ឯកឧត្តម កែវ រ៉េមី ៖ «ខ្ញុំធានាសុខសុវត្ថិភាព និងមិនប៉ះពាល់សតិអារម្មណ៍ ចំពោះប្រតិភូថៃ ត្រៀមប្រកួតតេក្វាន់ដូ ITF ជើងឯកអាស៊ាន នៅកម្ពុជា»

ភ្នំពេញ៖ ឯកឧត្តម​ទេស​រដ្ឋមន្ត្រី កែវ រ៉េ​មី ប្រធាន​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា និង​ជា​ប្រធាន​សហព័ន្ធ​កីឡា​តេ​ក្វា​ន់​ដូ ITF កម្ពុជា​គូសបញ្ជាក់​ថា ៖«​ខ្ញុំ​ហ៊ាន​ធានា​ពី​សុខ​សុវត្ថិភាព និង​មិន​ធ្វើ​ឱ្យ​មាន​ពាក្យ​សម្តី​ប៉ះពាល់​សតិអារម្មណ៍​ដល់​ប្រតិភូ​កីឡា​មក​ពី​ប្រទេស​ថៃ​ឡើយ ដែល​កម្ពុជា​ត្រៀម​រៀបចំ​ធ្វើ​ម្ចាស់ផ្ទះ​ការ​ប្រកួត​កីឡា​តេ​ក្វា​ន់​ដូ ITF ជើងឯក​អាស៊ី​អាគ្នេយ៍ លើក​ទី​២ ពី​ថ្ងៃ​ទី​២៧-៣០ ខែមិថុនា ឆ្នាំ​២០២៥ នៅ​រាជធានី​ភ្នំពេញ បើ​ទោះបីជា​ពេល​នេះ​កម្ពុជា​-​ថៃ​កំពុង​មាន​បញ្ហា​រឿង​ព្រំដែន​ជាមួយ​គ្នា​យ៉ាងណា​ក្តី​»​។

នេះ​ជា​ការ​គូសបញ្ជាក់​របស់​ឯកឧត្តម​ទេស​រដ្ឋមន្ត្រី កែវ រ៉េ​មី ក្នុង​ឱកាស​បិទ​ការ​ប្រកួត​កីឡា​តេ​ក្វា​ន់​ដូ ITF នៃ​ព្រឹត្តិការណ៍​កីឡា​សិស្ស​មធ្យមសិក្សា​បច្ចេកទេស​ថ្នាក់​ជាតិ កាលពី​ពេល​កន្លង​ទៅ​ថ្មី​នេះ​។

ឯកឧត្តម កែវ រ៉េ​មី លើក​ឡើង​ថា មុន​ពេល​ប្រទេស​កម្ពុជា​-​ថៃ​មាន​បញ្ហា​រឿង​ព្រំដែន​ជាមួយ​គ្នា ប្រតិភូ​កីឡា​ថៃ​ថា​នឹង​បញ្ជូន​កីឡាករ កីឡាការិនី​របស់​ខ្លួន​ក្នុង​ចំនួន​ច្រើន​មក​ចូលរួម​ប្រកួតប្រជែង​មេដាយ ក្នុង​ការ​ប្រកួត​ជើងឯក​អាស៊ី​អាគ្នេយ នៅ​កម្ពុជា ប៉ុន្តែ​នៅ​ពេល​មាន​បញ្ហា​ព្រំដែន​នៃ​ប្រទេស​ទាំ​ពីរ គឺ​ប្រតិភូ​កីឡា​ថៃ​មានការ​ព្រួយបារម្ភ ដែល​ក្នុង​នោះ​ឪពុក​ម្តាយ​កីឡាករ កីឡាការិនី (​ថៃ​) ខ្លះ​ស្ទាក់ស្ទើរ ក្នុង​ការ​បញ្ជូន​កូនចៅ​របស់​គាត់​មក​ចូលរួម​ប្រកួត​នៅ​កម្ពុជា​។

ឯកឧត្តម​ទេស​រដ្ឋមន្ត្រី កែវ រ៉េ​មី បាន​សង្កត់ធ្ងន់​បែប​នេះ​ថា​៖ «​ខ្ញុំ​សូម​ធានា​ជាមួយ​គាត់ ១០០% ដោយ​ឱ្យ​ពួក​គាត់​ជឿ​ទុកចិត្ត​ថា​អញ្ជើញ​មក​ប្រកួត​នៅ​កម្ពុជា​ចុះ ដោយ​ធានា​សុវត្ថិភាព​ជូន​ពួក​គាត់​ថា កម្ពុជា​មិន​មាន​អ្នក​ណា​ធ្វើ​អី​គាត់​គេ​។ កីឡា​បង្កើន​នូវ​មិត្តភាព កីឡា​នាំ​មក​នូវ​សន្តិភាព ហើយ​សន្តិភាព​នាំ​មក​នូវ​ការ​អភិវឌ្ឍ​ក្នុង​វិស័យ​កីឡា​។ ចំណុច​នេះ​សំខាន់​ណាស់ ដែល​កីឡា​គឺជា​ការទូត​មួយ​។ ខ្ញុំ​បាន​ធានា​ជាមួយ​គាត់​ថា អញ្ជើញ​មក​ចុះ អត់​មាន​បញ្ហា​អ្វី​ទាំងអស់ ធានា​សន្តិសុខ​សណ្តាប់ធ្នាប់​ជូន​ដល់​កូន​ៗ​ទាំងអស់ រាប់​ទាំង​កីឡាករ កីឡាការិនី​ទាំងអស់​មក​ពី​បណ្តា​ប្រទេស​នានា​ក្នុង​តំបន់​អាស៊ាន សម្រាប់​ការ​ប្រកួត​ជើងឯក​អាស៊ី​អាគ្នេយ៍ នៅ​កម្ពុជា​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ​ទេ គឺ​ធានា​មួយទៀត គឺ​សូ​ម្បី​តែ​ពាក្យ​សម្តី ក៏​មិន​ឱ្យ​ប៉ះពាល់​សតិអារម្មណ៍​របស់​គណៈប្រតិភូ​មក​ពី​ប្រទេស​ថៃ​ដែរ​»​។

គួរ​បញ្ជាក់​ថា សម្រាប់​ការ​រៀបចំ​ការ​ប្រកួត​កីឡា​តេ​ក្វា​ន់​ដូ ITF ជ្រើសរើស​ជើងឯក​អាស៊ី​អាគ្នេយ៍ លើក​ទី​២ ពី​ថ្ងៃ​ទី​២៧-៣០ ខែមិថុនា ឆ្នាំ​២០២៥ នៅ​រាជធានី​ភ្នំពេញ មាន​ប្រទេស​ចូលរួម​សរុប ៧​ប្រទេស រួម​ទាំង​ម្ចាស់ផ្ទះ​កម្ពុជា ខណៈ​ប្រតិភូ អាជ្ញាកណ្តាល ចៅក្រម និង​កីឡាករ កីឡាការិនី សរុប​ប្រមាណ ២០០​នាក់​៕

Previous articleសហព័ន្ធគុនខ្មែរអន្តរជាតិប្រគល់ភារកិច្ចជូនឯកឧត្តម វ៉ាត់ ចំរើន ជាប្រធានស្តីទី និងឯកឧត្តម ខូវ ឆាយ ជាអគ្គលេខាធិការ
Next articleក្រុមកីឡាករ-កីឡាការិនីកម្ពុជាលើប្រភេទកីឡាជាច្រើនចូលរួម «ព្យុហយាត្រាសាមគ្គីភាព» បង្ហាញកម្លាំងសាមគ្គីភាពជាតិដ៏រឹងមាំ