ឯកឧត្តម ហេង សុខឃន ៖ ជើងឯកថ្នាក់ជាតិប្រដាល់ឃីកបុកស៊ីង សម្រួចលើការផលិតធនធានថ្នាលយុវជនបន្តវេន សម្រាប់ជាតិ

ភ្នំពេញ៖ ឯកឧត្តម ហេង សុខ​ឃ​ន ប្រធាន​សហព័ន្ធ​កីឡាប្រដាល់​ឃី​ក​បុក​ស៊ី​ង​កម្ពុជា​បាន​គូសបញ្ជាក់​ថា ការ​ប្រកួត​កីឡាប្រដាល់​ឃី​ក​បុក​ស៊ី​ង ជើងឯក​ថ្នាក់​ជាតិ​ប្រចាំឆ្នាំ​២០២៤ ដែល​បិទ​បញ្ចប់​ដោយ​ជោគជ័យ កាលពី​យប់​ថ្ងៃ​ទី​០៥ ខែមីនា ឆ្នាំ​២០២៥ គឺ​ផ្តោត​សំខាន់ និង​សម្រួច​លើ​ការ​ផលិត​ធនធាន​ថ្នាល​យុវជន​បន្តវេន សម្រាប់​ជាតិ ទាំង​ព្រឹត្តិការណ៍​ជាតិ និង​អន្តរជាតិ នា​ពេល​បន្តបន្ទាប់​ខាង​មុខ​។

ឯកឧត្តម ហេង សុខ​ឃ​ន បាន​បន្ថែម​ថា នេះ​ជា​ចក្ខុវិស័យ ស្រប​តាម​ផែនការ​យុទ្ធសាស្ត្រ​របស់​សហព័ន្ធ ក្នុង​ការ​ជ្រើសរើស​ធនធាន​ថ្នាល​បន្តវេន​ប្រកបដោយ​គុណភាព ក្នុង​គោលដៅ​ត្រៀម​តាម​តម្រូវការ​ទីផ្សារ​ប្រកួត​អន្តរជាតិ ដែល​កំពុង​មាន​ត្រូវការ​ច្រើន​នៅ​ក្រៅប្រទេស​។

ប្រធាន​សហព័ន្ធ​រូប​នេះ​បន្ថែម​ថា កីឡាករ កីឡាការិនី ដែល​សម្រិតសម្រាំង​បាន​ម្ចាស់​ជ័យ​លា​ភី​ពី​ការ​ប្រកួត​ជើងឯក​ថ្នាក់​ជាតិ​នេះ​នឹង​ត្រូវ​បាន​សហព័ន្ធ​ជំរុញ​បន្ថែម​លើ​ការ​បណ្តុះបណ្តាល ដើម្បី​អភិវឌ្ឍ​សមត្ថភាព ហើយ​ពួក​គេ​ក៏​នឹង​ត្រៀម​ជា​ជម្រើស​សម្រាប់​សហព័ន្ធ ក្នុង​ការ​ជ្រើសរើស​ជា​បេក្ខភាព​ជំនួស​កីឡាករ កីឡាការិនី​ជម្រើសជាតិ​ក្នុង​ករណី​របួស​ពេល​ហ្វឹកហាត់ និង​ប្រកួត ដែល​ធ្វើ​ឱ្យ​ជម្រើសជាតិ​មិន​អាច​ចូលរួម​ប្រកួត​បាន ដូច​ជា​ស៊ី​ហ្គេ​ម លើក​ទី​៣៣ នៅ​ប្រទេស​ថៃ នា​ខែធ្នូ ឆ្នាំ​២០២៥​ខាង​មុខ​នេះ​ជាដើម​។

ឯកឧត្តម ហេង សុខ​ឃ​ន សង្កត់ធ្ងន់​ថា ការ​ប្រកួត​ជ្រើសរើស​ជើងឯក​ឆ្នាំ​នេះ ការ​ចូលរួម​ពី​យុវជន​តាម​បណ្តា​សមាគម ក្រសួង​រាជធានី​ខេត្ត​មានការ​ផុសផុល​ខ្លាំង ខណៈ​ច្បាប់​ប្រដាល់​ឃី​ក​បុក​ស៊ី​ង​ត្រូវ​បាន​កីឡាករ កីឡាការិនី​បាន​យល់​ដឹង​យ៉ាង​ច្បាស់ បន្ទាប់​ពី​កម្ពុជា​ទទួល​ធ្វើ​ជា​ម្ចាស់ផ្ទះ​ស៊ី​ហ្គេ​ម ឆ្នាំ​២០២៣ និង​ទទួល​បាន​មេដាយ​យ៉ាងច្រើន​ផង​ដែរ ក្នុង​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ត្រ​ដំបូង​នោះ​។

ការ​ប្រកួត​កីឡាប្រដាល់​ឃី​ក​បុក​ស៊ី​ង ជ្រើសរើស​ជើងឯក​ថ្នាក់​ជាតិ ប្រចាំឆ្នាំ​២០២៤ ដែល​បាន​រៀបចំ​ការ​ប្រកួត​រយៈពេល ៣​ថ្ងៃ ពី​ថ្ងៃ​ទី​០៣-០៥ ខែមីនា ឆ្នាំ​២០២៥ ដោយ​មានការ​ចូលរួម​ពី​សមាគម ក្រសួង រាជធានី​ខេត្ត​សរុប​ចំនួន ១០ ដែល​មាន​កីឡាករ កីឡាការិនី ៨៦​នាក់ (​នារី ១៤​នាក់​) ប្រតិភូ គ្រូបង្វឹក ២៦​នាក់ មន្ត្រី​បច្ចេកទេស អាជ្ញាកណ្តាល​ចៅក្រម ៣៥​នាក់ សរុប​រួម​ចំនួន ១២១​នាក់​។ វិញ្ញាសា ដាក់​ឱ្យ​ប្រកួត​មាន​សរុប ១២​វិញ្ញាសា ក្នុង​នោះ​ផ្នែក​បុរស​មាន ៧​ប្រភេទ​ទម្ងន់ និង​ផ្នែក​នារី​មាន ៥​ប្រភេទ​ទម្ងន់​។ ជ័យ​លា​ភី​លើ​១២​វិញ្ញាសា រួម​មាន​៖ ក្រសួងការពារជាតិ ឈរ​នៅ​ចំណាត់ថ្នាក់​លេខ​១ មេដាយ​សរុប​៧ (​មាស ៤ ប្រាក់​២ សំរឹទ្ធ​១), ក្រសួងមហាផ្ទៃ លេខ​២ មេដាយ​សរុប​៨ (​មាស ២ ប្រាក់​៤ សំរឹទ្ធ​២) ខេត្តស្វាយរៀង ឈរ​នៅ​ចំណាត់ថ្នាក់​លេខ​៣ មេដាយ​សរុប​៣​គ្រឿង (​មាស​២ ប្រាក់​១)​។

តាម​រយៈ​ការ​ប្រកួត​កីឡាប្រដាល់​ឃី​ក​បុក​ស៊ី​ង ជើងឯក​ថ្នាក់​ជាតិ​នេះ​ទទួល​បានការ​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ពី​លោក ដួង មាស​ចំរើន អគ្គនាយករង អគ្គនាយកដ្ឋាន​កីឡា​នៃ​ក្រសួង​អប់រំ យុវជន និង​កីឡា ខណៈ​ការ​ប្រកួត​នេះ​ទទួល​បាន​កញ្ចប់​ថវិកា​គាំទ្រ​ប្រចាំឆ្នាំ​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា ដើម្បី​ព​ន្លឿ​ន​ផែនការ​អភិវឌ្ឍ​ឱ្យ​កាន់តែ​រីក​ចម្រើន​បន្ថែម​ទៀត​៕

Previous articleកីឡាករជម្រើសជាតិបាល់ទាត់ វីរៈ ដារ៉ា មិនជាប់ពាក់ព័ន្ធនឹងករណីសង្ស័យរៀបចំលទ្ធផលទុកមុននោះទេ
Next articleRandal Kolo Muani ចាប់ផ្តើមគិតអំពីអនាគតខ្លួន ក្រោយទើបខ្ចីជើងទៅកាន់ Juventus