ភ្នំពេញ៖ អត្តពលិកកាយសម្ព័ន្ធកម្ពុជាដណ្តើមបានមេដាយមាស១គ្រឿង និងសំរឹទ្ធ១គ្រឿងពីការប្រកួតកីឡាកាយសម្ព័ន្ធ ជើងឯកអាអេរ៉ូប៊ិកអាស៊ី លើកទី៨ ពីថ្ងៃទី១៣-១៧ ខែកញ្ញា ឆ្នាំ២០២៣ នៅទីក្រុង Ulaanbaatar ប្រទេសម៉ុងហ្គោលី ខណៈមេដាយមាស និងសំរឹទ្ធ១គ្រឿងនេះត្រូវបានអ្នកជំនាញចាត់ទុកថាជាប្រវត្តិសាស្ត្រដំបូងប្រកបដោយមោទនភាពជាតិ។
ឯកឧត្តម ណយ ផាណា អគ្គលេខាធិការ សហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា ដែលជាប្រធានប្រតិភូដឹកនាំបានបញ្ជាក់ពីប្រទេសម៉ុងហ្គោលី នៅរសៀលថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣នេះថា មេដាយមាស១វិញ្ញាសា ដែលអត្តពលិកកម្ពុជាដណ្តើមបាន គឺលើវិញ្ញាសាទ្រីយ៉ូសម្តែងជាក្រុម ដោយកីឡាការិនី៣រូប មានកីឡាការិនី ស៊ីវ ចន្ថា, កីឡាការិនី ណេម សុខហេង និងកីឡាការិនី ឌឹម អ៊នធីតា រីឯកីឡាការិនី សួស ស្រីពៅ ដណ្តើមបានមេដាយសំរឹទ្ធ១គ្រឿង លើវិញ្ញាសាឯកត្តជននារី (Senor IW)។ ឯកឧត្តមអគ្គលេខាធិការបន្ថែមថា ជើងឯកអាស៊ីនេះ មាន១៤ប្រទេសចូលរួម ដោយសមិទ្ធផលមេដាយមាស និងសំរឹទ្ធ១គ្រឿង ដែលអត្តពលិកកាយសម្ព័ន្ធកម្ពុជាដណ្តើមបាន នាពេលនេះ គឺសហព័ន្ធមានការដាក់ចេញនូវផែនការយុទ្ធសាស្ត្រច្បាស់លាស់ពីឯកឧត្តមបណ្ឌិតទេសរដ្ឋមន្ត្រី ថោង ខុន ប្រធានសហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា។ ជាក់ស្តែងក្នុងព្រឹត្តិការណ៍អន្តរជាតិកម្រិតអាស៊ីមួយនេះ ឯកឧត្តមបណ្ឌិតទេសរដ្ឋមន្ត្រីក៏បានទាក់ទងផ្តល់ការលើកទឹកចិត្តជានិច្ច ដល់ចៅៗ កីឡាករ កីឡាការិនីផងដែរ។
ឯកឧត្តម ណយ ផាណា គូសបញ្ជាក់បន្ថែមយ៉ាងដូច្នេះថា៖ «មេដាយមាសនេះ សម្រាប់ប្រភេទកីឡាកាយសម្ព័ន្ធកម្ពុជាយើង នាពេលនេះ គឺជាព្រឹត្តិការណ៍ដ៏ធំជាប្រវត្តិសាស្ត្រក្នុងអាស៊ី ហើយគឺជាមោទនភាពដ៏ឧត្តុង្គឧត្តមបំផុតសម្រាប់ជាតិ។ យើងខ្ញុំក៏សូមកោតសរសើរចំពោះគ្រូបង្វឹក គ្រូជំនួយ រួមទាំងកីឡាករ កីឡាការិនីទាំងអស់ ដែលយើងបានរួមគ្នាខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត ទើបយើងទទួលបានលទ្ធផលល្អ ដូចពេលនេះ»។
គួរបញ្ជាក់ថា ក្រុមជម្រើសជាតិកាយសម្ព័ន្ធកម្ពុជាផ្នែកអាអេរ៉ូប៊ិកបានចូលរួមប្រកួតលើ៤វិញ្ញាសា គឺវិញ្ញាសាឯកត្តជនបុរស (IM), ឯកត្តជននារី (IW), ទ្រីយ៉ូ (TRIO) និងក្រុម ដោយកម្ពុជាមានសមាសភាពកីឡាការិនី៧នាក់ និងកីឡាករម្នាក់ និងប្រតិភូដឹកនាំ គ្រូបង្វឹក គ្រូជំនួយ សរុប ១១នាក់៕
ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា