លោក Felix Dalmas៖ វាជាការប្រកួតដ៏តានតឹងរវាងក្រុមកម្ពុជា និងប៉ាគីស្ថាននៃវគ្គជម្រុះជុំទី១ FIFA World Cup

ភ្នំពេញ៖ គ្រូបង្គោលក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា លោក Felix Dalmasថ្លែងក្នុងពេលដឹកនាំការហ្វឹកហាត់នៅពហុកីឡដ្ឋានជាតិមរតកតេជោ ល្ងាចថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៣ថា ការប្រកួតជម្រុះជើងទី១ នាថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៣ រវាងកម្ពុជា និងប៉ាគីស្ថាន គឺជាប្រកួតមួយមួយដ៏តានតឹង។

លោក Felix Dalmas បានបញ្ជាក់បន្ថែមយ៉ាងដូច្នេះថា៖ «ចំពោះគូប្រកួតរបស់កម្ពុជា គឺក្រុមជម្រើសជាតិប៉ាគីស្ថាន ថ្វីដ្បិតតែបច្ចុប្បន្នមានចំណាត់ថ្នាក់ពិភពលោកទាបជាងកម្ពុជាក៏ពិតមែន ដោយសារការជាប់ពិន័យកន្លងមក ប៉ុន្តែធនធានកីឡាកររបស់ប៉ាគីស្ថានមានបទពិសោធន៍ច្រើន កាយសម្បទាល្អខ្ពស់ៗ និងលេងនៅតំបន់អឺរ៉ុប បូករួមទាំងមានធនធានយុវជនល្អៗថ្មីៗមួយចំនួនទៀត ចូលរួមក្នុងក្រុមរបស់ពួកគេ។ ដូច្នេះការប្រកួតនេះ វាជាការលំបាកមួយសម្រាប់កម្ពុជា ហើយវារិតតែស្មុកស្មាញបន្ថែមទៀត គឺនៅពេលដែលក្រុមកម្ពុជានឹងត្រូវទៅប្រកួតនៅទឹកដីប៉ាគីស្ថាន សម្រាប់ការប្រកួតជើងទី២»។

បន្ថែមពីលើនេះ លោក Felix Dalmasបានលើកឡើងទៀតថា នេះជាការប្រមូលផ្តុំជាលើកទី៣ ក្នុងឱកាសដែលលោកបានមកដឹកនាំក្រុមជម្រើសជាតិជាថ្មី។ លោកមើលឃើញថា ការប្រមូលផ្តុំការប្រកួតមិត្តភាពកន្លងមក គឺលោកបានមើលឃើញពីគុណភាពកីឡាករផ្សេងៗគ្នា ហើយការប្រមូលផ្តុំត្រៀមប្រកួតជម្រុះជុំទី១ ជាមួយក្រុមជម្រើសជាតិប៉ាគីស្ថាន នាថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៣ នៅពហុកីឡដ្ឋានជាតិអូឡាំពិក គឺជាការប្រមូលផ្តុំក្នុងចំណោមសមាសភាពកីឡា ដែលមានស្រាប់។

លោកបានបញ្ជាក់យ៉ាងដូច្នេះថា៖ «យើងដឹងថា កីឡាករណាខ្លះ ដែលចង់មកទីនេះក្នុងនាមជាកីឡាករជម្រើសជាតិ ដែលគាត់ពាក់អាវក្រុមជម្រើសជាតិមានមោទនភាព និងរីករាយជាមួយក្រុមជម្រើសជាតិ។ គោលបំណងរបស់គ្រូបង្វឹកគឺយើងឱ្យមានការរីកចម្រើន ក្នុងការប្រមូលផ្តុំកីឡាករពីមួយលើកទៅមួយលើក ដោយយើងតែងតែផ្តល់ឱកាសគ្រូបង្វឹកនានាបានចូលរួមជ្រើសរើសជាមួយគ្នា។ ដូច្នេះធនធានគ្រូបង្វឹក និងកីឡាករ គឺជារឿងសំខាន់ ដែលទាំងពីរនេះត្រូវដើរទន្ទឹមគ្នា»។

ក្រុមកម្ពុជាត្រូវប្រកួតជាមួយក្រុមប៉ាគីស្ថាន វគ្គជម្រុះជុំទី១នៃព្រឹត្តិការណ៍បាល់ទាត់ពិភពលោក (FIFA WORLD CUP 2026)ដោយក្រុមជម្រើសជាតិកម្ពុជាត្រូវជួបក្រុមជម្រើសជាតិប៉ាគីស្ថាន ចំនួន២ជើង ដែលជើងទី១ នាថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៣ នៅពហុកីឡដា្ឋនជាតិអូឡាំពិក ខណៈជើងទី២នឹងប្រកួតនៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣ នៅប្រទេសប៉ាគីស្ថាន។ ក្រុមឈ្នះ១ក្រុម រវាងកម្ពុជា ឬ ប៉ាគីស្ថាន នឹងត្រូវបន្តឡើងទៅប្រកួតនៅជុំទី២ ក្នុងពូល G ជាមួយ៣ប្រទេសផ្សេងទៀត គឺក្រុម Saudi Arabia, Jordan និង Tajikistan ដែលកំពុងរង់ចាំស្រាប់។

គួរបញ្ជាក់ថា សម្រាប់សមាសភាពកីឡាករជម្រើសជាតិកម្ពុជាបឋម សរុបចំនួន២៧នាក់ មកពីក្លឹបវិសាខា ៩នាក់ បឹងកេត ៦នាក់ ភ្នំពេញក្រោន ៤នាក់ ណាហ្គាវើលដ៍ ៣នាក់ ព្រះខ័នរាជស្វាយរៀង ៣នាក់ ព្រៃវែង ម្នាក់ និង សៀង ចន្ធា មកពីក្លឹប Al Shahaniya FC ក្របខណ្ឌលំដាប់ទី២របស់ប្រទេសកាតាក្រោមកិច្ចសហការខ្ចីជើងពីក្លឹបបឹងកេត៕

ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា

Previous articleបន្ទាប់ពី Antony ចូលហ្វឹកហាត់វិញ អតីតមិត្តស្រីគាត់បានចេញសេចក្ដីថ្លែងការណ៍មួយបន្ថែមទៀត
Next articleរបួសជាបញ្ហាធ្វើអោយ លោក Mikel Arteta ឈឺក្បាល