សាលាគុនមជ្ឈមណ្ឌលកីឡាកងយោធពលខេមរភូមិន្ទ ឈរលេខ១ការប្រកួតកីឡាគុនល្បុក្កតោ ជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២៤

ភ្នំពេញ៖ សាលាគុនកីឡាគុនល្បុក្កតោនៃមជ្ឈមណ្ឌលកីឡាកងយោធពលខេមរភូមិន្ទដណ្តើមបានចំណាត់ថ្នាក់លេខ១ ដោយដណ្តើមបានមេដាយមាសច្រើនជាងគេ ក្នុងចំណោម ២៩សាលាគុនមកពី១០រាជធានី-ខេត្ត នៅក្នុងការប្រកួតកីឡាគុនល្បុក្កតោ ជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២៤ ដែលបានបិទបញ្ចប់ដោយជោគជ័យ កាលពីយប់ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលហ្វឹកហាត់ការ៉ាតេនៃសាកលវិទ្យាល័យ ភូមិន្ទភ្នំពេញ។

ឆ្លងកាត់ការប្រកួតយ៉ាងស្វិតស្វាញ និងជក់ចិត្តអស់រយៈពេល៣ថ្ងៃនេះ ជាលទ្ធផលជ័យលាភីលើវិញ្ញាសចំនួន១៨ រួមមាន៖ ចំណាត់ថ្នាក់លេខ១ មជ្ឈមណ្ឌលកីឡាកងយោធពលខេមរភូមិន្ទ មេដាយមាស៥ និងសំរឹទ្ធ១, លេខ២ សាលាគុន អង្គរមានឫទ្ធិ៍ មេដាយមាស ៣ ប្រាក់២ និងសំរឹទ្ធ២, លេខ៣ សាលាគុនល្បុក្កតោតារាជ មេដាយមាស៣ និងសំរឹទ្ធ១, លេខ៤ សាលាគុនសាកលវិទ្យាល័យជាតិគ្រប់គ្រង មេដាយមាស២ និងសំរឹទ្ធ២ ខណៈ៥សាលាគុនផ្សេងទៀតទទួលបានមេដាយមាសម្នាក់១វិញ្ញាសាដូចៗគ្នា។

យោងតាមរបាយការណ៍របស់គណៈកម្មការបច្ចេកទេសសហព័ន្ធបានឱ្យដឹងថា ការប្រកួតកីឡាគុនល្បុក្កតោជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២៤ ដែលមានរយៈពេល៣ថ្ងៃពីថ្ងៃទី៩-១១ ខែមីនា ឆ្នាំ២០២៥ ទទួលបានចំនួនអ្នកចូលរួមសរុប ២៤៥ នាក់ រួមមាន៖ ប្រតិភូគ្រូបង្វឹក ៣៥នាក់, កីឡាករ ១០៥នាក់, កីឡាការិនី ៥៥នាក់, មន្ត្រីបច្ចេកទេស ៤០នាក់, ក្រុមការងារស្ម័គ្រចិត្ត ១០នាក់ និងមាន ២៩សាលាគុនចូលរួម។ វិញ្ញាសាដាក់ឱ្យប្រកួតមាន ២៩វិញ្ញាសា ក្នុងនោះ វិញ្ញាសាប្រយុទ្ធនារី ៤វិញ្ញាសា ប្រយុទ្ធបុរស ៧វិញ្ញសា សម្ដែងឯកត្តជន ៦វិញ្ញាសា និងសម្ដែងក្រុម៣នាក់ មាន១វិញ្ញសា។

ឯកឧត្តមបណ្ឌិតព្រឹទ្ធាចារ្យ សាន គឹមស៊ាន ទីប្រឹក្សាក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាអនុប្រធានសហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជាមានប្រសាសន៍ថា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាតែងតែយកចិត្តទុកដាក់បន្តអភិវឌ្ឍគ្រប់វិស័យ រួមទាំងវិស័យក្បាច់គុនខ្មែរទាំងនៅកម្រិតថ្នាក់ជាតិ និងលើឆាកអន្តរជាតិ។ គុនល្បុក្កតោ ជាក្បាច់គុនដ៏ចំណាស់ ដែលបានរស់ឡើងឡើងវិញ ដោយសារកម្លាំងសាមគ្គីភាព ព្រលឹងជាតិ នៅជាមួយយើងទាំងអស់គ្នានៅគ្រប់ៗជំនាន់។ ឯកឧត្តមបណ្ឌិតព្រឹទ្ធាចារ្យក៏បានកោតសរសើរចំពោះកីឡាករ កីឡាការិនីគុនល្បុក្កតោទាំងអស់ចូលរួមប្រកួតប្រយុទ្ធប្រកបដោយស្មារតីអង់អាចក្លាហាន ទោះបីជាឈ្នះ ឬចាញ់យ៉ាងណាក្តី។ ជាមួយគ្នានេះ ឯកឧត្តមក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះមន្ត្រីគណៈកម្មការរៀបចំការប្រកួតដែលបានខិតខំរៀបចំឱ្យដំណើរការដោយរលូន រយៈពេល៣ថ្ងៃនេះឱ្យទទួលបានលទ្ធផលជោគជ័យ។ ជាមួយគ្នានេះ ឯកឧត្តមក៏បានផ្តល់អនុសាសន៍ដល់ភាគីពាក់ព័ន្ធបន្តប្រឹងប្រែងអភិរក្ស និងអភិវឌ្ឍកីឡាគុនល្បុក្កោ ដែលជាក្បាច់គុនមរតកព្រលឹងជាតិខ្មែរឱ្យស្ថិតស្ថេរយូរអង្វែងផងដែរ៕

Previous articleArteta ចង់បានខ្សែប្រយុទ្ធរបស់ Bayern Munich
Next articleឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញលើកទឹកចិត្តពិធីបិទការប្រកួត កីឡាបាល់ទាត់ ពានរង្វាន់ក្រសួងមហាផ្ទៃ