សហព័ន្ធកីឡាទាញព្រ័ត្រត្រៀមស្វែងរកធនធានជើងឯកថ្នាក់ជាតិ និងពានរង្វាន់ Idol រយៈពេល៣ថ្ងៃនៅខេត្តព្រះសីហនុ

ព្រះសីហនុ៖ សហព័ន្ធ​កីឡា​ទាញព្រ័ត្រ​កម្ពុជា​បាន​ប្រកាស​រៀបចំ​ការ​ប្រកួត​កីឡា​ទាញព្រ័ត្រ​ជ្រើសរើស​ជើងឯក​ថ្នាក់​ជាតិ និង​ពានរង្វាន់ Idol លើក​ទី​១ ដែល​គ្រោង​នឹង​ដំណើរការ​ជា​ផ្លូវការ​ពី​ថ្ងៃ​ទី​១០-១២ ខែឧសភា ឆ្នាំ​២០២៤ នៅ​ទីលាន​តេ​ជោ ក្រុងព្រះសីហនុ ខេត្ត​ព្រះ​សីហ​នុ​។

នេះ​បើ​តាម​ការ​បញ្ជាក់​របស់​ឯកឧត្តម​បណ្ឌិត មាស សា​រិ​ន ប្រធាន​សហព័ន្ធ​កីឡា​ទាញព្រ័ត្រ​កម្ពុជា នៅ​ក្នុង​ឱកាស​សន្និសីទ​សារព័ត៌មាន កាលពី​ល្ងាច​ថ្ងៃ​ទី​០៨ ខែឧសភា ឆ្នាំ​២០២៤ នៅ​ទីស្នាក់ការ​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា (NOCC) រាជធានី​ភ្នំពេញ​។

ឯកឧត្តម​បណ្ឌិត មាស សា​រិ​ន មាន​ប្រសាសន៍​ថា យោង​តាម​ផែនការ​ប្រកួត​ប្រចាំឆ្នាំ​សហព័ន្ធ​កីឡា​ទាញ ព្រ័ត្រ​កម្ពុជា​នឹង​រៀបចំ​ព្រឹត្តិការណ៍​ប្រកួត​កីឡា​ទាញព្រ័ត្រ​ជ្រើសរើស​ជើងឯក​ថ្នាក់​ជាតិ និង​ពានរង្វាន់ Idol លើក​ទី​១​នេះ ឆ្នាំ​២០២៤ ក្នុង​គោលបំណង​ផ្សព្វផ្សាយ​កីឡា​ទាញព្រ័ត្រ និង​ចូលរួម​បំផុស​ឱ្យ​ប្រជាជន​ម្នាក់​លេង​កីឡា​មួយ​មុខ​ប្រចាំជីវិត ដើម្បី​ទទួល​បានការ​គាំទ្រ​ចាប់អារម្មណ៍​កាន់តែ​ច្រើន​ពី​មហាជន ក៏​ដូច​ជា​ការ​ចូលរួម​អបអរសាទរ​ខួប​លើក​ទី​៩ នៃ​ការ​បើក​បង្ហាញ​ល្បែង​ទាញព្រ័ត្រ ដែល​អង្គភាព UNESCO បាន​ដាក់​បញ្ចូល​ក្នុង​បញ្ជី​បេតិកភណ្ឌ​វប្បធម៌​អរូបី​នៃ​មនុស្សជាតិ កាលពី​ថ្ងៃ​ទី​០២ ខែធ្នូ ឆ្នាំ​២០១៥​។ ក្នុង​នោះ សហព័ន្ធ​ក៏​ត្រៀម​ជ្រើសរើស​ក្រុម​ខ្លាំង ដែល​មាន​សមត្ថភាព​ឆ្នើម​ៗ សម្រាប់​ត្រៀម​ទៅ​ចូលរួម​ព្រឹត្តិការណ៍​ប្រកួត​លក្ខណៈ​អន្តរជាតិ​នានា ទៅ​តាម​ការ​អញ្ជើញ​របស់​សហព័ន្ធ​កីឡា​ទាញព្រ័ត្រ​អន្តរជាតិ ផង​ដែរ​។

គូសបញ្ជាក់​បន្ថែម​ពីលើ​នេះ ឯកឧត្តម​បណ្ឌិត​ក៏​បាន​លើក​ឡើង​ទៀត​ថា សំខាន់​ជាង​នេះ ការ​ប្រកួត​កីឡា​ទាញព្រ័ត្រ​នេះ គឺ​ដើម្បី​សម្រួច​ទិស​ដៅ​ក៏​ដូច​ជា​ជ្រើសរើស​អត្ត​ព​លិ​ក​ឆ្នើម​ៗ សម្រាប់​ត្រៀម​ធ្វើការ​ប្រមូលផ្ដុំ​ហ្វឹកហាត់ ក្នុង​ក្រុម​ជម្រើសជាតិ នៅ​ឆ្នាំ​២០២៥ ក្នុង​ករណី​ក្រសួង​អប់រំ យុវជន និង​កីឡា​បាន​អនុញ្ញាត​សម្រាប់​ត្រៀមលក្ខណៈ​ឆ្ពោះទៅ​កាន់ការ​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម លើក​ទី​៣៣ ឆ្នាំ​២០២៥ នៅ​ថៃ​ធ្វើ​ជា​ម្ចាស់ផ្ទះ​។

យោង​តាម​បញ្ជី​ចុះ​ឈ្មោះ​របស់​សហព័ន្ធ​នឹង​មានការ​ចូលរួម​ពី​ថ្នាក់ដឹកនាំ គណៈកម្មការ​រៀបចំ អ្នកគាំទ្រ សរុប ៩៣២​នាក់ ក្នុង​នោះ​មាន​ប្រតិភូ គ្រូបង្វឹក កីឡាករ កីឡាការិនី​ចូលរួម​ប្រកួត​មាន​ចំនួន​សរុប ៣១២​នាក់​។ ចំពោះ​វិញ្ញាសា​ដាក់​ឱ្យ​ប្រកួត​មាន​៨​វិញ្ញាសា រួម​មាន​៖ វិញ្ញាសា​៨​នាក់​ទល់​៨​នាក់ ផ្នែក​បុរស ទម្ងន់ ៦០០​គីឡូក្រាម​, វិញ្ញាសា ៨​នាក់​ទល់​៨​នាក់ ផ្នែក​នារី ទម្ងន់ ៥០០​គីឡូក្រាម​, វិញ្ញាសា ៤​នាក់​ទល់​៤​នាក់ ផ្នែក​បុរស ទម្ងន់ ៣០០​គីឡូក្រាម​, វិញ្ញាសា ៤​នាក់​ទល់​៤​នាក់ ផ្នែក​នារី ទម្ងន់ ២៥០​គីឡូក្រាម​, វិញ្ញាសា​ម្នាក់​ទល់​ម្នាក់ ផ្នែក​បុរស ទម្ងន់ ៧៥​គីឡូក្រាម ខណៈ​វិញ្ញាសា​ម្នាក់​ទល់​ម្នាក់ ផ្នែក​នារី ទម្ងន់ ៦២,៥០​គីឡូក្រាម​។ រីឯ​វិញ្ញាសា​ពានរង្វាន់​សមាគម មាន​វិញ្ញាសា ៨​នាក់​ទល់​៨​នាក់ ផ្នែក​បុរស លើ​ទម្ងន់ ៦០០​គីឡូក្រាម រីឯ​ផ្នែក​នារី គឺ​វិញ្ញាសា ៨​នាក់​ទល់​៨​នាក់​ប្រកួត​លើ​ទម្ងន់ ៥០០​គីឡូក្រាម​៕

Previous articleJorginho នឹងបន្តស្នាក់នៅជាមួយក្លឹប Arsenal មួយរដូវកាលទៀត
Next articleទោះឈ្នះជើងឯកលីគកំពូលហើយក្តី ក៏ព្រះខ័នរាជស្វាយរៀង នៅតែប្រឹងប្រែងយកឈ្នះវិសាខា ៥-១ ក្នុងជំនួប Top 4