កីឡាការិនី ខាន់ ចេសា សម្រេចមិនចូលរួមប្រកួតកីឡាអាស៊ីហ្គេមលើកទី១៩ ដោយសារមូលហេតុផ្ទាល់ខ្លួន

បរទេស៖ សហព័ន្ធ​កីឡា​ជី​ជី​តស៊ូ​កម្ពុជា បាន​ប្រកាស​ពី​ការ​សម្រេចចិត្ត​របស់​កីឡាការិនី ខាន់ ចេ​សា ក្នុង​ការ​ដកខ្លួន​ចេញពី​ការ​ប្រកួត​កីឡា​អាស៊ី​ហ្គេ​ម​លើក​ទី​១៩ នៅ​ទីក្រុង​ហាង​ចូ​វ ប្រទេស​ចិន​។

ក្នុង​សេចក្តីជូនដំណឹង​ចុះ​ថ្ងៃ​ទី​១៧ ខែកញ្ញា ឆ្នាំ​២០២៣ សហព័ន្ធ​បាន​បញ្ជាក់​ថា កីឡាការិនី ខាន់ ចេ​សា បាន​សម្រេចចិត្ត​មិន​ចូលរួម​ការ​ប្រកួត​ក្នុង​វិញ្ញាសា​ជី​ជី​តស៊ូ Ne-Waza នៃ​ព្រឹត្តិការណ៍​កីឡា​អាស៊ី​ហ្គេ​ម​លើក​ទី​១៩ ដែល​ប្រព្រឹត្ត​ទៅ​ចាប់ពី​ថ្ងៃ​ទី​២៣ ខែកញ្ញា ដល់​ថ្ងៃ​ទី​៨ ខែតុលា ឆ្នាំ​២០២៣ នៅ​ទីក្រុង​ហាង​ចូ​វ ប្រទេស​ចិន ដោយសារ​មូលហេតុ​ផ្ទាល់ខ្លួន​។

សហព័ន្ធ​កីឡា​ជី​ជី​តស៊ូ​កម្ពុជា​មិន​មានការ​ពាក់ព័ន្ធ​លើ​សេចក្ដី​សម្រេចចិត្ត​នេះ​ទេ​។ សហព័ន្ធ​គោរព​តាម​ការ សម្រេចចិត្ត​របស់​កីឡាការិនី ខាន់ ចេ​សា ហើយ​បញ្ហា​នេះ​ក៏​មិន​មាន​ផល​ប៉ះពាល់​ណាមួយ​ដល់​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​សហព័ន្ធ​ក្នុង​ព្រឹត្តិការណ៍​ប្រកួត​នេះ​ទេ​។ សហព័ន្ធ​នៅ​តែ​រក្សា​ទំនាក់ទំនង​យ៉ាង​ជិត​ស្និត​ជាមួយ​កីឡាការិនី ខាន់ ចេ​សា ប្រកបដោយ​វិជ្ជាជីវៈ​។

ក្នុង​ព្រឹត្តិការណ៍​នេះ សហព័ន្ធ​គ្រោង​បញ្ជូន​អត្ត​ព​លិ​ក​ចំនួន ០២​រូប​គឺ​៖ កីឡាការិនី ខាន់ ចេ​សា ប្រកួត​វិញ្ញាសា Ne-Waza នារី​ទម្ងន់​ក្រោម​៥២​គីឡូក្រាម និង​កីឡាករ មឿ​ន​លី​ម សុ​បញ្ញា ប្រកួត​វិញ្ញាសា Ne-Waza បុរស​ទម្ងន់​ក្រោម​៦៩​គីឡូក្រាម​។

ជាមួយ​គ្នា​នេះ សហព័ន្ធ​បាន​អះអាង​ថា​នឹង​នៅ​តែ​បន្ត​ផ្តោត​ការ​យកចិត្តទុកដាក់ និង​ប្តេជ្ញា​ចិត្ត​គាំទ្រ​កីឡាករ មឿ​ន​លី​ម សុ​ប​ញ្ញ ដើម្បី​ឆ្ពោះទៅ​វគ្គ​ផ្តាច់ព្រ័ត្រ​ដណ្តើម​មេដាយ​ជូន​ជាតិ​ពី​ព្រឹត្តិការណ៍​កីឡា​អាស៊ី​ហ្គេ​ម​នេះ​៕

ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា

Previous articleក្រុមបាល់ទះកម្ពុជាប្រកួតជាមួយក្រុមឥណ្ឌា ស្អែកនេះ បើកឆាកពូល C នៃព្រឹត្តិការណ៍កីឡាអាស៊ី នៅប្រទេសចិន
Next articleឯកឧត្តម ណយ ផាណា៖ មេដាយមាសកាយសម្ព័ន្ធពីជើងឯកពិភពលោក មិនមែនកើតឡើងដោយចៃដន្យនោះទេ