ភ្នំពេញ៖ ឯកឧត្តម ប៉ុន សុខ អគ្គនាយក អគ្គនាយកដ្ឋានកីឡានៃក្រសួងអប់រំ យុវជនបានលើកឡើងថា ការឈ្នះមេដាយមាស ប្រាក់ និងសំរឹទ្ធ សរុបចំនួន២០គ្រឿងពីការប្រកួតកីឡាវ៉ូវីណាម ជើងឯកពិភពលោក លើកទី៧ នៅទីក្រុងហូជីមិញ ប្រទេសវៀតណាម ឆ្នាំ២០២៣ គឺជាមោទនភាពជាតិថ្មីមួយទៀត ដែលប្រភេទកីឡាវ៉ូវីណាមដណ្តើមបានឧត្តមភាពជូនជាតិ ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលនៅក្នុងឆ្នាំជាមួយគ្នា។
នេះជាការលើកឡើងរបស់ឯកឧត្តមអគ្គនាយកកីឡាក្នុងពិធីទទួលស្វាគមន៍យ៉ាងកក់ក្តៅ និងសំណេះ សំណាលលើកទឹកចិត្តដល់ប្រតិភូ គ្រូបង្វឹក កីឡាករ កីឡាការិនីវ៉ូវីណាមកម្ពុជា នៅល្ងាចថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៣ នៅមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា ក្នុងឱកាសវិលត្រឡប់មកដល់មាតុប្រទេសវិញ។
ឯកឧត្តម ប៉ុន សុខ គូសបញ្ជាក់ថា នៅពេលនេះ ប្រភេទកីឡាវ៉ូវីណាមកម្ពុជា បានចូលរួមប្រកួតជើងឯកពិភពលោក ដែលបានធ្វើឱ្យពិភពលោកបានឃើញពីសក្តានុពលរបស់កម្ពុជាបន្ថែមទៀត តាមរយៈវិស័យកីឡា។ ជាមួយគ្នានេះ ឯកឧត្តមអគ្គនាយកកីឡាបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់ប្រធានសហព័ន្ធ គ្រូបង្វឹក កីឡាករ កីឡាការិនីវ៉ូវីណាមទាំងអស់ ដែលលទ្ធផលគាប់ប្រសើរនេះបានរួមចំណែកកសាងកិត្តិយសជាតិលើឆាកអន្តរជាតិ។
«លទ្ធផលនេះ គឺជាកើតចេញពីការរួបរួមគ្នា ដើម្បីសម្រេចបាននូវសមិទ្ធផលប្រកបដោយមោទនភាពជាតិ។ ក្នុងនាមឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ក៏ដូចជាក្នុងនាមរដ្ឋលេខាធិការទទួលបន្ទុកកីឡាក៏ផ្តាំផ្ញើការសាកសួរសុខទុក្ខ និងកោតសរសើរចំពោះការខិតខំប្រឹងប្រែងមួយនេះ។ សូមធ្វើរបាយការណ៍ឱ្យបានឆាប់ ដើម្បីឱ្យនាយកដ្ឋានជំនាញរៀបចំស្នើសុំប្រាក់រង្វាន់លើកទឹកចិត្តពីរាជរដ្ឋាភិបាលកម្ពុជា»។ ឯកឧត្តម ប៉ុន សុខ បានបញ្ជាក់បន្ថែម។
ជាមួយគ្នានេះ ឯកឧត្តម អ៊ូ រតនា ប្រធានសហព័ន្ធកីឡាវ៉ូវីណាមកម្ពុជាបានបង្ហាញក្តីរីករាយចំពោះថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា និងឯកឧត្តមអគ្គនាយកកីឡា ដែលបានផ្តល់ការគាំទ្រលើកទឹកចិត្តដល់កីឡាវ៉ូវីណាមកម្ពុជា នៅក្នុងពេលនេះ ដែលអត្តពលិកវ៉ូវីណាមដណ្តើមបានលទ្ធផលល្អ និងនាំមកនូវកិត្តិយសជូនជាតិ ពីការប្រកួតកម្រិតពិភពលោក ឆ្នាំ២០២៣នេះ។ ឯកឧត្តមបញ្ជាក់ថា មេដាយសរុបចំនួន២០គ្រឿង ដែលកម្ពុជាដណ្តើមបាន គឺមានមេដាយមាស៦ មេដាយ ប្រាក់៥ និងសំរឹទ្ធ៩គ្រឿង ដោយកម្ពុជាឈរនៅចំណាត់ថ្នាក់លេខ៣ ខណៈម្ចាស់ផ្ទះវៀតណាម ឈរលេខ១ និងអាល់ស៊េរី ឈរលេខ២ នៃតារាងមេដាយ ក្នុងចំណោម៣៥ប្រទេសចូលរួម៕
ប្រភព៖ AKP