សហព័ន្ធកីឡាហាប់គីដូបន្តដាក់គោលដៅធំៗ ឆ្នាំ២០២៥ ក្នុងការរៀបចំជើងឯកថ្នាក់ជាតិ និងប្រជែងមេដាយជូនជាតិ

ភ្នំពេញ៖ សហព័ន្ធ​ខ្មែរ​កីឡា​ហាប់​គី​ដូ​បាន​រៀបចំ​មហាសន្និបាត​បូក​សរុប​លទ្ធផល​ការងារ​ឆ្នាំ​២០២៤ និង​លើក​ទិស​ដៅ​ឆ្នាំ​២០២៥ នៅ​ទីស្នាក់ការ​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា (NOCC) កាលពី​ថ្ងៃ​ទី​១៦ ខែមីនា ឆ្នាំ​២០២៥​ជាមួយនឹង​ការ​ដាក់​គោលដៅ​ធំ​ៗ​ចំនួន​២ សម្រាប់​ឆ្នាំ​២០២៥​។

លោក គួ​ច ហុង​ជៀក ប្រធាន​ស្តីទី សហព័ន្ធ​ខ្មែរ​កីឡា​ហាប់​គី​ដូ បាន​លើក​ឡើង​ថា សម្រាប់​ទិស​ដៅ​ក្នុង​ឆ្នាំ​២០២៥​នេះ សហព័ន្ធ​មាន​គោលដៅ​ធំ​ៗ​ចំនួន​ពីរ ដែល​ជា​ភារកិច្ច​ត្រូវ​បំពេញ ហើយ​ភារកិច្ច​ធំ​ៗ​ទាំង​ពីរ​នេះ គឺ​សហព័ន្ធ​ប្តេជ្ញា​ចិត្ត​សម្រេច​ឱ្យ​បាន​តាម​ផែនការ ដែល​បាន​គ្រោងទុក ដោយ​ទី​១.​គឺ​គ្រោង​នឹង​បញ្ជូន​អត្ត​ព​លិ​ក​ចូលរួម​ការ​ប្រកួត​នៅ​អន្តរជាតិ នៅ​ប្រទេស​ឥណ្ឌូ​ណេ​ស៊ី ដើម្បី​បង្ហាញ​វត្តមាន​កីឡាករ​កីឡាការិនី និង​នាំ​យក​មេដាយ​មក​ជូន​ជាតិ​។ ទី​២.​នឹង​រៀបចំ​ការ​ប្រកួត​ជ្រើសរើស​ជើងឯក​ថ្នាក់​ជាតិ លើក​ទី​៣ ប្រចាំឆ្នាំ​២០២៥ ដើម្បី​ចម្រាញ់​ឱ្យ​បាន​ធនធាន​ឆ្នើម​ៗ មក​បំប៉ន​គុណភាព​បច្ចេកទេស​បន្ថែម ក្នុង​គោលដៅ​ជំរុញ​អភិវឌ្ឍ​សមត្ថភាព​ឱ្យ​ពួក​គេ​ក្លាយជា​អត្ត​ព​លិ​ក​មាន​សក្តានុពល​។

ជាមួយ​គ្នា​នេះ លោក​ប្រធាន​ស្តីទី​ក៏​បាន​អំពាវនាវ​ដល់​វិស័យ​ឯកជន និង​សប្បុរសជន​នានា សូម​ចូលរួម​ជួយ​ដល់​សហព័ន្ធ​ខ្មែរ​កីឡា​ហាប់​គី​ដូ ដើម្បី​ឱ្យ​សហព័ន្ធ​មាន​ធនធាន​ថវិកា សម្ភារ ក្នុង​ការ​បណ្តុះបណ្តាល​គ្រូបង្វឹក​ចៅក្រម និង​អាជ្ញាកណ្តាល ពិសេស​គឺ​ជួយ​ផ្តល់​លទ្ធភាព​ឱ្យ​សហព័ន្ធ​បាន​បញ្ជូន​កីឡាករ​កីឡាការិនី​នៅ​ចូលរួម​ប្រកួត​នៅ​ក្រៅប្រទេស ដើម្បី​វាស់​ស្ទង់​កម្រិត​បច្ចេកទេស និង​ដណ្តើម​យក​មេដាយ​មក​ជូន​ជាតិ​។ លោក គួ​ច ហុង​ជៀក បាន​ចាត់​ទុក​ថា វិស័យ​ឯកជន និង​សប្បុរសជន​តែ​ប៉ុណ្ណោះ ដែល​មាន​លទ្ធភាព និង​ធនធាន​ជួយ​រួមចំណែក​អភិវឌ្ឍន៍​កីឡា​វិស័យ​កីឡា​បាន ហើយ​ប្រសិនបើ​គ្មាន​ការ​ជួយ​ឧបត្ថម្ភ​ពី​វិស័យ​ឯកជន​នោះ​ទេ វិស័យ​កីឡា​ក៏​មិន​អាច​រីក​ចម្រើន​ទៅ​មុខ​កើត​ដែរ​។

ក្នុង​ឱកាស​មហាសន្និបាត​នេះ លោក គង់ ចាន់​ធី​ណា ជម្រាប​ជូន​អំពី​ការ​ខិតខំ​ប្រឹងប្រែង​របស់​សហព័ន្ធ កីឡាករ កីឡាការិនី ដែល​សម្រេច​បាន​លទ្ធផល​គួរ​ជាទី​មោ​ទ​នៈ ក្នុង​ឆ្នាំ​២០២៤ កន្លង​ទៅ ហើយ​ក៏​បាន​បង្ហាញ​ផែនការ​យុទ្ធសាស្ត្រ ក្នុង​ឆ្នាំ​២០២៥​នេះ​ផង​ដែរ​។ សហព័ន្ធ​ខ្មែរ​កីឡា​ហាប់​គី​ដូ​បាន​ខិតខំ​ប្រឹងប្រែង​យ៉ាង​ខ្លាំង​នៅ​ក្នុង​ការ​អភិវឌ្ឍ ដើម្បី​ឈាន​ឆ្ពោះទៅ​រក​សក្តានុពល ដូច​ប្រភេទ​កីឡា​សក្តានុពល​មួយ​ចំនួន បើ​ទោះបី​ជួប​បញ្ហា​ប្រឈម​មួយ​ចំនួន ដោយ​កង្វះ​ថវិកា​លើ​ការ​បណ្តុះបណ្តាល​ធនធាន​កីឡាករ គ្រូបង្វឹក អាជ្ញាកណ្តាល ចៅក្រម និង​ការ​ញ្ជូ​ន​កីឡាករ​ទៅ​ប្រកួត​នៅ​ក្រៅប្រទេស​ជាដើម​ក្តី​។ ប៉ុន្តែ​បើ​ទោះបីជា សហព័ន្ធ​ជួប​បញ្ហា​ប្រឈម​បែប​នោះ​ក្តី ក៏​សហព័ន្ធ​ខិតខំ​កៀរគរ​រក​សប្បុរសជន និង​កៀរគរ​ថវិកា​ពី​សមាជិក​របស់​ខ្លួន ក្នុង​ការ​បង្កើត​បានជា​វគ្គ​បណ្តុះបណ្តាល​ខ្លី នៅ​ក្នុងស្រុក និង​បញ្ជូន​ទៅ​ចូលរួម​វគ្គ​នៅ​ក្រៅប្រទេស​។ បន្ថែម​ពី​នោះ សហព័ន្ធ​ក៏​បាន​ដឹកនាំ​កីឡាករ កីឡាការិនី​ចេញ​ទៅ​ប្រកួត​នៅ​ក្រៅប្រទេស ដោយ​ទទួល​បាន​មេដាយ​ត្រឡប់​មក​វិញ​ជូន​ជាតិ​ផង​ដែរ​។

អគ្គលេខាធិការ លោក គង់ ចាន់​ធី​ណា បាន​ប្តេជ្ញា​ចិត្ត​ថា បើ​ទោះបីជា​ការ​បោះ​ជំហាន​របស់​សហព័ន្ធ​មានការ​អភិវឌ្ឍ​យឺត​ជាង​សហព័ន្ធ​ផ្សេង​ៗ​ដោយ​ប្រឈម​នឹង​កង្វះ​ថវិកា​ក្តី ក៏​គណៈកម្មាធិការ​ប្រតិបត្តិ​សហព័ន្ធ​នៅ​តែ​បន្តដំណើរ​រួម​គ្នា​រិះរក​គ្រប់​មធ្យោបាយ ដើម្បី​ឱ្យ​សហព័ន្ធ​កីឡា​មួយ​នេះ​អាច​បន្តសកម្មភាព​ចូលរួម​ទាំង​ការ​ប្រកួត​ថ្នាក់​ជាតិ និង​អន្តរជាតិ​៕

Previous articleប្រធានក្លឹប PSG ហ៊ានចាយលុយ ១០០លានអឺរ៉ូសម្រាប់ខ្សែការពារ Virgil van Dijk
Next articleគ្រូបង្គោលកម្ពុជា ៖ មិនមានការប្រកួតណាមួយដែលងាយស្រួលនោះទេ