ភ្នំពេញ៖ ក្រុមម្ចាស់ផ្ទះ កម្ពុជាធ្វើសម្រេចតាមស្មើជាមួយក្រុមហុងកុង ក្នុងលទ្ធផលបញ្ចប់ការប្រកួត ៩០នាទី ១ទល់១ នៅក្នុងការប្រកួតមិត្តភាពអន្តរជាតិ កាលពីយប់ថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២៣ នៅពហុកីឡដ្ឋានជាតិអូឡាំពិក។
១គ្រាប់បើកការនាំមុខរបស់ក្រុមភ្ញៀវ ហុងកុង ធ្វើសម្រេចនៅនាទីទី២១ ដោយកីឡាករ EVERTON CAMARGO ខណៈ១គ្រាប់តាមស្មើរបស់ម្ចាស់ផ្ទះ កម្ពុជា ទាត់បញ្ជូលទីដោយកីឡាករ ស៊ិន សុផាន់ណាត នៅទាទី ៩០ បន្ទាប់ពីបញ្ជូនបាល់ជ្រុងបានយ៉ាងល្អពីកីឡាករ ចាន់ វឌ្ឍនាកា។
ក្រុមជម្រើសជាតិកម្ពុជានឹងត្រូវបើកកីឡដ្ឋានពហុកីឡដ្ឋានជាតិអូឡាំពិកស្វាគមន៍ក្រុមភ្ញៀវ ម៉ាកាវ ១ប្រកួតទៀត នាយប់ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣ ដើម្បីបន្តកម្តៅសាច់ដុំមិត្តភាពអន្តរជាតិ ត្រៀមឆ្ពោះទៅប្រកួតជម្រុះជុំទី១ នៃ ពានរង្វាន់បាល់ទាត់ពិភពលោក (FIFA World Cup 2026)។ តាមរយៈការប្រកួតមិត្តភាពអន្តរជាតិនេះ ក៏ជាការត្រៀមខ្លួនរបស់ក្រុមហុងកុងដូចគ្នាផងដែរ ដោយក្រុមហុងកុងមានភារៈកិច្ចសំខាន់ នៅចុងឆ្នាំ២០២៣នេះ។
សម្រាប់ក្រុមកម្ពុជា នេះជាការប្រកួតមិត្តភាពកម្តៅសាច់ដុំជាមួយហុងកុង និងម៉ាកាវ ដើម្បីត្រៀមប្រកួតជម្រុះនៃបាល់ទាត់ពិភពលោក FIFA WORLD CUP 2026 ជុំទី១ គឺក្រុមជម្រើសជាតិកម្ពុជាត្រូវជួបក្រុមជម្រើសជាតិប៉ាគីស្ថាន ចំនួន២ជើង ដែលជើងទី១ នាថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៣ នៅពហុកីឡដា្ឋនជាតិអូឡាំពិក ខណៈជើងទី២នឹងប្រកួតនៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣ នៅប្រទេសប៉ាគីស្ថាន។ ក្រុមឈ្នះ១ក្រុម រវាងកម្ពុជា ឬ ប៉ាគីស្ថាន នឹងត្រូវបន្តឡើងទៅប្រកួតនៅជុំទី២ ក្នុងពូល G ជាមួយ ៣ប្រទេសផ្សេងទៀត គឺក្រុម Saudi Arabia, Jordan និង Tajikistan៕
ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា