ឯកឧត្តម សុខ ពុទ្ធិវុធ ៖ ជើងឯកថ្នាក់ជាតិកីឡាបាញ់កាំភ្លើង ជាការដកពិសោធន៍ ពង្រឹងសមត្ថភាព ត្រៀមស៊ីហ្គេម ២០២៥

ភ្នំពេញ៖ ឯកឧត្តម សុខ ពុទ្ធិ​វុ​ធ ប្រធាន​សហព័ន្ធ​កីឡា​បាញ់កាំភ្លើង​កម្ពុជា​បាន​លើក​ឡើង​ថា ការ​ប្រកួត​កីឡា​បាញ់កាំភ្លើង ជ្រើសរើស​ជើងឯក​ថ្នាក់​ជាតិ ឆ្នាំ​២០២៥​ដែល​បាន​បិទ​បញ្ចប់​ដោយ​ជោគជ័យ គឺជា​ការ​ដក​ពិសោធន៍ និង​ពង្រឹងសមត្ថភាព​របស់​កីឡាករ កីឡាការិនី ដើម្បី​ត្រៀមខ្លួន​ចូលរួម​ការ​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម លើក​ទី​៣៣ នៅ​ប្រទេស​ថៃ នា​ខែធ្នូ ឆ្នាំ​២០២៥​។

នេះ​ជា​លើក​ឡើង​របស់​ឯកឧត្តម​ប្រធាន ក្នុង​ឱកាស​បិទ​ការ​ប្រកួត​កីឡា​បាញ់កាំភ្លើង ជើងឯក​ថ្នាក់​ជាតិ ដែល​បាន​ធ្វើ​ឡើង​រយៈពេល​២​ថ្ងៃ​ពី​ថ្ងៃ​ទី​១៧-១៨ ខែឧសភា ឆ្នាំ​២០២៥ នៅ​រាជធានី​ភ្នំពេញ​។

ជាមួយ​គ្នា​នេះ ឯកឧត្តម សុខ ពុទ្ធិ​វុ​ធ បាន​លើកទឹកចិត្ត​ជា​ពិសេស​បំផុត​ដល់​កីឡាករ កីឡាការិនី​គ្រប់​ៗ​រូប បន្ត​ការ​ខិតខំ តស៊ូ ហ្វឹកហាត់​ឱ្យ​បាន​ច្រើន និង​ទៀងទាត់​ជាទី​បំផុត ដើម្បី​អាច​នាំ​យក​មេដាយ​ជូន​ជាតិ​មាតុភូមិ​កម្ពុជា​ជាទី​ស្រឡាញ់​របស់​យើង​ទាំងអស់​គ្នា​។ ជំនាញ​កីឡា​នេះ​ត្រូវការ​ជា​ចាំបាច់​នូវ​ការ​ហ្វឹកហាត់​យ៉ាងច្រើន និង​ទៀងទាត់​ជាទី​បំផុត ដើម្បី​ឈាន​ទៅ​រក​ការ​ទទួល​ជ័យជម្នះ​បាន​។

បន្ថែម​ពីលើ​នេះ ប្រធាន​សហព័ន្ធ​គូសបញ្ជាក់​ថា ដើម្បី​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល ក្រោម​ការ​ដឹកនាំ​ប្រកបដោយ​ចក្ខុវិស័យ​វែង​ឆ្ងាយ និង​មុត​ស្រួច​របស់​សម្ដេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា សហព័ន្ធ​កីឡា​បាញ់កាំភ្លើង​កម្ពុជា​មាន​គោលដៅ​ដ៏​ច្បាស់លាស់​មួយ គឺ​យើង​ត្រូវ​យកជ័យ​លា​ភី​មេដាយ​ជូន​ជាតិ​ឱ្យ​ខាន​តែ​បាន ទាំង​ក្នុង​ព្រឹត្តិការណ៍​កីឡា​អូ​ឡាំ​ពិ​ក និង​ព្រឹត្តិការណ៍​កីឡា​អន្តរជាតិ​ផ្សេង​ៗ​ទៀត​។

បើ​តាម​របាយការណ៍​របស់​ឯកឧត្តម ស៊ិ​ន សូ​ផា​ន​ណា​ក់ អគ្គលេខាធិការ សហព័ន្ធ​បានឱ្យ​ដឹង​ថា ការ​ប្រកួត​ថ្នាក់​ជាតិ​ឆ្នាំ​នេះ​មាន​កីឡាករ កីឡាការិនី​ចូលរួម​ប្រកួត​សរុប​៤៤​នាក់ ដោយ​ប្រជែង​មេដាយ​លើ​៤​វិញ្ញាសា​។ ចំពោះ​ជ័យ​លា​ភី​លើ​៤​វិញ្ញាសា​នេះ រួម​មាន​៖ វិញ្ញាសា​កាំភ្លើង​វែង​ខ្យល់ ឈរ ១០​ម៉ែត្រ ចំណាត់ថ្នាក់​លេខ​១ កីឡាការិនី វង្ស សុខា​វី​ន​, វិញ្ញាសា​កាំភ្លើង​វែង ជំហរ​៣ ៥០​ម៉ែត្រ លេខ​១ កីឡាការិនី ហ៊ឹ​ម រ៉ា​វី វិញ្ញាសា​បាញ់​ប្រតិកម្ម​ស្តង់ដា (4 Stages) លេខ​១ កីឡាករ យោង យួ​ត ខណៈ​វិញ្ញាសា​បាញ់​ប្រតិកម្ម Production Optic (4 Stages) លេខ​១ កីឡាករ ហោ មុន្នី​រតនៈ​។ ក្រៅពី​នេះ ក៏​មាន​ជ័យ​លា​ភី​លេខ​២ និង​លេខ​៣ អម​លើ​វិញ្ញាសា​ទាំង​៤​នេះ​ផង​ដែរ​។ ចំពោះ​ប្រាក់​រង្វាន់​ជ័យ​លា​ភី លេខ​១ ទទួល​បាន​មេដាយមាស​១ ពាន​១ អម​ដោយ​ប្រាក់​រង្វាន់ ១​លាន​២០​លាន​រៀល លេខ​២ មេដាយ​ប្រាក់ អម​ដោយ​ប្រាក់​រង្វាន់ ៨០​ម៉ឺន​រៀល ខណៈ​លេខ​៣ មេដាយ​សំរឹទ្ធ អម​ដោយ​ប្រាក់​រង្វាន់ ៦០​ម៉ឺន​រៀល​៕

Previous articleJoao Pedro អាចនឹងចាកចេញពីក្លឹប Brighton ក្នុងតម្លៃ ៧០លានអឺរ៉ូ
Next articleសហព័ន្ធហែលទឹករៀបចំការប្រកួតវ័យចាស់ ដើម្បីប្រមូលធនធាន ត្រៀមចូលរួមប្រកួតហែលទឹកវ័យចាស់ជើងឯកពិភពលោក