ចិន៖ លោកបណ្ឌិត អាំង សិរីពិសិដ្ឋ អនុប្រធាន និងជាអគ្គលេខាធិការ សហព័ន្ធកីឡាបាល់ទះកម្ពុជាបានថ្លែងថា ក្រោយពីធ្លាក់ចេញត្រឹមវគ្គជម្រុះក្នុពូល C កីឡាអាស៊ី លើកទី១៩ នៅទីក្រុងហាន់ចូវ សាធារណរដ្ឋប្រជាមានិតចិន គឺក្រុមបាល់ទះកម្ពុជានឹងបន្តការប្រឹងប្រែងហ្វឹកហាត់បន្ថេមទៀត ដើម្បីដើរឲ្យទាន់បណ្តាប្រទេសជឿនលឿនលើផ្នែកកីឡាបាល់ទះ។
នេះជាការគូសបញ្ជាក់របស់លោកបណ្ឌិតអនុប្រធាន ថ្លែងប្រាប់ទីភ្នាក់ងារសារព័ត៌មានកម្ពុជា AKP នៅព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣ ពីប្រទេសចិន ក្នុងឱកាសលោកបណ្ឌិតដឹកនាំក្រុមកីឡាបាល់ទះកម្ពុជាចូលរួមប្រកួតកីឡាអាស៊ី លើកទី១៩នេះ។
លោកបណ្ឌិត អាំង សិរីពិសិដ្ឋ បានសង្កត់ធ្ងន់យ៉ាងដូច្នេះថា ៖«គុណផលបច្ចេកទេសរបស់កម្ពុជា នៅក្រោមក្រុមកូរ៉េខាងត្បូង ហើយបើគិតលើចំណាត់ថ្នាក់ពិភពលោក គឺកូរ៉េខាងត្បូង ស្ថិតនៅចំណាត់ថ្នាក់លេខ ២៧ ចំណែកឯកក្រុមបាល់ទះកម្ពុជា ស្ថិតនៅលេខ ១៤១។ ទោះយ៉ាងនេះក្តី រឿងចំណាត់ថ្នាក់ជារឿងមួយ ប៉ុន្តែក្នុងការប្រកួតលើទីលាន គឺយើងតែងតែប្រឹងប្រែងប្រកួតអស់ពីសមត្ថភាពដោយយើងចង់ដឹងពីគុណផលរបស់យើងពិតប្រាកដ នៅពេលដែលកម្ពុជាយើងចេញពីតំបន់អាស៊ីអាគ្នេយ៍។ ប៉ុន្តែបើយើងគិតចំណាត់ថ្នាក់ក្នុងតំបន់អាស៊ីអាគ្នេយ៍ គឺក្រុមបាល់ទះកម្ពុជា ស្ថិតក្នុងចំណាត់ថ្នាក់កំពូលទាំង៤ (Top 4)។ ប៉ុន្តែក្នុងការកីឡាអាស៊ីនេះ គឺកម្ពុជាមិនមែន Top 4 ទៀតទេ។ ដូច្នេះបន្ទាប់ពីវិលត្រឡប់ទៅវិញ ក្រុមបាល់ទះកម្ពុជានឹងប្រឹងប្រែងហ្វឹកហាត់បន្ថែមទៀត ដើម្បីដើរឲ្យទាន់បណ្តាប្រទេសជឿនលឿននៃវិស័យកីឡាបាល់ទះ»។
ក្នុងការប្រកួតកីឡាអាស៊ី លើកទី១៩ នៅប្រទេសចិននេះ គឺក្រុមបាល់ទះកម្ពុជាស្ថិត ក្នុងពូល C ដោយជាមួយក្រុមខ្លាំងៗ ដូចជា ឥណ្ឌា និងកូរ៉េខាងត្បូង ដោយក្រុមកម្ពុជាបានធ្លាក់ចេញត្រឹមវគ្គជម្រុះនេះហើយ ក្រោយឆ្លងកាត់២ប្រកួត ចាញ់ទាំងពីរប្រកួត។ កាលពីប្រកួតទី១ ក្រុមឥណ្ឌាបានយកឈ្នះក្រុមកម្ពុជា ៣សិត០ ក្នុងពិន្ទុ២៥-១៤, ២៥-១៣ និង២៥ទល់១៩ កាលពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣។ ប្រកួតទី២ គឺក្រុមកូរ៉េខាងត្បូងបានយកឈ្នះក្រុម កម្ពុជា ដោយលទ្ធផល ៣សិត០ ដូចគ្នា ក្នុងពិន្ទុ ២៥-២៣, ២៥-១៣ និង២៥ទល់១៥។
គួរបញ្ជាក់ថា នេះជាការបោះជំហានថ្មីរបស់ក្រុមបាល់ទះជម្រើសជាតិកម្ពុជា ក្នុងព្រឹត្តិការណ៍កីឡាអាស៊ី ឡើងវិញ ដែលប្រារព្ធធ្វើឡើងរៀងរាល់៤ឆ្នាំម្តងនេះ ក្រោយពីក្រុមបាល់ទះកម្ពុជាមិនបានចូលរួមអស់រយៈពេល ៥៣ឆ្នាំ៕
ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា