ភ្នំពេញក្រោនរកបាន៣ពិន្ទុពីក្រុមទ័ព ឡើងឈរលេខ២ ខេមបូឌានព្រីមៀរលីគ

ភ្នំពេញ៖ ក្រុមភ្ញៀវ ភ្នំពេញក្រោនប្រជែងបាន៣ពិន្ទុពីក្រុមម្ចាស់ផ្ទះ កងយោធពលខេមរភូមិន្ទ ឬហៅថាក្រុមទ័ព នៅកីឡដ្ឋានស្តាតចាស់ បន្ទាប់ពីបានយកឈ្នះ ដោយលទ្ធផល ៣-០ នៅក្នុងជំនួប យប់ថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៣ សម្រាប់ជំនួបសប្តាហ៍ទី១២ ជើងទី២ ក្របខណ្ឌខេមបូឌានព្រីមៀរលីគ រដូវកាល ២០២៣-២០២៤។

នៅក្នុងការប្រកួតដ៏ជក់ចិត្តនៃវគ្គទី១ ក្រុមភ្នំពេញក្រោនបានបើកការនាំមុខលើក្រុមម្ចាស់ផ្ទះ ទ័ព ក្នុងលទ្ធផល ២ទល់០ ហើយនៅវគ្គទី២ ក្រុមការពារដំណែងជើងឯក រដូវកាល ២០២២ មួយនេះបន្តធ្វើសម្រេចបាន១គ្រាប់បន្ថែមទៀត។ ចប់ការប្រកួតពេញម៉ោង ៩០នាទី ក្រុមភ្នំពេញក្រោនបានយកឈ្នះក្រុមទ័ព ដោយលទ្ធផលបច្ចេកទេស ៣-០។

តាមរយៈជ័យជម្នះនេះ បានធ្វើឱ្យភ្នំពេញក្រោន រកបាន៣ពិន្ទុបន្ថែម ហើយបានឡើងមកឈរនៅលេខ២ នៃតារាងពិន្ទុ ក្រោយបញ្ចប់១២ប្រកួត ឈ្នះ៨ប្រកួត ស្មើ២ប្រកួត និងចាញ់២ប្រកួត មាន២៦ពិន្ទុ ខណៈក្រុមទ័ព ឈរនៅលេខ៧បណ្តោះអាសន្ន ក្រោយឆ្លងកាត់ ១២ប្រកួត ឈ្នះ៤ប្រកួត ស្មើ១ប្រកួត និងចាញ់៧ប្រកួត មាន១៣ពិន្ទុ។ ចំពោះក្រុមកំពុងក្តោបក្តាប់ដំណែងលេខ១បណ្តោះអាសន្ន គឺព្រះខ័នរាជស្វាយរៀង ក្រោយឆ្លងកាត់១២ប្រកួត ឈ្នះ១០ប្រកួត ស្មើ១ប្រកួត និងចាញ់១ប្រកួត មាន៣១ពិន្ទុ។

អ្វីជាការកត់សម្គាល់ គឺភ្នំពេញក្រោនកំពុងបង្ហាញភាពលេចធ្លោខ្លាំងទាំងការប្រកួតសន្សំពិន្ទុ ដើម្បីការពារតំណែងជើងឯកខេមបូឌានព្រីមៀរលីគ រដូវកាល ២០២៣-២០២៤នេះ និងពានរង្វាន់ក្លឹបលំដាប់ទី២ ប្រចាំទ្វីបអាស៊ី (AFC Cup) ដែលកំពុងស្ថិតក្នុងតំណែងចំណាត់ថ្នាក់លេខ១នៃក្រុមលេខ២ល្អផ្តាច់គេប្រចាំតំបន់អាស៊ាន ដោយភ្នំពេញក្រោនរបស់កម្ពុជាមានឱកាសខ្ពស់ក្នុងការឡើងទៅប្រកួតវគ្គបន្ត បើទោះបីជា ភ្នំពេញក្រោន នៅសល់១ប្រកួតចុងក្រោយនៃវគ្គជម្រុះ ពូល F នៃពាន AFC Cup នេះក្តី៕

ប្រភព៖ AKP

Previous articleSancho កំពុងរង់ចាំរឿងមួយ ដែលអាចធ្វើអោយអនាគតគាត់នៅ Man Utd ប្រែប្រួល
Next articleArteta ត្រូវចំណាយយ៉ាងតិច ៦០លានផោន ប្រសិនជាចង់បានតារាឆ្នើម Aston Villa