ភ្នំពេញ៖ ក្រុមជម្រើសជាតិកីឡាជឺជីតស៊ូកម្ពុជាបានចេញមាតុប្រទេសរបស់ខ្លួនទៅចូលរួមប្រកួតក្នុងកីឡាជឺជីតស៊ូជ្រើសរើសជើងឯកអាស៊ី (The 2025 ASIAN CHAMPIONSHIP U21 & Adult) នៅប្រទេសហ្សកដានី ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥។
ឯកឧត្តម ថោង ធន ប្រធានស្តីទីសហព័ន្ធកីឡាជឺជីតស៊ូកម្ពុជាបានគូសបញ្ជាក់នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ កាលពីយប់ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥ថា ការចូលរួមប្រកួតក្នុងកម្រិតជើងឯកអាស៊ីនេះ គឺពិតជាមានសារៈសំខាន់ណាស់ ក្នុងការពង្រឹងគុណភាពបច្ចេកទេសរបស់អត្តពលិកកម្ពុជា។ នេះជាការចូលរួមរបស់ក្រុមជម្រើសជាតិកម្ពុជា ជារៀងរាល់ឆ្នាំ បន្ទាប់ពីការចូលរួមប្រកួតជើងឯកពិភពលោក ដែលជាព្រឹត្តិការណ៍ដ៏សំខាន់ ក្នុងការវាស់ស្ទង់គុណភាពបច្ចេកទេសរបស់អត្តពលិកកម្ពុជា។
ប្រធានស្តីទីរូបនេះសង្កត់ធ្ងន់ថា សហព័ន្ធកីឡាជឺជីតស៊ូអន្តរជាតិចាត់ទុកថា សហព័ន្ធកីឡាជឺជីតស៊ូកម្ពុជាតែងតែមានស្នាដៃល្អ ក្នុងការឈ្នះមេដាយជាមួយនឹងការបញ្ចប់លទ្ធផលគួរឱ្យកត់សម្គាល់ផងដែរ។ កត់សម្គាល់បន្ថែមពីលើនេ ឯកឧត្តម ថោង ធន អះអាងថា ការបញ្ជូនអត្តពលិកកម្ពុជាក្នុងព្រឹត្តិការណ៍នេះគឺសហព័ន្ធបានបញ្ជូនអត្តពលិកជម្រើសជាតិ៦នាក់ ដែលជាម្ចាស់មេដាយមាស ស៊ីហ្គេម ២០២៣ នៅកម្ពុជាកន្លងទៅ និងជាម្ចាស់មេដាយមាស ក្នុងព្រឹត្តិការណ៍ជឺជីតស៊ូ ប្រចាំតំបន់អាស៊ីអាគ្នេយ កាលពីឆ្នាំមុន។
ឯកឧត្តម ថោង ធន បន្ថែមថា ការចូលរួមប្រកួតលើនេះ សហព័ន្ធក៏បានដាក់គោលដៅដណ្តើមមេដាយឱ្យបានជូនជាតិ ហើយប្រសិនបើលទ្ធផលមិនគាប់ប្រសើរតាមអ្វីដែលយើងចង់បាននោះទេ ក៏ជាបទពិសោធដ៏មានអត្ថន័យបំផុតរបស់កីឡាករ កីឡាការិនីកម្ពុជា ពីព្រោះការចូលរួមប្រកួតជើងឯកអាស៊ី ឆ្នាំ២០២៥នេះគឺមានអត្តពលិកខ្លាំងៗច្រើនប្រទេសក៏បានចូលរួមដែរ ដូចជាអត្តពលិកមកពីប្រទេសអារ៉ាប់រួមជាដើម។
សហព័ន្ធកីឡាជឺជីតស៊ូកម្ពុជាបានបញ្ជូនប្រតិភូ គ្រូបង្វឹក មន្ត្រីបច្ចេកទេស និងកីឡាករ កីឡាការិនីជម្រើសជាតិ សរុប ០៩រូប ឱ្យទៅចូលរួមប្រកួតប្រជែងក្នុងព្រឹត្តិការណ៍ The 2025 ASIAN CHAMPIONSHIP U21 & Adult នៅប្រទេសហ្សកដានី ក្រោមការរៀបចំរបស់សហព័ន្ធកីឡាជឺជីតស៊ូអន្តរជាតិ (JJIF)។ សមាសភាពប្រតិភូអត្តពលិកកម្ពុជារួមមាន៖ សំអុន បូរមី ប្រតិភូ លោក JASPER MARTIJN PASS គ្រូបង្វឹក លោក OLIVER ROBERT KING មន្ត្រីបច្ចេកទេស កីឡាករ មឿនលឹម សុបញ្ញា កីឡាករ គង់ម៉ូណា មិថុរ៉ា កីឡាករ ទូច ពីរកក្កដា កីឡាការិនី ទីន សុវណ្ណបួរកែវ កីឡាការិនី ហេង ស៊ីវហ៊ាង និងកីឡាការិនី គង់ម៉ូណា ជេសស៊ីកា៕