌មាន កាលពី​ថ្មី​ៗ​នេះ បាន​អំពាវ​នា​ដល់​មហាជន​ចូលរួម​ទស្សនា​គាំទ្រ​ឱ្យ​បាន​ច្រើន​កុះករ​។ ឯកឧត្តម ខូ​វ ឆាយ លើក​ឡើង​ថា ការ​ប្រកួត​បាល់ទាត់​មិត្តភាព​នេះ មាន​គោលបំណង​ចម្បង គឺជា​ការ​ចូលរួម​អបអរសាទរ​ខួប​អនុស្សាវរីយ៍ លើក​ទី​៧៥​នៃ​ការ​បង្កើត​ទំនាក់ទំនង​ការទូត​រវាង​កម្ពុជា​និង​ថៃ ព្រមទាំង​មាន​គោលបំណង​បង្កើត​ទំនាក់ទំនង​មិត្តភាព​សាមគ្គីភាព​រវាង​កម្ពុជា​និង​ថៃ​ឱ្យ​កាន់តែ​ល្អជា​មួយ​គ្នា​បន្ថែម​ទៀត ក្នុង​នាម​ជា​ប្រទេស​ជាប់​របង​ជាមួយ​គ្នា ក៏​ដូច​ជា​ប្រទេស​នៅ​ក្នុង​អនុ​តំបន់​ទន្លេមេគង្គ​ទាំងអស់​ផង​ដែរ​៕

Previous articleReal Madrid មានផែនការអោយ Arda Guler និង Endrick ខ្ចីជើងទៅកាន់អាឡឺំម៉ង់
Next articleក្លឹប Schalke ចង់ផ្តល់តំណែងគ្រូបង្វឹកដល់អតីតវីរៈបុរសក្លឹប Real លោក Raul Gonzalez