អូស្ត្រាលី៖ ក្រុមបាល់ទាត់ភ្នំពេញក្រោនរបស់កម្ពុជាបានប្រកួតចាញ់ក្រុមម្ចាស់ផ្ទះ Macarthur FC របស់ប្រទេសអូស្រ្តាលី នៅកីឡដ្ឋាន Campbelltown ជាយក្រុងភាគខាងលិចនៃទីក្រុងស៊ីដនី ដោយលទ្ធផល ០ទល់៥ នៅក្នុងការប្រកួតកាលពីថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២៣ ជើងទី២ វគ្គជម្រុះពូល F នៃពានរង្វាន់ក្លឹបលំដាប់ទី២ ប្រចាំទ្វីបអាស៊ី (AFC Cup 2023-2024)។
៥គ្រាប់របស់ Macarthur FC ធ្វើសម្រេចនៅនាទី១៧, នាទី២០, នាទី៤០, នាទី៨១ និងនៅនាទីទី៩០។ គ្រាប់បាល់ជ័យជម្នះរបស់ Macarthur FC ក្នុងប្រកួតទី៤នេះបានធ្វើឱ្យភ្នំពេញក្រោនរបូតគ្រាប់បាល់ដំបូង ក្នុងចំណោម៤ប្រកួត ដោយឈ្នះប្រកួតដំបូង និងចាញ់នៅប្រកួតទី៤នេះ។ ជាមួយនឹងជ័យជម្នះនេះ បានធ្វើឱ្យក្រុម Macarthur FC ឡើងមកឈរលេខ១វិញ ក្នុងពូល F ខណៈ ភ្នំពេញក្រោន បានធ្លាក់មកចំណាត់ថ្នាក់លេខ២វិញ ក្រោយពីឈរនៅលេខ១ កាលពីភ្នំពេញក្រោន បានយកឈ្នះក្រុម Macarthur FC ៣ទល់០ ក្នុងការប្រកួតជើងទី១ នៅពហុកីឡដ្ឋានជាតិអូឡាំពិក រាជធានីភ្នំពេញ កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣។
កាលពីប្រកួតទី៣ ដែលក្រុមខ្លាំង Macarthur FC ក្នុងក្របខណ្ឌលីគកំពូលរបស់ប្រទេសអូស្ត្រាលី (A-League) បានប្រកួតចាញ់ក្រុមជើងឯកលីគគំពូលកម្ពុជាកម្ពុជា ឆ្នាំ២០២២ ភ្នំពេញក្រោន ក្នុងលទ្ធផល ០ទល់៣ ដែលជាការរង បរាជ័យគួរឱ្យភ្ញាក់ផ្អើលយ៉ាងខ្លាំង។ ប៉ុន្តែទោះយ៉ាងនេះក្តី Macarthur FC ធ្វើបានយ៉ាងល្អវិញ ក្នុងជំនួបជើងទី២នេះ ជាមួយភ្នំពេញក្រោន ដោយលទ្ធផលឈ្នះ ៥-០ ដោយជ័យជម្នះនេះបានធ្វើឱ្យ Macarthur FC បង្កើតក្តីសង្ឃឹមឡើងវិញ (បណ្តោះអាសន្ននៃបច្ចុប្បន្នភាព) ក្នុងការកក់កៅអីឡើងទៅវគ្គបន្ត ដោយស្វ័យប្រវត្តិ។
ក្នុងពូល F នេះដែរ ១ប្រកួតទៀត ក្រុមម្ចាស់ផ្ទះ Shan United រក្សាបានលទ្ធផលស្មើគ្នា ១ទល់១ ជាមួយក្រុម Dynamic Herb Cebu របស់ហ្វីលីពីន កាលពីថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅកីឡដ្ឋាន THUWUNNA ប្រទេសមីយ៉ាន់ម៉ា។
តារាងចំណាត់ថ្នាក់ពូល F ក្រុម Macarthur FC ឈរនៅចំណាត់ថ្នាក់លេខ១ ក្រោយឆ្លងកាត់៤ប្រកួត ឈ្នះ៣ប្រកួត និងចាញ់១ប្រកួត មាន៩ពិន្ទុ, ភ្នំពេញក្រោន ឈរលេខ២ ក្រោយឆ្លងកាត់ ៤ប្រកួត ឈ្នះ៣ប្រកួត និងចាញ់១ប្រកួតដូចគ្នា មាន៩ពិន្ទុ, Dynamic Herb Cebu របស់ហ្វីលីពីន ឈរលេខ៣ ក្រោយឆ្លងកាត់ ៤ប្រកួត ឈ្នះ១ប្រកួត ស្មើ១ប្រកួត និងចាញ់២ប្រកួត មាន៤ពិន្ទុ ខណៈក្រុម Shan United ឈរលេខ៤ ក្រោយឆ្លងកាត់ ៤ប្រកួត ស្មើ១ប្រកួត ចាញ់៣ប្រកួត មាន១ពិន្ទុ។ ៤ក្រុមក្នុងពូល F នេះ នៅសល់២ប្រកួតទៀត ដូចៗគ្នា ក្នុងនោះភ្នំពេញក្រោនរបស់កម្ពុជា ត្រូវជួបប្រកួតជាមួយ ក្រុម Dynamic Herb Cebu (ហ្វីលីពីន) នាថ្ងៃទី៣០ វិច្ឆិកា ឆ្នាំ២០២៣ នៅកីឡដ្ឋាន Smart RSN រាជធានីភ្នំពេញ និងចុងក្រោយភ្នំពេញក្រោនត្រូវប៉ះជាមួយក្រុម Shan United (មីយ៉ាន់ម៉ា) នៅកីឡដ្ឋាន THUWUNNA ប្រទេសមីយ៉ាន់ម៉ា នាថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣ ខាងមុខ។
សូមបញ្ជាក់ថា ពានរង្វាន់នេះបែងចែកជា៥តំបន់ គឺអាស៊ីខាងលិច អាស៊ីខាងកើត អាស៊ីកណ្តាល អាស៊ីខាងត្បូង និងអាស៊ីអាគេ្នយ៍ ដោយតំបន់អាស៊ីអាគ្នេយ៍នេះមាន ពូល F, G និង H ដោយ១ក្នុង១ពូលៗមាន៤ក្រុមស្មើៗគ្នា។ ក្រោយការប្រកួតបញ្ចប់ទាំងស្រុង តំបន់អាស៊ីអាគ្នេយ៍នេះ គឺក្រុមចំណាត់ថ្នាក់លេខ១ នៃពូលទាំង៣ ស្មើនឹង៣ក្រុម និងក្រុមលេខ២ល្អផ្តាច់គេ១ក្រុមនឹងបានឡើងទៅប្រកួតនៅជុំបន្ទាប់។
សម្រាប់តំបន់អាស៊ីអាស៊ីអាគ្នេយ៍ ដែលមាន៣ពូលនេះ គឺលេខ១ ក្នុងពូលទាំង៣ (ពូល F, G និង H) នឹងត្រូវឡើងទៅស្វ័យប្រវត្តិ ខណៈលេខ២ល្អផ្តាច់គេ១ក្រុម ក្នុងចំណោម៣ពូលនេះក៏បានឡើងទៅជុំបន្ទាប់ដែរ។ សម្រាប់តំណែងលេខ២ល្អផ្តាច់គេនៃតំបន់អាស៊ីអាគ្នេយ៍ (ASEAN Zone) គឺក្រុមភ្នំពេញក្រោនរបស់កម្ពុជាកំពុងក្តោបក្តាប់ចំណាត់ថ្នាក់លេខ១ មាន៩ពិន្ទុ ខណៈលេខ២ ក្រុម Terengganu របស់ម៉ាឡេស៊ី (ពូលG) មាន៨ពិន្ទុ និងក្រុម Haiphong របស់ប្រទេសវៀតណាម (ពូល H) ឈរនៅលេខ៣ មាន៦ពិន្ទុ៕
ប្រភព៖ AKP