ពិធីបិទការប្រកួតកីឡាបាល់ទាត់មហាជនបុរស នារី និងក្រុមកម្មកររោងចក្រ ដណ្តើមពានរង្វាន់សង្ក្រាន្ត យុវជនឃុំឈើទាល

ភ្នំពេញ៖ លោក ប៊ុ​ន ផេង អភិបាលរង​ខេត្តកណ្តាល និង​លោក ទឹម សា​វឿ​ន ទីប្រឹក្សា​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា បាន​អញ្ជើញ​ជា​អធិបតីភាព​ក្នុង​ពិធី​បិទ​ការ​ប្រកួត​កីឡាបាល់ទាត់ កុមារ យុវជន មហាជន​បុរស នារី និង​ក្រុម​កម្មករ​រោងចក្រ ដណ្តើម​ពានរង្វាន់​សង្ក្រាន្ត យុវជន​ឃុំ​ឈើទាល ដើម្បី​អបអរសាទរ​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ខ្មែរ ឆ្នាំ​២០២៥ ដែល​ស្ថិត​នៅ​ភូមិ​ព្រែក​ស្វាយ​២ ឃុំ​ឈើទាល ស្រុក​កៀនស្វាយ ខេត្តកណ្តាល នា​រសៀល​ថ្ងៃ​ទី​០៥ ខែមេសា ឆ្នាំ​២០២៥​។

លោក ប៊ុ​ន ផេង អភិបាលរង​ខេត្តកណ្តាល បាន​មាន​ប្រសាសន៍​ថា កីឡា​ជា​សកម្មភាព​ដែល​ផ្តល់​មក​នូវ​សុខភាព​ល្អ រាង​កាយ​មាំមួន ព្រមទាំង​បញ្ញា​ស្មារតី​ឈ្លាសវៃ​។ បច្ចុប្បន្ន រាជរដ្ឋាភិបាល​បាន​ដាក់​ចេញ​នូវ​ផែនការ​យុទ្ធសាស្ត្រ​ជា​បញ្ច​កោណ​ទាំង​ប្រាំ រួម​មាន ការ​អភិវឌ្ឍ​មូលធន​មនុស្ស ការ​ធ្វើ​ពិពិធ​កម្ម​សេដ្ឋកិច្ច និង​ការ​បង្កើត​ការ​ប្រកួតប្រជែង ការ​អភិវឌ្ឍ​វិស័យ​ឯកជន និង​ការងារ ការ​អភិវឌ្ឍ​ប្រកបដោយ​ភាព​ធន ចីរភាព និង​បរិ​យា​បន្ន ព្រមទាំង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច និង​សង្គម​ឌី​ជី​ថ​ល ដោយ​ក្នុង​នោះ​រដ្ឋាភិបាល​បាន​សង្កត់ធ្ងន់​ទៅ​លើ​អាទិភាព​គន្លឹះ​ចំនួន​៥ សម្រាប់​ធ្វើ​កំណែទម្រង់ គឺ​ទី​១ កំណែទម្រង់​វិស័យ​អប់រំ ទី​២ ការ​ពង្រឹង​វិស័យ​សុខាភិបាល ទី​៣ កំណែទម្រង់​វិស័យ​មុខងារសាធារណៈ ទី​៤ ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន និង​ទី​៥ កំណែទម្រង់​លើ​ប្រព័ន្ធ​ច្បាប់ និង​ប្រព័ន្ធ​តុលាការ​។

ក្នុង​ការ​ប្រកួត​នេះ ក្រុម​កីឡាករ កីឡាការិនី​ទាំងអស់ បាន​អនុវត្ត​តាម​បទបញ្ជា​បច្ចេកទេស​នៃ​ការ​ប្រកួត និង​បាន​យក​ស្មារតី​សាមគ្គីភាព មិត្តភាព មាន​សីលធម៌​ល្អ រវាង​ក្រុម​មួយ​ទៅ​ក្រុម​មួយទៀត ធ្វើ​ឱ្យ​ការ​ប្រកួត​នេះ​ប្រព្រឹត្ត​ទៅ​ប្រកបដោយ​លទ្ធផល​ល្អ​ប្រសើរ​គួរ​ជាទី​មោ​ទ​នៈ​។ ហើយ​ចំពោះ​ព្រឹត្តិការណ៍​ប្រកួត​បាល់ទាត់​នា​ពេល​នេះ មាន​ក្រុម​ចូលរួម​ប្រកួត​ច្រើន​ប្រភេទ ដោយ​ក្នុង​នោះ​រួម​មាន​ផ្នែក​កុមារ​អាយុ ១៣​ឆ្នាំ ផ្នែក​យុវជន​អាយុ ១៦​ឆ្នាំ ផ្នែក​នារី ផ្នែក​មហាជន​បុរស និង​ផ្នែក​កម្មករ​រោងចក្រ ដែល​យើង​អាច​ឆ្លុះ​បញ្ចាំង​ឱ្យ​ឃើញ​ថា សកម្មភាព​ប្រកួត​នេះ​ក្នុង​គោលបំណង​ដើម្បី​ផ្តល់​ឱកាស​ដល់​កុមារ យុវជន យុវនារី និង​បងប្អូន​ជា​កម្មករ​រោងចក្រ បាន​បញ្ចេញ​នូវ​សមត្ថភាព និង​ទេព​កោសល្យ​របស់​ខ្លួន និង​បាន​បង្កើត​នូវ​ភាព​សប្បាយ​រីករាយ​ក្រោយ​ពេល​សម្រាក​ពី​ការ​សិក្សា និង​ប្រកប​កិច្ច​ការងារ​របស់​ខ្លួន និង​ជៀស​ឆ្ងាយ​ពី​គ្រឿងញៀន និង​អំពើ​អបាយមុខ​ផ្សេង​ៗ​ដែល​សង្គម​ស្អប់ខ្ពើម​។

លោក​អភិបាលរង​ក៏​បាន​កោតសរសើរ​ចំពោះ​គណៈកម្មការ​រៀបចំ​ការ​ប្រកួត​ផង​ដែរ ដែល​បាន​ខិតខំ​ដំណើ​ការ​កម្មវិធី​នេះ​តាំងពី​ថ្ងៃ​ចាប់ផ្តើម​រហូត​ដល់​ថ្ងៃ​បញ្ចប់​ប្រកបដោយ​ជោគជ័យ និង​សូម​ផ្តាំផ្ញើ​ដល់​ក្មួយ​ៗ ប្អូន​ៗ កីឡាករ កីឡាការិនី​ទាំងអស់ ត្រូវ​បន្ត​នាំ​គ្នា​ចូលរួម ឮ​លេង​កីឡា​ឱ្យ​បាន​ច្រើន​ដើម្បី​សុខមាលភាព និង​រួមចំណែក​ជម្រុញ​ឱ្យ “​ប្រជាពលរដ្ឋ​ម្នាក់ លេង​កីឡា​ឱ្យ​បាន​មួយ​ប្រភេទ​យ៉ាងតិច​ប្រចាំជីវិត​”​។

សូម​បញ្ជាក់​ថា លទ្ធផល​ការ​ប្រកួត​កីឡាបាល់ទាត់ កុមារ យុវជន មហាជន​បុរស នារី និង​ក្រុម​កម្មករ​រោងចក្រ ដណ្តើម​ពានរង្វាន់​សង្ក្រាន្ត យុវជន​ឃុំ​ឈើទាល អបអរសាទរ​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ខ្មែរ ឆ្នាំ​២០២៥ មាន​ដូច​ជា ក្រុម​កុមារ​អាយុ ១៣​ឆ្នាំ ចំណាត់ថ្នាក់​លេខ​១ បាន​ទៅ​លើ​ក្រុម​កុមារ​ស្រឡាញ់​សន្តិភាព​ម​ចំណាត់ថ្នាក់​លេខ​២ បាន​ទៅ​លើ​ក្រុម​កុមារ​លោកតា​ដើម​ព្រីង​។ សម្រាប់​ក្រុម​ប្រកួត​កីឡា​នារី ចំណាត់ថ្នាក់​លេខ​១ បាន​ទៅ​លើ​ក្រុម​នារី CFC ឃុំ​ឈើទាល និង​ចំណាត់ថ្នាក់​លេខ​២ បាន​ទៅ​លើ​ក្រុម​នារី លោកតា​ព្រីង​។ ដោយឡែក ក្រុម​យុវជន​អាយុ ១៦​ឆ្នាំ ចំណាត់​ថា្ន​ក់​លេខ​១ បាន​ទៅ​លើ​ក្រុម​យុវជន បិសាច​អភិជន និង​ចំណាត់ថ្នាក់​លេខ​២ បាន​ទៅ​លើ​ក្រុម​យុវជន CFC ឃុំ​ឈើទាល​។ ចំពោះ​ផ្នែក​ក្រុម​មហាជន​បុរស ចំណាត់ថ្នាក់​លេខ​១ បាន​ទៅ​លើ​ក្រុម​យុវជន ភូមិ​ជំរុំ ឃុំ​ឈើទាល និង​ចំណាត់ថ្នាក់​លេខ​២ បាន​ទៅ​លើ​ក្រុម​យុវជន ធី​ម​យើង​ឯកឧត្តម​។ រីឯ​ផ្នែក​ក្រុម​តាម​បណ្តា​រោងចក្រ​វិញ ចំណាត់ថ្នាក់​លេខ​១ បាន​ទៅ​លើ​ក្រុម​រោងចក្រ​អគ្គិសនី​ស្រុក​កៀនស្វាយ និង​ចំណាត់ថ្នាក់​លេខ​២ បាន​ទៅ​លើ​ឪ​ក្រុម​បោកគក់ រោងចក្រ យី​ដា ៕

Previous articleស្ងាត់ៗ ក្លឹប Wolves ចង់បានកីឡាករ Jadon Sancho របស់បិសាចក្រហម
Next articleខ្សែបម្រើ Harvey Elliott ក្លាយជាគោលដៅរបស់ក្លឹបនៅអង់គ្លេស និងអាឡឺម៉ង់