ការប្រកួតបាល់ទាត់មិត្តភាពកម្ពុជា-ថៃនឹងនាំមកនូវវប្បធម៌រស់នៅ ប្រកបដោយសុខសន្តិភាពនៃប្រទេសទាំងពីរ

ភ្នំពេញ៖ ស្ថាបនិក​រៀបចំ​ការ​ប្រកួត​កីឡាបាល់ទាត់ ពានរង្វាន់​សតវត្សរ៍​នៃ​ព្រះធម៌ ដើម្បី​អបអរសាទរ​ខួប​អនុស្សាវរីយ៍​លើក​ទី​៧៥​នៃ​ទំនាក់ទំនង​ការទូត​កម្ពុជា​-​ថៃ​បាន​លើក​ឡើង​ថា តាម​រយៈ​ការ​ប្រកួត​បាល់ទាត់​មិត្តភាព​នេះ​នឹង​បង្ហាញ​ពី​វប្បធម៌​កីឡា​នាំ​មក​នូវ​មិត្តភាព សាមគ្គីភាព និង​ទំនាក់ទំនង​ការទូត​ល្អ​រវាង​ប្រទេស​ទាំង​ពីរ និង​វប្បធម៌​នៃ​ការ​រស់នៅ​ប្រកបដោយ​សុខ​សន្តិភាព ក្រោម​ម្លប់ព្រះធម៌​នៃ​ព្រះ​ពុទ្ធិ​សាសនា ក្នុង​នាម​ជា​ប្រជាជាតិ​នៃ​សហគមន៍​អាស៊ាន​តែ​មួយ​។

នេះ​បើ​តាម​ការ​ឱ្យ​ដឹង​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន នៅ​សណ្ឋាគារ សូ​ហ្វី​តែ​ល ភ្នំពេញ ភូ​គី​ត្រា កាលពី​ល្ងាច​ថ្ងៃ​ទី​០៧ ខែមីនា ឆ្នាំ​២០២៥ ដោយ​មានការ​ចូលរួម​ពី​ឯកឧត្តម ឃ្លាំង ហួត អភិបាលរង​រាជធានី​ភ្នំពេញ លោក​បណ្ឌិត សុ​ផា​ឆៃ វី​រៈ​ភុជង្គ ម្ចាស់​សណ្ឋាគារ​សូ​ហ្វី​តែ​ល​ភ្នំពេញ​ភូ​គី​ត្រា និង​ជានា​យក​ប្រតិបត្តិ​ទូរទស្សន៍​កង​យោធពលខេមរភូមិន្ទ​ប៉ុស្តិ៍​លេខ​៥ ឯកឧត្តម ខូ​វ ឆាយ ប្រធាន​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ អ្នកឧកញ៉ា សំអាង វឌ្ឍនៈ អគ្គនាយក​ក្រុមហ៊ុន Vattanac Brewery ព្រមទាំង​តំណាង​ក្រុមបាល់ទាត់​ទាំង​៤​ក្រុម​។

ឯកឧត្តម ឃ្លាំង ហួត អភិបាលរង រាជធានី​ភ្នំពេញ​លើក​ឡើង​ថា ការ​ប្រកួត​កីឡា​តែងតែមាន​អ្នក​ឈ្នះ​និង​ចាញ់ ប៉ុន្តែ​ជំនួប​មិត្តភាព​រវាង​ក្រុម​ទាំង​ពីរ​ក្រុមបាល់ទាត់​កម្ពុជា និង​ក្រុម​ថៃ នៅ​រសៀល​ថ្ងៃ​ទី​០៨ ខែមីនា ឆ្នាំ​២០២៥​នេះ គឺ​ចាញ់​ឈ្នះ​តែ​លទ្ធផល​ប៉ុណ្ណោះ ប៉ុន្តែ​ចំណងមិត្តភាព គឺ​យើង​ឈ្នះ​ទាំងអស់​គ្នា ក្នុង​ព្រឹត្តិការណ៍​ប្រកួត​អបអរសាទរ​ខួប​អនុស្សាវរីយ៍​លើក​ទី​៧៥ នៃ​ទំនាក់ទំនង​ការទូត​ចំណងមិត្តភាព​កម្ពុជា​និង​ថៃ​។

ឯកឧត្តម ខូ​វ ឆាយ ប្រធាន​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ និង​ជា​សហ​ស្ថាបនិក​ផ្តួចផ្តើម​ព្រឹត្តិការណ៍​នេះ គូសបញ្ជាក់​ថា ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ត្រ​នេះ នឹង​បង្កើត​នូវ​វប្បធម៌​ការ​រស់នៅ​ដោយ​សុខ​សន្តិភាព​នៃ​ប្រទេស​ទាំង​ពីរ ក្នុង​នាម​ជា​ប្រទេស​អនុ​តំបន់​ទន្លេមេគង្គ​ដូច​គ្នា និង​ប្រទេស​ជិតខាង​នឹង​គ្នា ដែល​មាន​វប្បធម៌ អរិយធម៌​ស្រ​ដៀង​គ្នា​។​ឯកឧត្តម​បន្ថែម​ទៀត​ថា ជា​ការ​ពិត​ណាស់​ការ​ប្រកួត​បាល់ទាត់ គឺ​ត្រូវ​តែ​មាន​ភាគី​ម្ខាង​ឈ្នះ និង​មាន​ភាគី​ម្ខាង​ទៀត​ចាញ់ ប៉ុន្តែ​លទ្ធផល​ចាញ់​និង​ឈ្នះ​វា​គ្រាន់តែ​ជា​លទ្ធផល​ប៉ុណ្ណោះ​។ អ្វី​ដែល​ជំនួប​ជួប​គ្នា​នៅ​ស្អែក​នេះ គឺ​ពួក​យើង​ឈ្នះ​ទាំងអស់​គ្នា គឺ​យើង​រួបរួម​គ្នា​សាង​អំពើរ​ល្អ និង​សាង​នូវ​សន្តិភាព ព្រោះ​សន្តិភាព​វា​ពិតជា​ពិបាក​រក​ណាស់ ទម្រាំ​បាន​សន្តិភាព​គឺ​ត្រូវ​មានការ​ពលី​ជីវិត​មនុស្ស​យ៉ាងច្រើន​នាក់​។ ទន្ទឹម​ជាមួយ​គ្នា​នោះ ភាគី​តំណាង​ក្រុម​ទាំង​កម្ពុជា និង​ថៃ សុទ្ធសឹងតែ​បាន​បង្ហាញ​នូវ​ទំនាក់ទំនង​មិត្តភាព​សាមគ្គីភាព​និង​គ្នា ហើយ​ពួក​គេ​ម្នាក់​ៗ​ស​ង្ឈឹ​ម​ជឿជាក់​ថា ការ​ប្រកួត​មិត្តភាព​នេះ និង​ក្លាយជា​រូបភាព​ប្រវត្តិសាស្ត្រ​ថ្មី​មួយទៀត​រវាង​តារា ក៏​ដូច​ជា​ប្រជា​តិ​នៃ​ប្រទេស​ទាំង​ពីរ​។

លោក​បណ្ឌិត សុ​ផា​ឆៃ វី​រៈ​ភុជង្គ ក្នុង​នាម​ជា​ស្ថាបនិក​បង្កើត​ព្រឹត្តិការណ៍​នេះ​លើក​ឡើង​ថា ការ​ប្រកួត​បាល់ទាត់​មិត្តភាព​នេះ​មិន​ផ្តោត​សំខាន់​លើ​លទ្ធផល​ឈ្នះ​ចាញ់​ឡើយ ប៉ុន្តែ​អ្វី​ដែល​សំខាន់​គឺ​ការ​រឹតចំណង​មិត្តភាព​រវាង​ប្រទេស និង​ប្រទេស ប្រជាជន និង​ប្រជាជន​។ ក្នុង​នាម​ជា​ស្ថា​បិ​ក​ព្រឹត្តិការណ៍​នេះ លោក​បណ្ឌិត សុ​ផា​ឆៃ វី​រៈ​ភុជង្គ បាន​បន្ថែម​ទៀត​ថា ប្រជាជាតិ​កម្ពុជា​-​ថៃ ប្រៀប​បានជា​បងប្អូន​នឹង​គ្នា ព្រោះ​មាន​ប្រវត្តិ​ចាក់ស្រេះ​ជាមួយ​គ្នា​អស់​ជា​ច្រើន​ពាន់​ឆ្នាំ​មក​ហើយ ពិសេស​ជា​ប្រទេស​ដែល​កាន់​ព្រះពុទ្ធ​សាសនា​ដូច​គ្នា និង​ឋិត​នៅ​តាម​បណ្តោយ​ទន្លេមេគង្គ​ជាមួយ​គ្នា​ទៀត​។ ដូច្នេះ ប្រទេស​ទាំង​ពីរ​ត្រូវ​តែ​រក្សា​ទំនាក់ទំនង​ជាមួយ​គ្នា​ឲ្យ​បាន​ល្អ​ចាប់ពី​ពេល​នេះ និង​តទៅ​ដល់​អនាគត​ជា​រៀង​រហូត​។

គួរ​បញ្ជាក់​ថា ការ​ប្រកួត​នេះ​នឹង​ធ្វើ​ឡើង​នៅ​រសៀល​ថ្ងៃ​ទី​០៨ ខែមីនា ឆ្នាំ​២០២៥ នៅ​ទីលាន​ពហុ​កីឡដ្ឋាន​ជាតិ​អូ​ឡាំ​ពិ​ក ដោយ​ដោយ​គូ​ទី​១ ជា​ជំនួប​រវាង​ក្រុម​គុន​ខ្មែរ All Star ជាមួយ​ក្រុម Muay Thai All Star រីឯ​គូ​ទី​២ ជា​ជំនួប​រវាង​ក្រុម​តារាបាល់ទាត់​កម្ពុជា និង​ក្រុម​តារាបាល់ទាត់​ថៃ ចាប់ពី​វេលា​ម៉ោង ២​រសៀល​តទៅ​៕

Previous articleឯកឧត្តម សេង ធារិន បង្ហាញគន្លឹះការអភិវឌ្ឍកីឡាបញ្ចស៊ីឡាត់ ត្រៀមស៊ីហ្គេម និងកីឡាយុវជនអាស៊ី ២០២៩
Next articleBarca សម្លឹងរកមើលការផ្ទេរយកកីឡាករនៅជម្រើសមួយនេះ